បន្ទាប់ពីប្រទេសហ្វីលីពីនបានដាក់ចេញនូវវិធានការតឹងរ៉ឹងលើការប្រើប្រាស់ថាមពល រដ្ឋាភិបាល ឥណ្ឌូនេស៊ី ក៏កំពុងពិចារណាដើរតាមផ្លូវនេះផងដែរ។ ដោយសារតែភាពតានតឹងផ្នែកនយោបាយនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ ឥណ្ឌូនេស៊ី បានរៀបចំផែនការគ្រោងអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ ឬកាត់បន្ថយថ្ងៃធ្វើការមកត្រឹម ៤ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងបង្កើនប្រសិទ្ធភាពថាមពលជាតិ។
នេះបើយោងតាមការចុះផ្សាយរបស់ Jakarta Globe លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូនេស៊ី បានបញ្ជាក់ថា ទោះបីជាគោលនយោបាយនេះមិនទាន់ប្រកាសជាផ្លូវការដូច ហ្វីលីពីន ក៏ដោយ ប៉ុន្តែវាជាជម្រើសដ៏សំខាន់ដែលអាជ្ញាធរកំពុងសិក្សាលម្អិត។ មួយរយៈមុននេះ មានប្រទេសជាច្រើនបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកលបន្ទាប់ពីជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែឡើងកម្ដៅ។ ក្នុងចំណោមនោះ ហ្វីលីពីន បានអនុវត្តការធ្វើការ ៤ថ្ងៃក្នុងមួយសប្ដាហ៍រួចទៅហើយ ដោយតម្រូវឱ្យស្ថាប័នរដ្ឋកាត់បន្ថយការប្រើប្រាស់ភ្លើង និងប្រេងឱ្យបានពី ១០% ទៅ ២០% ព្រមទាំងជំរុញឱ្យមានការប្រជុំតាមអនឡាញឱ្យបានច្រើន។
ទន្ទឹមនឹងការត្រៀមលក្ខណៈនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងជំរុញឱ្យប្រជាពលរដ្ឋ កុំមានការភ័យស្លន់ស្លោអី ព្រោះទុនបម្រុងប្រេងក្នុងស្រុកនៅមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរយៈពេល ២៣ថ្ងៃខាងមុខ។ ហើយដើម្បីការពារសន្តិសុខថាមពលឱ្យកាន់តែរឹងមាំ ឥណ្ឌូនេស៊ី មានគម្រោងសាងសង់ឃ្លាំងផ្ទុកប្រេងដែលអាចប្រើប្រាស់បានរហូតដល់ ៣ខែ និងបានបង្វែរការនាំចូលប្រេងពីតំបន់មជ្ឈិមបូព៌ា មកទិញពីសហរដ្ឋអាមេរិក អូស្រ្តាលី និងប្រេស៊ីលវិញ ដើម្បីគេចពីហានិភ័យសង្គ្រាម។
ក្រៅពីវិធានការចំពោះមុខ ឥណ្ឌូនេស៊ីក៏កំពុងសម្រុកអភិវឌ្ឍថាមពលបៃតង ដូចជាការសាងសង់រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនីឱ្យកាន់តែច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងសាំងនាពេលអនាគត៕


