ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងតែមានភាពតានតឹង ការចំណាយកាន់តែច្រើន តែចំណូលបែរជាចំណូលថយចុះ បានបង្កឱ្យមានផលប៉ះពាល់ជាច្រើនទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅរហូតធ្វើឱ្យបងប្អូនមួយចំនួនត្រូវបន្ថែមការងារ មុខរបរថ្មីៗបន្ថែមទៀតដើម្បីទប់ទល់នឹងការចំណាយ។
ហេតុដូចនេះសម្រាប់បងប្អូនដែលរស់នៅតាមបណ្តាលខេត្តនានា ប្រសិនជាមានដីនៅទំនេរកុំទុកចោល បងប្អូនអាចពិចារណាក្នុងការចិញ្ចឹមខ្យងប័របាន ខណៈលោកអុីន សំណាង បានច្នៃដីទំនេរមកចិញ្ចឹមខ្យងប័រមួយខែលក់ដាច់ជិត២០០គីឡូមិនភ័យរឿងខ្វះទីផ្សារនោះទេ។
បើតាមការផ្តល់បទសម្ភាសន៍ជាមួយចាបក្រហម លោកអុីន សំណាង ដែលម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រនៅស្រុកកៀនស្វាយ បាននិយាយថាលោកគឺជាអតីតបុគ្គលិកដែលធ្វើការបានប្រាក់ខែជិត ៣ពាន់ដុល្លារ តែលោកស៊ូបោះបង់ប្រាក់ខែនេះចោលដើម្បីមកចិញ្ចឹមខ្យងប័រនៅស្រុកកំណើតវិញព្រោះលោកពិតជាស្រលាញ់និងចូលចិត្តវិស័យកសិកម្មនេះខ្លាំងណាស់។ លោកបានបន្ថែមថា ការចិញ្ចឹមខ្យងប័រនេះគឺពិតជាងាយស្រួលចិញ្ចឹមខ្លាំងណាស់ហើយពេលនេះលោកចិញ្ចឹមបានរហូតដល់ទៅ ៤៩អាងឯណោះហើយខ្យងប័រនេះមានទីផ្សារមិនខ្វះអ្នកទិញនោះទេ។

លោកសំណាង បាននិយាយបន្តថា បើនិយាយពីជុំវិញផ្ទះរបស់លោកវិញគឺលោកមិនទុកដីចោលឱ្យទំនេរនោះទេក្រៅពីច្នៃយកទៅចិញ្ចឹមខ្យងលោកបានច្នៃដាំបន្លែជាច្រើនប្រភេទទៀត។ ហើយបើនិយាយពីខ្យងប័រវិញលោកអាចលក់បាន១គីឡូ១០ដុល្លារ ដែលបច្ចុប្បន្ននេះមានភោជនីយដ្ឋានជាច្រើនកន្លែងបានកម្មង់ទិញច្រើនណាស់ពេលខ្លះលោករកតែខ្យងប័រនេះលក់មិនចង់ទាន់ផង ពេលខ្លះ១សប្តាហ៍លោកលក់បានជិត៦០គីឡូ ចំណែកខែខ្លះទៀតលោកបានជិត១០០គីឡូផងដែរ។

លោកសំណាងបានលើកឡើងបន្ថែមថា ឆ្លងកាត់ការចិញ្ចឹមខ្យងប័ររយៈពេល៣ឆ្នាំមកនេះ លោកមើលឃើញថា លោកក៏ធ្លាប់ចិញ្ចឹមបង្កងអូស្រ្តាលី បង្កងអាមេរិកដែរតែសម្រាប់លោកមានអារម្មណ៍ថារាងពិបាកបន្តិចដែរព្រោះពេលយើងចិញ្ចឹមបង្កទាមទារប្រើប្រាស់បច្ចេកទេសច្រើនក្នុងការថែទាំងវា ដូច្នេះហើយលោកក៏ងាកមកចិញ្ចឹមខ្យងប័រវិញដូចនេះលោកឃើញថាការចិញ្ចឹមខ្យងប័រគឺងាយស្រួល មិនចំណាយច្រើនហើយការថែទាំងក៏ងាយស្រួលផងដែរ។
លោកអុីន សំណាង បានបញ្ជាក់ថា សម្រាប់បងប្អូនដែលមានដីទំនេរចោល ជាពិសេសនោះគឺបងប្អូននៅតាមខេត្តអាចច្នៃដីទំនេរសាកល្បងមកចិញ្ចឹមខ្យងប័របាន ដោយបងប្អូនចាប់ផ្តើមដំបូងត្រឹមងតែតង់មួយសិនក៏បានដែរ ប្រសិនជាបងប្អូនចិញ្ចឹមខ្យងប័របានក៏លោកជួយទិញចូលមកវិញបានដែរ ចំពោះពូជខ្យងប័រនេះដែលបើបងប្អូនចង់ទិញ១ខាំ ២ខាំសាកចិញ្ចឹមសិនក៏លោកមានលក់ដែរ ហើយបងប្អូនទិញពូជខ្យងប័រទៅចិញ្ចឹមលោកលក់ក្នុងមួយគីឡូ ៦០០០០រៀល។ ទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 097 31 11 171 ៕
“កុំច្នៃដីទំនេរចោល គួរច្នៃឱ្យចេញជាចំណូល”



