ស្ងាត់ៗ ស្រាប់តែលេចធ្លាយរូបរាងពិតរបស់ "iPhone Ultra" ម៉ូឌែលថ្មី ដែលមានបំពាក់បច្ចេកវិទ្យាអេក្រង់បត់យ៉ាងទំនើប និងប្លែកខុសពីទូរស័ព្ទបត់ដទៃទៀតនៅលើទីផ្សារបច្ចុប្បន្ន។ រូបភាពទាំងនេះកំពុងតែបង្កជាការភ្ញាក់ផ្អើមយ៉ាងខ្លាំងទៅដល់ហ្វេនរបស់ក្រុមហ៊ុន Apple ព្រោះវាបានបង្ហាញពីការវិវត្តន៍ដ៏រំភើបមួយ ដែលគ្រប់គ្នាមិននឹកស្មានថា Apple នឹងបញ្ចេញរូបរាងបែបនេះទាល់តែសោះ។ នេះបើយោងតាមការចុះផ្សាយពីភ្នាក់ងារព័ត៌មានបច្ចេកវិទ្យាល្បីៗ MacRumors ។
ជាមួយគ្នានោះដែរ បើតាមការលើកឡើងរបស់លោក Mark Gurman ដែលមកពីទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា "iPhone Ultra" បត់បាននេះ នៅតែស្ថិតនៅក្នុងផែនការសម្រាប់បង្ហាញខ្លួននៅក្នុងខែកញ្ញា ជាមួយម៉ូដែល iPhone 18 Pro ដដែល ហើយ Apple មានគោលដៅដាក់លក់វាស្របពេលគ្នា ឬយឺតជាងបន្តិចបន្តួចប៉ុណ្ណោះ។

លើសពីនេះទៅទៀត "iPhone Ultra" បត់បាននេះ នឹងប្រើប្រាស់អេក្រង់បត់ប្រភេទ OLED ទំហំ ៧.៨ អ៊ីញ ផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung។ អេក្រង់នេះប្រើប្រាស់បច្ចេកវិទ្យារចនាម៉ូដថ្មី ដែលធ្វើឱ្យអេក្រង់កាន់តែស្តើង ស្រាល និងសន្សំសំចៃថាមពលជាងមុន។ចំណែកឯគន្លឹះបត់វិញ ត្រូវបានរាយការណ៍ថានឹងផ្គត់ផ្គង់ដោយក្រុមហ៊ុន Shin Zu Shing របស់តៃវ៉ាន់ និងក្រុមហ៊ុន Amphenol របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងពីរនេះត្រូវបានគេនិយាយថា កំពុងផ្តល់ជូននូវគន្លឹះបត់ដែលផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពបែប 3D។

បន្ថែមពីលើអេក្រង់បត់របស់ "iPhone Ultra" នេះត្រូវបានគេរំពឹងថានឹងមានអេក្រង់ខាងក្រៅ ទំហំ ៥.៥ អ៊ីញ រួមជាមួយបន្ទះឈីប A20 និងម៉ូដឹម C2 របស់ Apple ផ្ទាល់ ដោយមានតម្លៃចចាមអារ៉ាមប្រហាក់ប្រហែល ២,០០០ ដុល្លារ។ ទូរស័ព្ទបត់ទម្រង់របស់ Apple នេះ អាចនឹងត្រូវដាក់ដំណើរការក្រោមឈ្មោះថា "iPhone Ultra" ដូចដែលរបាយការណ៍នានាបានលើកឡើង។

គូសបញ្ជាក់ផងដែរថា ការបង្ហាញខ្លួនរបស់ iPhone បត់បាននៅឆ្នាំ ២០២៦ នេះ គ្រាន់តែជាការបែកធ្លាយពីប្រភពដែលទុកចិត្តរបស់អន្តរជាតិប៉ុណ្ណោះ តែទោះជាយ៉ាងណា ការចេញនូវ iPhone Ultra មួយនេះ វាមិនត្រឹមតែជាការបន្ថែមផលិតផលថ្មីនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូររូបរាងដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ iPhone ដែលនឹងកំណត់អនាគតនៃឧបករណ៍ចល័តរបស់ពិភពលោក៕


