នៅមុននេះបន្ដិចអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងស្ដីពីការក្រើនរំលឹកលើការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៦ ម្ដងទៀត បន្ទាប់ពីសង្កេតឃើញថា មានម្ចាស់អលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។
បើតាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដែលចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា នេះបានឲ្យដឹងថា ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ឆ្នាំ២០២៦ នឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ។
ដូច្នេះ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លី មិនបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ មេត្តាមកបំពេញកាតព្វកិច្ចចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យឱ្យបានត្រឹមត្រូវ នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់អចលនទ្រព្យទូទាំងប្រទេសនិងរួសរាន់បង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ នៅគ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬបង់ពន្ធតាមអនឡាញតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store សម្រាប់អចលនទ្រព្យដែល ធ្លាប់បានប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក។
តាមការបញ្ជាក់បន្ថែមពីអគ្គនាយកដ្ឋានពន្ធដារ ចំពោះការបង់ពន្ធយឺត ឬការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕



