ស៊េរី​ខ្សែភាពយន្តឯកសារថ្មី​ដែលមាន​​ ៣ ភាគ ក្រោមចំណងជើងថា «លើសពីសំឡេង» នឹងត្រូវដាក់បញ្ចាំងជាផ្លូវការនៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ដោយផ្តោតសំខាន់លើប្រជាជនកម្ពុជាដែលកំពុងការពារវប្បធម៌ មហាសមុទ្រ និងសិល្បៈហត្ថកម្ម
Sreymom ChaJUNE 16 202636 views

រាជធានីភ្នំពេញ ប្រទេសកម្ពុជា 
«Human of This Planet» ដែលជាវេទិកា​​​សម្រាប់ការ​​​ចែករំលែករឿងរ៉ាវជាសកល បង្កើតឡើងដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) សហការជាមួយ «Paradyms» ដែលជាស្ទូឌីយោគំនិត​ច្នៃប្រឌិត បង្កើតឡើងដោយលោក គីអូនី ខារីយ៉ន (Keoni Carrion) បានប្រកាសជាផ្លូវការអំពីការចាក់បញ្ចាំងស៊េរី​ខ្សែភាពយន្តឯកសារ​របស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង»។ ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារ​ជាផ្លូវការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ ល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ក្នុងរាជធានីភ្នំពេញ ដោយមានវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ចូលរួមជាដៃគូផ្តល់ទីតាំង និងជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី។ រាត្រីដ៏ពិសេសនេះ នឹងនាំមកនូវការជួបជុំគ្នារវាងសហគមន៍នានាដែលមាន​វត្តមាននៅក្នុងខ្សែភាពយន្ត ​ផលិតករភាពយន្តឯករាជ្យ ព្រមទាំងសាធារណជន និងអ្នកសារព័ត៌មានផងដែរ។

Photo 2026 06 16 12 09 26

ស៊េរី​ខ្សែភាពយន្តឯកសារនេះ បង្ហាញ​​អំពីប្រជាជនកម្ពុជាដែលកំពុងការពារទឹកដី វប្បធម៌ និងសហគមន៍របស់ខ្លួន ​ដែលសាច់រឿង​ស្ដែង​ឡើង​តាមរយៈការថត​ភាពយន្ត​បែប​​ស៊ីជម្រៅ និងការចុះទៅរស់នៅផ្ទាល់ជាមួយតួអង្គ ​ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពបុគ្គលម្នាក់ៗ ដែលកំពុងបំពេញការងាររបស់ខ្លួន​​នៅ​ដាច់ឆ្ងាយពី​កែវភ្នែកសាធារណជន។

Photo 2026 06 16 12 09 20

 

ស៊េរី​ខ្សែភាពយន្ត​នេះមានចំនួន ៣ភាគ ដោយភាគនីមួយៗមានចំណងជើងដាច់ដោយឡែកពីគ្នា និងរំលេចពីជ្រុងផ្សេងៗគ្នានៃទេសភាពវប្បធម៌ដ៏រស់រវើករបស់ប្រទេសកម្ពុជា៖

ឫសគល់៖ ​ជាភាគទី១ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន 3CORsECO។ ភាគនេះ​បង្ហាញ​​ពីតួអង្គ​​ពីររូបក្នុងតំបន់ព្រៃ​នៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលកំពុងបំពេញការងារដើម្បីការពារវប្បធម៌ជនជាតិដើមភាគតិចកួយ៖ រួមមានអតីតជនភៀសខ្លួនម្នាក់ ដែលបានក្លាយខ្លួនជាស្ថាបត្យករសហគមន៍ ដោយរូបលោកបាននាំយកទាំងជំនាញ និងបទពិសោធន៍ផ្ទាល់ខ្លួន​ដែល​គាត់​ធ្លាប់​ឆ្លងកាត់​​ការផ្លាស់ប្តូរទីលំនៅមកជួយដល់សហគមន៍ជនជាតិដើមភាគតិចកួយ តាមរយៈការរចនាលំនៅឋាន សំណង់ និងការបង្កើតសហគ្រាសគ្រាប់ស្វាយចន្ទី ដែលជួយឱ្យជីវភាពរស់នៅរបស់ពួកគេនៅតែមានឫសគល់រឹងមាំនៅលើទឹកដីកំណើតរបស់ខ្លួន និងស្ត្រីវ័យក្មេងជនជាតិដើមភាគតិចកួយម្នាក់ទៀត ដែលកំពុងប្រើប្រាស់សំឡេង និងការបង្ហាញខ្លួនជាសាធារណៈដើម្បីថែរក្សាប្រពៃណីរបស់នាងឱ្យនៅរស់រវើក។

Photo 2026 06 16 12 09 14

ចរន្តទឹក៖ ​ជាភាគទី២ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Khmer Ocean Life។ ភាគនេះ​បង្ហាញ​​ពីដំណើរជីវិតរបស់ប្រជាជនកម្ពុជាពីររូប ម្នាក់មកពីខេត្តដែលគ្មានឆ្នេរសមុទ្រ និងម្នាក់ទៀតមកពីទីក្រុង ដែលបានរកឃើញផ្លូវឆ្ពោះទៅកាន់មហាសមុទ្រដោយនឹកស្មានមិនដល់ ​ស្របពេលដែលពួកគេកំពុងស្វែងរកដំណោះស្រាយចំពោះភាពស្មុគស្មាញនៃការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ផុយស្រួយនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។

Photo 2026 06 16 12 09 03

កែច្នៃឡើងវិញ៖ ​ជាភាគទី៣ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Remade in Cambodia។ ភាគនេះបង្ហាញ​​ពីអ្នករចនាម៉ូដវ័យក្មេងម្នាក់ ដែលបានបដិសេធមិនព្រមបោះបង់ក្តីស្រមៃនៅក្នុងឧស្សាហកម្មមួយដែលមិនទាន់បើកឱកាសឱ្យរូបលោក និងស្ត្រីជនជាតិខ្មែរម្នាក់ក្នុងវ័យជាង ៣០ឆ្នាំ ដែលបានបង្កើតស្ថាប័នមួយក្នុងការកែច្នៃកាកសំណល់វាយនភណ្ឌឱ្យទៅជាសម្លៀកបំពាក់ម៉ូដទាន់សម័យ។

Photo 2026 06 16 11 48 27

ពិភពលោក ៣ ដែលភាពខុសគ្នាទាំងស្រុង។ ប៉ុន្តែ សំណួរដ៏មានអត្ថន័យមួយ​ដែលចោទសួរឡើងនៅ​ក្នុង​​រឿងរ៉ាវទាំង​បី​នោះគឺ៖ តើ​យើងត្រូវការ​អ្វីខ្លះដើម្បីការពារអ្វីៗដែលមានតម្លៃបំផុតសម្រាប់យើង?

កញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) ស្ថាបនិកស្ថាប័ន Human of This Planet បានមានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកមួយដែល​គេ​​តែង​ផ្តល់តម្លៃដល់សំឡេងណា​ដែលលឺជាងគេ ពួក​យើងមានចេតនា​ជ្រើស​រើស​​​​​ស្តាប់​សំឡេងរបស់​អ្នកដែលទូលរែក​ការ​​ទទួលខុសត្រូវដ៏ធំធេង តែមិនសូវមានគេ​​លឺនិងស្គាល់។ ការនិទានរឿង​គឺបង្កប់នូវការទទួលខុសត្រូវជាប្រព័ន្ធ។ ខណៈពេលដែល​ពិភពលោក​បែរ​ទៅ​យក​ចិត្តទុកដាក់​លើ​បញ្ហានិរន្តរភាព ការផ្តោតលើការនិទានរឿងរ៉ាវផ្ទាល់ខ្លួននេះ​ ​គឺមានបំណងដើម្បី​ស្ដារ​​តុល្យភាព និង​កំណត់​ថាតើនរណាដែលគួរតែត្រូវបានគេមើលឃើញ នរណាគួរទទួលបានមូលនិធិ និងនរណាដែលគួរទទួលបានការគាំទ្រនៅថ្នាក់​​មូលដ្ឋាន»។

ការចាក់បញ្ចាំងនាថ្ងៃទី១៩ ខែមិថុនា នៅវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងបង្ហាញជូននូវខ្សែភាពយន្តទាំង ៣ភាគនេះ បន្ទាប់មកនឹងមានការពិភាក្សាដេញដោលដោយ​ក្រុម​វាគ្មិន​ ព្រមទាំងកម្មវិធី​ជជែក​កសាងបណ្ដាញ​បើកទូលាយ ជាមួយតួអង្គក្នុងខ្សែភាពយន្តឯកសារ និងក្រុមការងារផលិតផងដែរ។ ខ្សែភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំងដោយមានអក្សររត់ពីក្រោម (Subtitles) ជាភាសាអង់គ្លេស និងភាសាខ្មែរ។ ប្រសិន​អ្នក​ត្រូវការ​​ព័ត៌មានបន្ថែម និងសម្ភារផ្សព្វផ្សាយ សូមចូលទៅកាន់គេហទំព័រ beyondthenoisefilm.com។

អំពីស្ថាប័នពាក់ព័ន្ធ ​

វេទិកា Human of This Planet 
Human of This Planet គឺជាវេទិកា​​ចែករំលែករឿងរ៉ាវជាសកល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) ដែលផ្ដោត​លើ​​ការស្វែងរក និងលើកយក​រឿងរ៉ាវដែលមិនទាន់ត្រូវបានលាតត្រដាងរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈមកបង្ហាញ។ វេទិកា​ដែល​បាន​​ចាប់ផ្តើមដំបូង​នៅ​​ប្រទេសកម្ពុជានេះ ​បាននាំយករឿងរ៉ាវរបស់ប្រជាជនកម្ពុជាទៅ​បង្ហាញ​ជូន​​ទស្សនិកជនអន្តរជាតិ តាមរយៈខ្សែភាពយន្តឯកសារ និងការនិទានរឿងបែបស៊ីជម្រៅ ​ដើម្បីបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃប្រទេសមួយដែលមានភាពស្មុគស្មាញ មានភាពធន់​ និងមានភាពទាក់ទាញខ្លាំង ជាងអ្វីដែលធ្លាប់លេចឡើងក្នុងសារព័ត៌មាន។ ការងាររបស់ស្ថាប័ននេះ គឺឈរ​​លើជំនឿចិត្តយ៉ាងមុតមាំថា រឿងរ៉ាវដែលផ្តោតលើមនុស្ស​ ដែលត្រូវបាននិទានឡើងដោយការយកចិត្តទុកដាក់ខ្ពស់ និងចេញពីបេះដូងពិតៗ អាចផ្លាស់ប្តូរទស្សនវិស័យ និងជម្រុញឱ្យមានការប្រែប្រួលជាវិជ្ជមានលើបញ្ហាសំខាន់ៗ​បាន។ «Beyond the Noise» គឺជាស៊េរី​ខ្សែភាពយន្តឯកសារ​ដំបូងបង្អស់របស់វេទិកា Human of This Planet។ 

គេហទំព័រ៖ humanofthisplanet.com​ | Instagram: @humanofthisplanet

អំពីស្ទូឌីយោ Paradyms 
Paradyms គឺជាស្ទូឌីយោគំនិត​ច្នៃប្រឌិត​ដែល​ផ្ដល់​សេវា​ពេញ​លក្ខណៈ​ (Full-service creative studio) បង្កើតឡើងដោយ​ផលិតករ​ភាពយន្ត លោក គីអូនី ខារីយ៉ន (Keoni Carrion) ដោយ​ឈរ​​លើការជឿជាក់ថា ការនិទានរឿង​អាចជាកម្លាំងចលករនាំមកនូវការផ្លាស់ប្តូរ​ប្រកប​ដោយ​អត្ថន័យ​​នៅក្នុងពិភពលោក។ ដោយមានជំនាញឯកទេសលើការផលិតភាពយន្តឯកសារ មាតិកាពាណិជ្ជកម្មសម្រាប់ម៉ាកយីហោ​ និងភាពយន្តអត្ថាធិប្បាយ​ជាច្រើន​កន្លងមក ក្រុមហ៊ុន Paradyms ធ្លាប់បានសហការការងារជាមួយស្ថាប័នធំៗជាច្រើន រួមមាន HP, Rivian, Switzerland Tourism, Smile Train, Marine Conservation Cambodia, និង Khmer Ocean Life។ «Beyond the Noise» គឺជាស៊េរី​ខ្សែភាពយន្តឯកសារ​ដំបូងបង្អស់របស់ Paradyms និងជាការចាប់ផ្តើម​កិច្ចសហការច្នៃប្រឌិតបន្តបន្ទាប់ជាមួយស្ថាប័ន Human of This Planet។ 
គេហទំព័រ៖ paradyms.com

ព័ត៌មានទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន​
ផ្នែកសាកសួរព័ត៌មានទូទៅ — ក្រុមហ៊ុន Mekhala Radiant Communications
កញ្ញា Kounila Keo ​| អ៊ីមែល៖ kounila@mekha.la

ផ្នែកសាកសួរព័ត៌មានអំពីក្រុមការងារភាពយន្ត — Human of This Planet / Paradyms
កញ្ញា Cheryl Ng ​ស្ថាបនិកវេទិកា Human of This Planet
អ៊ីមែល៖ cheryl@humanofthisplanet.com | លេខទូរស័ព្ទ៖ +855 15 815 268
លោក Keoni Carrion ស្ថាបនិកស្ថាប័ន Paradyms
អ៊ីមែល៖ keoni@paradyms.com

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia