ឪពុកម្ដាយតែងតែចង់ឲ្យកូនធំឡើងធូរធារមានបាន រស់នៅមានសេរីភាពមិនរងសម្ពាធនៃលុយកាក់។ យ៉ាងណាមិញដើម្បីឲ្យកូនធំឡើងជាមួយនឹងភាពក្លាហានហើយអាចរកលុយបានច្រើន មានរឿងមួយចំនួនដែលអ្នកត្រូវតែបង្រៀនពួកគាត់តាំងពីក្មេង។
ខាងក្រោមនេះគឺជាជំនាញលុយកាក់ចំនួន៣ដែលអ្នកគួរបង្រៀនកូនៗតាំងពីក្មេង បើចង់ឲ្យកូនធំឡើងអាចធូរធារនិងមានបានដូចគេដូចឯង។
១. បង្រៀនឲ្យចេះរកលុយ
លោក Josh Dunn អ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុបានលើកឡើងថាឪពុកម្ដាយគួរណែនាំឲ្យកូនចេះរកលុយឬយល់ពីសារសំខាន់នៃការរកលុយឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ វិធីបង្រៀនឲ្យកូនចេះរកលុយរបស់លោក Josh Dunn គឺតាមរយៈឲ្យលុយប្រចាំសប្ដាហ៍ប៉ុន្ដែមិនមែនឲ្យស្រួលៗទេ។
ត្រងនេះលោកថាលោកឲ្យកូនប្រុសធ្វើកិច្ចការផ្ទះ ហើយកូនប្រុសគាត់នឹងទទួលបានលុយ១០ដុល្លារពីការធ្វើកិច្ចការផ្ទះរបស់គាត់។ ការបង្រៀនបែបនេះធ្វើក្មេងបានយល់ថាបើគេចង់បានលុយទាល់តែធ្វើការងារអ្វីមួយ ទាល់តែប្រឹងប្រែងទើបបានចំណូល។ ដូច្នេះហើយពេលធំឡើង ពួកគេនឹងខំប្រឹងប្រែងធ្វើការឬរកស៊ីដើម្បីបានចំណូលដែលធ្វើឲ្យអនាគតពួកគេនឹងកាន់តែធូរធារនិងល្អប្រសើរ។ ត្រូវចាំថាការបង្រៀនក្មេងដោយធ្វើសកម្មភាពគឺធ្វើឲ្យក្មេងឆាប់ចេះឆាប់ចាំ។
២. បង្រៀនឲ្យចេះបែងចែកឲ្យដាច់រវាងភាពចាំបាច់និងការចង់បាន
លោកស្រី Iris Wang នាយកប្រតិបត្តិនៃ World of Money បង្រៀនកូនឲ្យចេះញែកឲ្យដាច់រវាងភាពចាំបាច់និងការចង់បានដើម្បីឲ្យពួកគេចេះដឹងពីការចាយទៅលើរបស់ចាំបាច់និងការចង់បាន។
ត្រង់នេះពេលទៅផ្សារកូនប្រុសរបស់គាត់ចង់បានបាល់បោះដែលមានតម្លៃថ្លៃ លោកស្រីប្រាប់កូនប្រុសថាបើចង់បាល់បោះទាល់តែកូនកុំចាយលុយទិញការ៉ែមរយៈពេល២សប្ដាហ៍។ ការបង្រៀនកូនបែបនេះគឺធ្វើឲ្យក្មេងចេះធ្វើការសម្រេចចិត្តទៅលើការចាយលុយហើយចាយលុយលើអ្វីដែលចាំបាច់បំផុត។
ជាលទ្ធផលកូនប្រុសរបស់គាត់ចេះរៀបចំផែនការចាយលុយប្រចាំសប្ដាហ៍ ជាពិសេសកូនគាត់ចាប់ផ្ដើមចេះសន្សំនៅពេលគាត់ចង់ទិញរបស់ថ្លៃៗ។
៣. វិនិយោគឆ្លាតវៃដើម្បីកសាងទ្រព្យរយៈពេលវែង
លោក Derrick Schuler អ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុបានឲ្យដឹងថាការបង្រៀនកូនពីមូលដ្ឋានគ្រឹះនៃការវិនិយោគគឺជួយកសាងជំនាញរកចំណូលនិងសន្សំលុយ។ លោកថាក្មេងៗមនុស្សពេញវ័យខ្វះចំណេះដឹងពីការសន្សំនិងវិនិយោគ ដូច្នេះអ្នកគួរតែបណ្ដុះតាំងពីក្មេងនោះពេលពួកគេធំឡើងចង់ក្រក៏ពិបាក។
ត្រង់នេះលោកថាអ្នកអាចបង្រៀនកូនឲ្យចេះសន្សំលុយនៅធនាគារព្រោះការសន្សំនៅធនាគារគឺជាការវិនិយោគដែលមានហានិភ័យទាប។ បន្ទាប់មកអាចបង្រៀនឲ្យវិនិយោគនៅកន្លែងផ្សេងៗទៀតដូចជាភាគហ៊ុនជាដើម៕


