ជាអ្នករកស៊ី មានគេជំពាក់ច្រើន! អ្នកជំនាញណែនាំគន្លឹះពិសេស៥ ជួយការពារការជំពាក់មិនសង
SOKLY SOMARCH 1 2023865 views

បំណុលគឺជាអាវុធមុខ២ វាអាចជះទាំងផលល្អនឹងផលអាក្រក់ព្រមគ្នា មិនថាចំពោះបុគ្គល ក្រុមគ្រួសារ ឬសូម្បីតែអាជីវកម្មក៏ដោយ។ នៅក្នុងការរកស៊ី អាចនឹងពិបាកចៀសឱ្យផុតពីការជំពាក់ ឬកិច្ចព្រមព្រៀងទូទាត់ផ្សេងៗ រវាងអ្នកជាម្ចាស់ស្ថាប័នជាមួយនឹងអតិថិជន។

ពាក់ព័ន្ធនឹងការទូទាត់ ឬការជំពាក់នេះដែរ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកមានតួនាទីរក្សាបំណុលដែលគេកំពុងតែជំពាក់អ្នក មិនឱ្យក្លាយទៅជាបំណុលអាក្រក់ ព្រោះបំណុលអាក្រក់មានន័យថា កូនបំណុលរបស់អ្នកលែងមានសមត្ថភាពសង ឬលែងចង់សង ជាហេតុនាំឱ្យប៉ះពាល់ដល់អាជីវកម្មរបស់អ្នកទាំងស្រុងបាន។

ខាងក្រោមនេះជា គន្លឹះពិសេស៥ ណែនាំដោយអ្នកជំនាញពីគេហទំព័រ CR (Capital Recovery Corporation) ដែលវាអាចជួយលោកអ្នកក្នុងការប្រមូលប្រាក់ពីកូនបំណុល ព្រមទាំងការពារមិនឱ្យបំណុលទាំងនោះ ក្លាយទៅជាបំណុលអាក្រក់។

១. ផ្ដល់អាទិភាពលើការទូទាត់ជាមុន៖ ដើម្បីការពារបញ្ហាទូទាត់ប្រាក់ អ្នកគួរតែមានគោលការណ៍បង់ប្រាក់ជាមុន។ ការធ្វើបែបនេះវាក៏អាចបញ្ជាក់ពីការឱ្យតម្លៃទៅលើគុណភាពនៃផលិតផល ក៏ដូចជាសេវាកម្មដែលអ្នកកំពុងតែផ្ដល់ជូនអតិថិជនផងដែរ។

២. សម្រួលដល់កូនបំណុល៖ បើករណីគេកំពុងតែជំពាក់អ្នក តែមិនមានលទ្ធភាពសងវិញឱ្យបានគ្រប់គ្រាន់ឬទាន់ពេលវេលា អ្នកគួរតែពិចារណាចំពោះការសម្របសម្រួល។ យ៉ាងហោចណាស់អ្នកអាចសម្រួលការប្រាក់ ឬចែកចំនួនលុយដែលត្រូវបង់ប្រចាំខែឱ្យមកនៅទាបជាងមុន។ ការធ្វើបែបនេះមិនមែនគ្រាន់តែអាចសម្រួលដល់កូនបំណុលទេ វាក៏ជួយអាជីវកម្មរបស់អ្នកច្រើនដែរ​ យ៉ាងហោចណាស់អ្នកបានលុយខ្លះយកមកទប់ការចំណាយ វាប្រសើរជាមិនបានអីទាំងអស់។​

៣. ដោះស្រាយវិវាទការទូទាត់ឱ្យលឿន៖ ប្រសិនបើស្ថាប័នរបស់អ្នកនិងភាគីម្ខាងទៀត ចាប់ផ្ដើមមានបញ្ហាជាមួយនឹងការទូទាត់សាច់ប្រាក់ អ្នកគួរតែចូលខ្លួនរកដំណោះស្រាយឱ្យបានឆាប់បំផុត។ ករណីនេះអ្នកគួរនិយាយដោយខ្លួនឯងតែម្ដង មិនចាំបាច់ឱ្យបុគ្គលិកនាំពាក្យទៅមកនោះទេ។

អ្នកត្រូវដឹងថា មិនថាលុយតិចឬច្រើនឡើយ អ្នកត្រូវតែរកផ្លូវបញ្ចប់វិវាទជាមួយនឹងអតិថិជនដោយសន្តិវិធី ព្រោះថាបើមានបញ្ហាលុយជាមួយអ្នកទិញ ស្ថាប័នរបស់អ្នកអាចនឹងបាត់បង់ប្រាក់ចំណេញព្រោះតែការលក់ថយចុះ។ ដូច្នេះហើយសូមប្រយ័ត្នឱ្យមែនទែន កុំបណ្ដោយឱ្យមានបញ្ហាយូរ ជាពិសេសបញ្ហាលុយកាក់តែម្ដង។

៤. រក្សាទំនាក់ទំនងឱ្យបានល្អ៖ មធ្យោបាយពិសេសបំផុតមួយដែលអាចទប់ស្ដាត់មិនឱ្យមានបំណុលអាក្រក់ គឺការចេះរក្សាទំនាក់នងល្អជាមួយនឹងអតិថិជន។ ទំនាក់ទំនងរវាងអ្នកនឹងអតិថិជន គួរតែលើសពីទំនាក់ទំនងអ្នកទិញនិងអ្នកលក់។

សាកគិតទៅមើលបើអ្នកនឹងអតិថិជនមានទំនាក់ទំនងជិតស្និទ្ធិ រាប់អានគ្នាដូចបងប្អូន ពេលមានបញ្ហាអ្នកនឹងងាយស្រួលនិយាយជាមួយពួកគេ បើពួកគេជួបបញ្ហាគ្មានលទ្ធភាពសងអ្នក គេនឹងប្រាប់អ្នកត្រង់ៗ ហើយរកដំណោះស្រាយជាមួយគ្នា ជំនួសឱ្យការឈប់សងលុយអ្នក ឬរត់គេចជាដើម។

៥. ចាប់ដៃគូជាមួយអ្នកជំនាញ៖ ចាប់ដៃគូជាមួយភ្នាក់ងារប្រមូលបំណុលដែលមានជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតប្រព័ន្ធ និងដំណើរការប្រកបដោយប្រសិទ្ធភាព ក្រមសីលធម៌ ដើម្បីប្រមូលយកប្រាក់ពីកូនបំណុលរបស់អ្នកត្រឡប់មកវិញ។

ស្របពេលដែលមនុស្សកំពុងតែធ្លាក់ក្នុងស្ថានភាពលំបាក ការទារលុយពួកគេអាចបង្កជាវិវាទ ឬការទម្លាក់បន្ទុកលើកូនបំណុលធ្វើឱ្យគេមានសម្ពាធមិនអាចប្រឈមមុខជាមួយនឹងអ្នកបាន។ ដូច្នេះហើយដើម្បីទារលុយត្រឡប់មកវិញបាន អ្នកគួរតែត្រៀមយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ ហើយការប្រឹក្សាជាមួយអ្នកជំនាញ ឬប្រគល់តួនាទីនេះឱ្យអ្នកជំនាញ គឺជាផ្លូវចេញដ៏ល្អមួយ។

សូមជម្រាបផងដែរថា ជាអ្នករកស៊ីអ្នកត្រូវរក្សាភាពស្មោះត្រង់ ប្រកាន់សច្ចៈភាព ព្រោះថាលទ្ធផលដែលអ្នកទទួលបានមួយភាគធំគឺបានមកពីទង្វើដែលអ្នកបានសម្ដែងចេញទៅ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាបំណុលអាក្រក់ អ្នកត្រូវរក្សាទឹកចិត្តឱ្យល្អជាមួយដៃគូ ឬអតិថិជន ពេលអ្នកល្អចំពោះគេ គេនឹងមើលឃើញពីទឹកចិត្តរបស់អ្នក ហើយមិនគេចវេសពីការសងប្រាក់ត្រឡប់មកវិញឡើយ៕

អត្ថបទដោយ៖ សូ សុខលី

ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia