ការប្រឡងបាក់ឌុបគឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សវិទ្យាល័យគ្រប់រូប។ ដើម្បីទទួលបានជោគជ័យ និងនិទ្ទេសល្អឥតខ្ចោះ វាមិនមែនជា «សំណាង» នោះទេ តែវាជាលទ្ធផលនៃការរៀបចំផែនការយ៉ាងល្អិតល្អន់ និងការខិតខំប្រឹងប្រែងយ៉ាងសកម្មតាំងពីដើមឆ្នាំសិក្សា។
ថ្ងៃនេះ យើងមកសិក្សាពីបទពិសោធន៍ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់លោក សៀង លីហេង ដែលជាអតីតសិស្សឆ្នើមនិទ្ទេស A បាក់ឌុប ឆ្នាំ ២០១៩ មកពីសាលារៀន ណត្សឡាញន៍ (សាខាស្ទឹងមានជ័យ) និងជាម្ចាស់មេដាយប្រាក់គណិតវិទ្យាអន្តរជាតិ SASMO & SIMOC ឆ្នាំ ២០១៧។ បច្ចុប្បន្ន លោកក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រស្ថាបត្យកម្ម ដោយទទួលបាននិទ្ទេស A ពីមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នៅពេលវេលាកាន់តែខិតជិតមកដល់ លោក លីហេង បានចែករំលែកថា ការខិតខំប្រឹងប្រែងត្រូវធ្វើឡើងតាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែក្នុងអំឡុងពេលដ៏ខ្លី ការអនុវត្តយុទ្ធសាស្ត្រអោយចំចំណុច គឺមាន៤សំខាន់ៗ :
១. ប្រមូល និងរំលឹកវិញ្ញាសាឆ្នាំចាស់ៗ
២. ទន្ទេញបន្ថែម និងកត់ត្រាចំណុចងាយច្រឡំ
- ជីវវិទ្យា៖ ទន្ទេញមេរៀនតាមដែលអាចធ្វើបាន ជាពិសេសសំណួរដែលមិនទាន់ច្បាស់។ ដោយសារជីវវិទ្យាឧស្សាហ៍ចេញសំណួរប្រៀបធៀប គួរទន្ទេញ និងកត់ត្រាចំណុចខុសគ្នារវាងសមាសភាគនីមួយៗឱ្យបានច្បាស់ ដើម្បីបង្ការការច្រឡំពេលប្រឡង។
- ប្រវត្តិវិទ្យា៖ រំលឹកមេរៀនឡើងវិញ និងហ្វឹកហាត់ឆ្លើយសំណួរដោយការសរសេរផ្ទាល់ ដើម្បីបង្កើនល្បឿន និងភាពរលូននៃការរៀបចំគំនិត។
៣. បន្ស៊ាំ និងសម្រួលអារម្មណ៍
- ចាត់ទុកការប្រឡងជា «រឿងធម្មតា»៖ ចាប់ផ្តើមបន្ស៊ាំផ្លូវចិត្តតាំងពីការប្រឡងឆមាសទី១ និងទី២ ដោយចាត់ទុកថាការប្រឡងនៅសាលាគឺជាការប្រឡងបាក់ឌុបពិតប្រាកដ។ នៅពេលដល់ថ្ងៃប្រឡងបាក់ឌុបផ្ទាល់ វាស្មើនឹងការប្រឡងលើកទី ៤ (រួមទាំងការប្រឡងពាក់កណ្តាលឆមាសទី២) ដែលធ្វើឱ្យអារម្មណ៍លែងភ័យខ្លាច ឬតក់ស្លុត។
- គ្រប់គ្រងដង្ហើម៖ ពេលអង្គុយក្នុងបន្ទប់ប្រឡង ព្យាយាមដកដង្ហើមវែងៗ មួយៗ ដើម្បីសម្រួលសម្ពាធឈាម និងធ្វើឱ្យអារម្មណ៍ស្ងប់។
៤. រក្សាសុខភាពរាងកាយ និងស្មារតី
- បរិភោគអាហារដែលមានអាហារូបត្ថម្ភត្រឹមត្រូវ រក្សាអនាម័យ និងកាត់បន្ថយភាពស្ត្រេស។ សុខភាពមាំមួនគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការទ្រទ្រង់ការគិត។
ជាចុងក្រោយ លោក លីហេង ក៏មានសារផ្តាំផ្ញើរពីរឃ្លាដើម្បីធ្វើការក្រើនរំលឹកដល់ប្អូនៗដែលត្រៀមនឹងប្រឡងឆ្នាំនេះ និង ឆ្នាំក្រោយៗទៀតដើម្បីទទួលបានលទ្ធផលល្អ គឺ
“ពាក្យថារួចរាល់ មិនមែនជាអារម្មណ៍ទេ តែជាជម្រើស”
“បើចង់ធ្វើអ្វីមួយ ត្រូវចាប់ផ្តើមធ្វើពីថ្ងៃធម្មតា មិនមែនរង់ចាំចាប់ផ្តើមក្នុងថ្ងៃពិសេសទេ”


