បំណុលមានទាំងផលវិជ្ជមាននិងអវិជ្ជមាន អាស្រ័យទៅលើរបៀបដែលអ្នកបង្កើត និងប្រើប្រាស់វា។ ប្រសិនបើអ្នកបណ្ដោយឱ្យខ្លួនឯងកប់ខ្លួននៅក្នុងបំណុលវិលជុំ វាមិនខុសពីការយកកទៅលក្នុងអន្ទាក់ទេ បើហ៊ានតែប្រហែសបន្តិចអ្នកច្បាស់ជាទាក់កស្លាប់មិនខានឡើយ។
ជាទូទៅបំណុលវិលជុំច្រើនតែកើតចេញពី ការគ្មានលទ្ធភាពសងបំណុលហើយខ្លាចត្រូវពិន័យក៏ទៅខ្ចីពីកន្លែងផ្សេងយកទៅសង។ ឧទាហណ៍ដូចជា គ្មានលុយបង់ធនាគារក៏ទៅចងការលុយមកសងធនាគារ រួចខំរកបណ្ដោះបន្ត ដល់ពេលរកមិនសូវបាន ក៏ទៅខ្ចីពីកន្លែងណាផ្សេងមកបង់បន្តទៀត។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ គ្រូបង្គោលផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាសមាជិកក្នុងក្រុមសន្សំប្រាក់នារី អ្នកស្រី ប្រាក់ លឹមហ៊ាង បានបង្ហាញអំពី តិចនិកពិសេសមួយចំនួន ដែលអាចជួយរំដោះខ្លួនឱ្យរួចផុតពីក្នុងអន្លង់បំណុលវិលជុំ។ តិចនិកទាំងនោះរួមមាន៖
១. កត់ត្រារាល់បំណុលទាំងអស់
អ្នកស្រីលើកឡើងថា អ្នកត្រូវបង្កើតតារាង រួចសរសេរគ្រប់បំណុល និងគ្រប់ចំនួនដែលអ្នកមានទាំងអស់ចូល បន្ទាប់មករៀបតាមលំដាប់ពីបំណុលណាដែលមានការប្រាក់ខ្ពស់មកមុន។ សូមកត់ត្រាឱ្យច្បាស់ដើម្បីដឹងថា បំណុលនីមួយៗត្រូវបង់ថ្ងៃណានិងបង់ចំនួនប៉ុន្មាន ត្រូវប្រាកដថាអ្នកមិនភ្លេចដើម្បីចៀសឱ្យផុតការពិន័យនាំខាតលុយបន្ថែម។ អ្នកស្រីបញ្ជាក់ផងដែរថាអ្នកគួរតែជ្រើសរើសសងបំណុលណាដែលមានការប្រាក់ខ្ពស់បំផុតឱ្យបានមុនគេបង្អស់។
២. ព្យាយាមឱ្យមានម្ចាស់បំណុលតែ១
ដើម្បីចៀសវាងបញ្ហាច្រើន ឬម្ចាស់បំណុលច្រើនពិបាកគ្រប់គ្រង អ្នកអាចពិចារណាខ្ចីបំណុលដុំណាមួយដើម្បីមកផ្ដាច់បំណុលរាយរង ជាពិសេសបំណុលចងការ។ ប៉ុន្តែចំណុចនេះអាចធ្វើបានលុះត្រាតែអ្នកមានក្រេឌីតល្អអាចយកលុយពីស្ថាប័ន ឬធនាគារណាដែលមានការប្រាក់ល្អ។ ហើយសូមចាំដែលថាមុននឹងខ្ចីលុយពីធនាគារឬមីក្រូហិរញ្ញវត្ថុណាមួយ សូមធ្វើការសិក្សាប្រៀបធៀបឱ្យបានល្អិតល្អន់ជាមុនសិនទៅលើ អត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ។
៣. ចរចារជាមួយម្ចាស់បំណុល
សាកល្បងពិភាក្សាជាមួយនឹងម្ចាស់បំណុលដើម្បីសុំពន្យាពេល កាត់បន្ថយការប្រាក់ ឬសុំសងតែដើមវិញ។ វិធីនេះអ្នកមិនត្រូវរំលងឡើយទោះបីជាបានឬមិនបានក៏ដោយហោចណាស់ត្រូវតែខំចរចារឱ្យអស់លទ្ធភាពសិន។
៤. ខ្ចីពីមិត្តភក្ដិបងប្អូនទៅសងគេ
ប្រសិនបើអ្នកជាមួយដែលមានទំនាក់ទំនងល្អជាមួយនឹងសង្គមជុំវិញខ្លួន ហើយពួកគេជឿជាក់លើអ្នក សូមសាកល្បងខ្ចីលុយមនុស្សក្បែរខ្លួនយកទៅសងគេ។ វិធីនេះអាចជួយឱ្យអ្នកបានធូរស្រាលច្រើន ព្រោះសងគេអស់ហើយបែរមកសងបងប្អូនឯងវិញមិនភ័យរឿងការប្រាក់។ ប៉ុន្តែសូមបញ្ជាក់ថា ត្រូវតែមានភាពស្មោះត្រង់ ខំរកសងមិត្តភក្តិឬបងប្អូនវិញ ដើម្បីរក្សាកិត្តិយសឱ្យខ្លួនឯងផង និងរក្សាទំនាក់ទំនងមិត្តភាពដ៏ល្អផង។
៥. លក់ទ្រព្យសងគេ
កុំទុកទ្រព្យឱ្យនៅស្ងៀម បើអ្នកមាន មាស ពេជ្រ ដីធ្លី ម៉ូតូ ឡាន អ្នកគួរតែសម្រេចចិត្តលក់របស់ណាមួយយកលុយសងគេសិន។ ត្រូវចាំថារបស់ទ្រព្យទាំងអស់នឹងអាចរកបានមកវិញ នៅពេលដែលអ្នកចាកចេញផុតពីបំណុល ព្រោះថាបើអ្នកឱបទ្រព្យនោះទុក ហើយសំងំនៅក្នុងបំណុល មិនយូរមិនឆាប់អ្នកនឹងកាន់តែពិបាកទៅៗ ដោយសារបំណុលនឹងធ្វើឱ្យការគិតរបស់អ្នកលែងរីកចម្រើន។
៦. គ្រប់គ្រងការចំណាយ
អ្នកត្រូវតែមានទម្លាប់សន្សំសំចៃ ជាពិសេសពេលដែលកំពុងជាប់បំណុលបែបនេះ ហើយកុំរអ៊ូថាគ្មានលុយសន្សំព្រោះយកទៅសងគេអស់។ អ្នកត្រូវដឹងថាការសន្សំមានច្រើនរូបភាព ដែលចាប់ផ្ដើមឡើងពីការចាត់ចែងចំណាយឱ្យបានត្រូវខ្ទង់ ដោយការកត់ត្រារាល់ការចំណាយ រួចកាត់បន្ថយរបស់ណាដែលមិនចាំបាច់ចេញឱ្យអស់។ មួយវិញទៀតការមើលខុសត្រូវទឹកភ្លើងក្នុងផ្ទះក៏ជាការសន្សំមួយផ្នែកដែរ សូមកុំខ្ជះខ្ជាយបើកទឹកភ្លើងចោលឱសោះណា ហើយកុំភ្លេចឆ្លៀតដកប្រាក់ខែ ១០%-២០% ទុកផង ដល់ពេលបានច្រើនយកទៅផ្ដាច់បំណុលម្ដងមួយ។
៧. បង្កើនចំណូល
អ្នកអាចបង្កើតចំណូលតាមរយៈការរកការងារធ្វើបន្ថែមឱ្យស្របតាមសមត្ថភាពនិងលទ្ធភាព រួចកុំភ្លេចវិនិយោគឱ្យសោះ។ ការវិនិយោគមិនចាំបាច់ដល់តែមានលុយច្រើនទេ លុយតិចតួចក៏អាចធ្វើបានដែរ គ្រាន់តែអ្នកមានការតាំងចិត្តទៅគ្រប់គ្រាន់ហើយ។ បើដីនៅផ្ទះមានកន្លែងទំនេរអ្នកអាចដកលុយ ១០ទៅ២០ម៉ឺនទិញកូនមាន់កូនទាមកចិញ្ចឹម ពេលវាធំឡើងលក់យកលុយចំណេញខ្លះ បែបនេះក៏គេហៅថាវិនិយោគដែរ។ សូមកុំទុកលុយចោល ត្រូវប្រើវាឱ្យអស់លទ្ធភាព សូមកុំទុកកម្លាំចោល ត្រូវធ្វើអ្វីដែលអាចធ្វើបាន ដើម្បីចេញផុតពីបំណុល។
អ្នកស្រី លឹមហ៊ាង បានបញ្ជាក់ផងដែរថា “ចំណេះដឹងហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប បើអ្នកចេះពីវិធីចាត់ចែងនិងប្រើប្រាស់លុយកាក់ អ្នកនឹងអាចនាំខ្លួនឯងទៅរកជីវិតមួយដែលល្អប្រសើរ នឹងលែងឈឺក្បាលរឿងលុយ”។ សូមចាំថាគ្មានពាក្យហួសពេលនោះទេ កុំគិតថាខ្លួនអាយុច្រើនមិនអាចរៀនសូត្រ តែគួរស្រវារៀននិងស្វែងយល់គ្រប់យ៉ាងដែលខ្លួនមិនទាន់ចេះ៕


