ក្នុងនាមជាឪពុកម្តាយ ការតាមដានការលូតលាស់របស់កូនគឺជារឿងសំខាន់បំផុត។ ជួនកាលកូនមាន អាកប្បកិរិយាប្លែកៗដែលយើងគិតថា ច្បាស់ជាធំឡើងនឹងលែងបែបហ្នឹងហើយ ប៉ុន្តែវាអាចជាសញ្ញាដំបូងនៃ ជំងឺអូទីសឹម (Autism)។ ការដឹងទាន់ពេល នឹងជួយឲ្យយើងស្វែងរកវិធីជួយកូនបានកាន់តែមានប្រសិទ្ធភាព!
តោះ! មកមើល ៤ ចំណុចងាយៗសម្រាប់សង្កេតមើលកូននៅផ្ទះ៖
១. មិនសូវមើលមុខ ពេលនិយាយគ្នា
ធម្មតាក្មេងចូលចិត្តមើលមុខអ្នកដែលនិយាយជាមួយ ឬសើចដាក់។ ប៉ុន្តែក្មេងដែលមានសញ្ញាអូទីសឹម ច្រើនតែ គេចភ្នែក មើលរំលង ឬធ្វើដូចជាមិនឮនៅពេលយើងហៅឈ្មោះគាត់ ទោះជាត្រចៀកគាត់ស្ដាប់ឮធម្មតាក៏ដោយ)។
២. ពិបាកក្នុងការទាក់ទង ឬបញ្ចេញអារម្មណ៍
ក្មេងអាចនឹងនិយាយឆាប់ ឬយឺតខុសពីក្មេងដទៃ ឬនិយាយពាក្យដដែលៗដោយគ្មានន័យ។ ក្រៅពីនេះ គាត់មិនសូវចេះចង្អុលដៃបង្ហាញពីអ្វីដែលគាត់ចង់បាន ឬមិនចេះចែករំលែកស្នាមញញឹមជាមួយអ្នកជុំវិញខ្លួនឡើយ។
៣. ចូលចិត្តធ្វើសកម្មភាពដដែលៗ
កូនអាចនឹងមានទម្លាប់ប្លែកៗដូចជា៖ បង្វិលកង់ឡានប្រដាប់ប្រដាក្មេងលេងរាប់ម៉ោង, ទះដៃ ឬក្រវីដៃចុះឡើងៗមិនឈប់, ឬតម្រៀបរបស់របរជាជួរត្រង់បេះបិទ។ ប្រសិនបើមាននរណាម្នាក់ទៅផ្លាស់ប្តូររបស់ទាំងនោះ គាត់អាចនឹងខឹង ឬយំខ្លាំងៗ។
៤. ឆ្លើយតបខ្លាំងពេក ឬខ្សោយពេកទៅនឹងបរិយាកាសជុំវិញ
ក្មេងខ្លះខ្លាចសំឡេងខ្លាំងៗខុសធម្មតា (ដូចជាសំឡេងបូមធូលី ឬសំឡេងម៉ាស៊ីន) រហូតដល់ខ្ទប់ត្រចៀកយំ។ រីឯក្មេងខ្លះទៀត បែរជាមិនសូវដឹងឈឺ ចាញ់កម្ដៅ ឬចាញ់ត្រជាក់ទៅវិញ។
សារសំខាន់សម្រាប់អ្នកម្តាយ និងឪពុក៖ ប្រសិនបើកត់សម្គាល់ឃើញកូនមានសញ្ញាទាំងនេះ កុំអាលភ័យ ស្លន់ស្លោ ឬបាក់ទឹកចិត្ត! អ្វីដែលត្រូវធ្វើគឺប្រញាប់នាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកលូតលាស់កុមារ ដើម្បីទទួលបានការប្រឹក្សា និងវិធីជួយកូនបានត្រឹមត្រូវ និងទាន់ពេលវេលា។


