ឆ្នាំ២០២៦នេះ ស្ថានភាពសេដ្ឋកិច្ចហាក់មិនបង្ហាញថាធូរស្រាយឡើយ ពោលគឺស្ថានភាពសេដ្ឋកិច្ចនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដែលធ្វើឲ្យប្រជាជនទូទៅនិងម្ចាស់អាជីវកម្មពិបាកដោយសារតែរកចំណូលមិនបានដូចមុន។
ក្នុងនៅក្នុងគ្រាលំបាកដោយសារតែសេដ្ឋកិច្ចដាំក្បាលចុះ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន F.I Vision Capital បានចែករំលែកនូវការចាត់ចែងហិរញ្ញវត្ថុនិងអាជីវកម្មតាមអាទិភាពទាំង៤ដូចខាងក្រោម៖
អាទិភាពទី១៖ ការបំពេញតម្រូវចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ
បំពេញតម្រូវការចាំបាច់សម្រាប់គ្រួសាររបស់អ្នកដូចជាថ្លៃទឹកភ្លើង ហ្គាស ម្ហូបអាហារ ការធ្វើដំណើរ ថ្លៃសិក្សារបស់កូនៗ និងថ្លៃថែទាំសុខភាព និងព្យាបាលសំរាប់សមាជិកគ្រួសារទាំងមូល។ល។
អាទិភាពទី២៖ ការមើលថែអាជីវកម្ម និងបុគ្គលិកអោយបានល្អ
ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម គួរបំពេញតម្រូវការក្នុងការគ្រប់គ្រងអាជីវកម្មអោយមានស្ថិរភាព និងបើកប្រាក់ខែជូនបុគ្គលិកគ្រប់រូបអោយបានទៀងទាត់។ បុគ្គលិកគ្រប់រូបតែងផ្ញើរវាសនានឹងការងាររបស់ខ្លួនតាមរយៈការរកចំណូលប្រចាំខែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងបំពេញកាតព្វកិច្ចសងបំណុលនានា។ល។
អាទិភាពទី៣៖ ការបំពេញកាតព្វកិច្ចបំណុល
សងត្រឡប់កម្ចី និងបង់ការប្រាក់ជូនម្ចាស់បំណុលអោយបានទៀងទាត់ និងទាន់ពេលវេលាប្រសិនបើអ្នកនៅមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបន្ទាប់ពីការបំពេញកាតព្វកិច្ចដែលជាអាទិភាពទី១ និងអាទិភាពទី២រួច។
អាទិភាពទី៤៖ ការចាប់យកឱកាសវិនិយោគល្អៗ
ប្រសិនបើអ្នកនៅមានលទ្ធភាពហិរញ្ញវត្ថុបន្ទាប់ពីបំពេញកាតព្វកិច្ចតាមអាទិភាពទាំង៣ខាងលើរួច អ្នកគួរឆ្លៀតឱកាសលៃលកវិនិយោគលើអចលនទ្រព្យ អាជីវកម្មនានា ឬភាគហ៊ុននៃអាជីវកម្មដែលចុះបញ្ជីនៅផ្សារហ៊ុនហើយមានសក្តានុពលអាចបានផលចំណេញខ្ពស់នាពេលអនាគត។ ទន្ទឹមនឹងនេះដែរ អ្នកគួរទុកមូលនិធិបំរុងសំរាប់អាទិភាពទី១ ទី៣ និងទី៣ ខាងលើអោយបានយ៉ាងតិច៦ខែ ឬ១ឆ្នាំទៀតត្បិតអីស្ថានភាពសេដ្ឋកិច្ចសាកលនាពេលនេះពោរពេញដោយភាពមិនប្រាកដប្រជា។ ការឆ្លៀតឱកាសវិនិយោគក្នុងគ្រាដ៏លំបាកនេះមានអត្ថប្រយោជន៍ចម្បងៗពីរយ៉ាងគឺ ឱកាសរកប្រាក់ចំណេញបានច្រើន និងជាការចូលរួមចំណែកស្តារ និងជំរុញស្ថានភាពសេដ្ឋកិច្ចអោយមានភាពប្រសើរឡើងវិញនាពេលដ៏ខ្លីខាងមុខ៕


