កូនញៀននឹងទូរស័ព្ទ នេះជារឿងចំនួន៥ដែលឪពុកម្ដាយ ត្រូវធ្វើជាបន្ទាន់ បើចង់ឲ្យកូនល្អហើយឆ្លាត ពូកែ
Toeuy HongAUGUST 6 2026309 views

នៅក្នុងសម័យឌីជីថលនេះ រឿងដែលកូនៗអង្គុយចុចទូរស័ព្ទរាប់ម៉ោងបានក្លាយទៅជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់ឪពុកម្តាយគ្រប់រូប។ ការហាមឃាត់អាចនឹងមិនមែនជាដំណោះស្រាយល្អនោះទេ ព្រោះបច្ចេកវិទ្យាក៏អាចផ្តល់ផលប្រយោជន៍ដល់ការសិក្សាផងដែរ។ អ្វីដែលសំខាន់គឺ ការគ្រប់គ្រង និង ណែនាំ ដើម្បីកុំឱ្យកូនធ្លាក់ចូលទៅក្នុងផ្លូវខុស ឬញៀនទូរស័ព្ទខ្លាំងពេក។

 

ខាងក្រោមនេះជា តិចនិច ទាំង ៥ យ៉ាង ដែលលោកអ្នកអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាព៖

 

១. កំណត់ពេលវេលាឱ្យច្បាស់លាស់

 ម៉ាក់ៗប៉ាៗត្រូវតែកំណត់ពេលវេលាអោយបានច្បាស់លាស់ក្នុងការលេងទូរស័ព្ទ  ឧទាហរណ៍ថាកូនអាចប្រើប្រាស់ទូរស័ព្ទបាន ១ ម៉ោងបន្ទាប់ពីរៀន និងធ្វើកិច្ចការផ្ទះរួចរាល់  ហើយបង្កើតទម្លាប់  មិនមានការលេងទូរស័ព្ទនៅពេលនៅជាមួយគ្រួសារ។  មូលហេតុគឺក្មេងៗមិនទាន់មានសមត្ថភាពគ្រប់គ្រងពេលវេលាដោយខ្លួនឯងបាននៅឡើយទេ  បើគ្មាការកំណត់ច្បាស់លាស់ ពួកគេនឹងលេងរហូតដល់ប៉ះពាល់ភ្នែក និងដំណេក។ ការដែលមិនឱ្យកូនកាន់ទូរស័ព្ទនៅបន្ទប់គេងនៅពេលយប់ គជួយការពារកូនពីការលួចលេង និងជួយឱ្យខួរក្បាលបានសម្រាក ហើយមិនមានការរំខានដល់ខួរក្បាល។

 

២. ប្រើប្រាស់កម្មវិធីគ្រប់គ្រង

ត្រូវដំឡើងកម្មវិធី  Google Family Link Apple Screen Time   ដើម្បីកំណត់ម៉ោងបិទទូរស័ព្ទពីចម្ងាយ និងកំណត់ឱ្យមើលតែ YouTube Kids ឬបើកមុខងារ Restricted Mode។ ព្រោះថាពិភពអ៊ីនធឺណិតមានមាតិកាជាច្រើនទាំងល្អ និងអាក្រក់។ ការប្រើប្រាស់បច្ចេកវិទ្យាជំនួយ នឹងជួយរារាំងកូនមិនឱ្យមើលចំវីដេអូហិង្សា មាតិកាមនុស្សធំ ជាពិសេសហ្គេមតាម Online ដែលអាចជះឥទ្ធិពលអាក្រក់ដល់អារម្មណ៍ សុខភាពផ្លូវចិត្ត និងចរិតលក្ខណៈរបស់ក្មេង។

 

៣. ឪពុកម្តាយត្រូវធ្វើជាគំរូល្អជាមុនសិន

រវល់យ៉ាងណាក៏ដោយសូមទម្លាក់ទូរស័ព្ទចុះនៅពេលនិយាយលេងជាមួយកូន ពេលហូបបាយ ឬពេលដល់ម៉ោងជុំគ្រួសារ ដោយមិនមានការចុចទូរស័ព្ទនៅមុខកូន។  ក្មេងរៀនសូត្រតាមរយៈ ការមើលឃើញសកម្មភាពច្រើនជាង ការស្តាប់ពាក្យបញ្ជា។ ប្រសិនបើឪពុកម្តាយហាមកូន តែខ្លួនឯងអង្គុយចុចទូរស័ព្ទពេញមួយថ្ងៃ កូននឹងមានអារម្មណ៍ថាអយុត្តិធម៌ និងមិនព្រមស្តាប់បង្គាប់ឡើយ។ ការធ្វើជាគំរូ គឺជាវិធីបង្កើតទំនុកចិត្ត និងវិន័យដ៏មានប្រសិទ្ធភាពបំផុត។

 

៤. បង្កើតសកម្មភាពក្រៅអេក្រង់ជំនួស

រៀបចំសកម្មភាពកម្សាន្តផ្សេងៗឱ្យកូនធ្វើ ដូចជា លេងកីឡា​ ជិះកង់ ទាត់បាល់ អានសៀវភៅ គូររូប ឬឱ្យកូនចូលរួមជួយធ្វើការងារផ្ទះ និងធ្វើម្ហូបតូចតាច។​ មូលហេតុចម្បងដែលកូនទាមទារទូរស័ព្ទ គឺដោយសារតែពួកគេ អផ្សុក និងគ្មានអ្វីធ្វើ។ ការផ្តល់សកម្មភាពជំនួស មិនត្រឹមតែជួយបង្វែរអារម្មណ៍កូនចេញពីទូរស័ព្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍបំណិនជីវិត រាងកាយមាំមួន និងពង្រឹងទំនាក់ទំនងក្នុងគ្រួសារឱ្យកាន់តែជិតស្និទ្ធបានទៀតផង។

 

៥. និយាយពិភាក្សាដោយហេតុផល និងក្តីស្រឡាញ់

អង្គុយនិយាយជាមួយកូនដោយស្ងប់ស្ងាត់ ពន្យល់ពីផលប៉ះពាល់នៃការលេងទូរស័ព្ទច្រើន នាំអោយខូចភ្នែក រៀនធ្លាក់លេខ និង ឈឺក្បាល ជំនួសឱ្យការស្រែកជេរ ឬដណ្តើមទូរស័ព្ទភ្លាមៗនោះ  ការដែលប្រើប្រាស់អារម្មណ៍ ឬហិង្សា នឹងធ្វើឱ្យកូនកើតចិត្តប្រឆាំង ខឹង ស្អប់ និងលួចលេងនៅពេលយើងភ្លេចខ្លួន។ ការពន្យល់ដោយហេតុផល អាចជួយឱ្យកូនយល់ពីបំណងល្អរបស់ឪពុកម្តាយ ចេះគិតពិចារណា និងស្ម័គ្រចិត្តសហការតាមច្បាប់គ្រួសារដោយរីករាយតែម្តង។

ការផ្លាស់ប្តូរទម្លាប់របស់កូនគឺត្រូវការពេលវេលា និងការអត់ធ្មត់ខ្ពស់។ ចាប់ផ្តើមអនុវត្តបន្តិចម្តងៗដោយក្តីស្រឡាញ់ និងការយោគយល់។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia