មិនមែនចំណូលដកចំណាយឃើញចំណេញទេ! អ្នកជំនាញប្រាប់រូបមន្ត អ្នករកស៊ីគួរប្រើ បើចង់ឃើញប្រាក់ចំណេញកាន់តែច្រើន
Toeuy HongJUNE 18 202694 views

ជាទូទៅពេលអ្នករកស៊ីចង់ដឹងពីប្រាក់ចំណេញក្នុងមួយខែៗថាពួកគាត់ពួកគាត់ចំណេញឬខាត ហើយបើចំណេញតើចំណេញប៉ុន្មាន ពួកគាត់តែងតែប្រើរូបមន្តប្រពៃណីគឺយកប្រាក់ចំណូលសរុបដកនឹងចំណាយសរុប ហើយឃើញសល់ប៉ុន្មានជាប្រាក់ចំណេញ។  យ៉ាងណាមិញ ការប្រើរូបមន្តចំណូលដកចំណាយស្មើនឹងចំណេញនេះបញ្ហាត្រង់ណា ទោះរកចំណូលបានច្រើនក៏មិនឃើញចំណេញច្រើនដែរខណៈអាជីវកម្មខ្លះចំណាយកាន់តែច្រើនពេលរកចំណូលបានច្រើន។ 

 

ជុំវិញអាជីវកម្មរកប្រាក់ចំណូលបានច្រើនតែមិនឃើញប្រាក់ចំណេញឬបានចំណេញតិច លោក សាន ឫទ្ធី ស្ថាបនិក Cambodia Accounting Club – CAC បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia ថាតាមអ្វីដែលលោកបានអនុវត្តក្នុងអាជីវកម្មក៏ដូចជាបង្រៀនម្ចាស់អាជីវកម្មជាច្រើន គឺលោកប្រើរូបមន្តផ្ទុយអ្វីដែលបានរៀបរាប់ខាងលើដោយរូបមន្តលោកប្រើនោះគឺ” ចំ​ណូលដកចំណេញស្មើនឹងចំណាយ” ( ចំណូល - ចំណេញ = ចំណាយ)

 Robs

លោក សាន ឫទ្ធី ថារូបមន្ត” ចំណូល - ចំណេញ = ចំណាយ” គឺរូបមន្តមួយដ៏មានឥទ្ធិពលដែលជួយឲ្យម្ចាស់អាជីវកម្ម អ្នករកស៊ីអាចឃើញប្រាក់ចំណេញច្រើនជាងមុន ប្រសិនបើពួកគាត់អាចអនុវត្តតាមរូបមន្តនេះឲ្យបានល្អ ព្រោះរូបមន្តនេះ ធ្វើឲ្យម្ចាស់អាជីវកម្មគិតលើប្រាក់ចំណេញមុន ពោលគឺកំណត់ប្រាក់ចំណេញជាដាច់ខាតភ្លាមៗ នៅពេលដែលទទួលបានចំណូលចូលមកដោយមិនរងចាំអ៊ុតមើលនៅចុងខែឡើយ។

 J

របៀបអនុវត្តរូបមន្ត” ចំណូល - ចំណេញ = ចំណាយ” គឺងាយៗទេ។ ឧទាហរណ៍ បើអ្នកលក់ដូរបានចំណូល 10,000 ក្នុងមួយខែ ហើយអ្នកកំណត់ថាអាជីវកម្មនេះត្រូវតែមានប្រាក់ចំណេញ ២០% (2,000ដុល្លារ)។ ភ្លាមៗពេលបានចំណូល$10,000 អ្នកត្រូវដក $2,000 ទៅទុកក្នុងកុងប្រាក់ចំណេញភ្លាម។ ដូច្នេះ អ្នកសល់លុយតែ 8,000ដុល្លារ សម្រាប់រត់ការ និងបង្ខំខ្លួនឯងឲ្យគ្រប់គ្រងការចំណាយទាំងអស់ក្នុងនៅក្នុងប្រតិបត្តិការអាជីវកម្មដូចជាចំណាយថ្លៃដើមនិងចំណាយគ្រប់គ្រងទូទៅជាដើម។ ជាលទ្ធផល ម្ចាស់អាជីវកម្មនឹងសល់ប្រាក់ចំណេញ20% ដែលស្មើនឹង2,000ដុល្លារ

 

តាមពិតទៅរូបមន្ត” ចំណូល - ចំណេញ = ចំណាយ” គឺជារូបមន្តដ៏ប្រសិទ្ធភាពដែលជួយឲ្យម្ចាស់អាជីវកម្មសល់ប្រាក់ចំណេញតាមគោលដៅដែលខ្លួនបានកំណត់។ ដូច្នេះម្ចាស់អាជីវកម្មមិនជួបបញ្ហាចំណូលច្រើនតែរកប្រាក់ចំណេញមិនឃើញទៀតទេ។ ជាពិសេសរូបមន្តនេះគឺជួយបង្កើតវិន័យដល់ម្ចាស់អាជីវកម្មពោលគឺវិន័យកំណត់ប្រាក់ចំណេញនិងបង្កើនប្រាក់ចំណេញជាក់លាក់ ចៀសវាងជួបបញ្ហារកចំណូលបានច្រើនតែមិនឃើញប្រាក់ចំណេញឬជួបបញ្ហាលំហូរសាច់ប្រាក់នៅក្នុងអាជីវកម្ម

 J2

ក្រៅពីរូបមន្ត” ចំណូល - ចំណេញ = ចំណាយ” លោក សាន ឫទ្ធី ក៏បានបង្ហើបពីរូបមន្តទៀតដែលជារូបមន្តសកលនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្មគឺរូបមន្ត +1-2 ។ ត្រង់នេះដែរ តួលេខ +1 គឺមានន័យថាធ្វើម៉េចឲ្យចំណូលមានកំណើន។ ចំណែកតួលេខ -2គឺមានន័យថាដកចំណាយថ្លៃដើមនិងដកចំណាយគ្រប់គ្រងទូទៅនៅក្នុងអាជីវកម្ម។

 J3

ចំពោះរូបមន្ត +1-2 គឺម្ចាស់អាជីវកម្មអាចយកទៅអនុវត្តដើម្បីបង្កើនប្រាក់ចំណេញរបស់ខ្លួន។ ត្រងនេះដែរ អ្នកត្រូវមានទិន្នន័យពោលគឺទិន្នន័យនៃកម្រិតប្រាក់ចំណូល កម្រិតថ្លៃដើម និងកម្រិតចំណាយគ្រប់គ្រងទូទៅជាដើមក្នុងរយៈពេល៦ខែចុងក្រោយថាតើវាមានរូបរាងបែបណា។ បើមានទិន្នន័យទាំងនេះ អ្នកងាយស្រួលក្នុងការកាត់ចំណាយដើម្បីឃើញប្រាក់ចំណេញសល់ច្រើនជាងមុន។ 

 

ឧទាហរណ៍បើអ្នកមានទិន្នន័យពីប្រាក់ចំណូល ចំណាយថ្លៃដើមនិងចំណាយគ្រប់គ្រងទូទៅរយៈពេល៦ខែចុងក្រោយ នោះអ្នកនឹងដឹងថាប្រាក់ចំណូលប៉ុន្មានភាគរយ ចំណាយថ្លៃដើមប៉ុន្មានភាគរយនិងចំណាយគ្រប់គ្រងទៅទូប៉ុន្មានភាគរយ។

 

កាលណាអ្នកមានទិន្នន័យពីប្រាក់ចំណូល ចំណាយថ្លៃដើម និងចំណូាយគ្រប់គ្រងទូទៅហើយនោះ បើអ្នកមើលឃើញថាចំណាយថ្លៃដើមច្រើនពេកដែលធ្វើឲ្យអ្នករកចំណេញមិនឃើញឬចំណេញតិចពេក អ្នកអាចរកវិធីក្នុងការកាត់បន្ថយចំណាយថ្លៃដើម។  ឧទាហរណ៍បើចំណាយថ្លៃដើមយើងខ្ពស់ អ្នកអាចផ្លាស់ប្ដូរអ្នកផ្គត់ផ្គង់ឰ(Suppliers) ដែលមានតម្លៃធូរថ្លៃជាងមុន នោះវាជួយមួយផ្នែកធំក្នុងការកាត់ចំណាយថ្លៃដើមដែលធ្វើឲ្យអ្នកសល់ប្រាក់ចំណេញកាន់តែច្រើនជាងមុន

 

ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្មនេះដែរ សម្រាប់ម្ចាស់អាជីវកម្មដែលចង់ចេះពីរបៀបគ្រប់គ្រងមេគណនេយ្យនៅក្នុងអាជីវកម្មនិងគណនេយ្យករដែលចង់ក្លាយជាមេគណនេយ្យនៅក្នុងអាជីពការងារ នៅ Cambodia Accounting Club – CAC ក៏មានវគ្គបង្រៀនរៀងរាល់៣ខែម្ដងដែលបងប្អូនចាយពេលតិចហើយរៀនចេះនិងមានប្រសិទ្ធភាពខ្ពស់។ ចង់ដឹងលម្អិតពីវគ្គសិក្សានេះអាចទាក់ទងទៅផេក Cambodia Accounting Club – CAC ឬទាក់ទងទៅលេខទូរស័ព្ទ 012 401 909

J1

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia