ខូចឈ្មោះក្នុងប្រព័ន្ធCBC ពិបាកក្នុងការខ្ចីលុយធនាគារ តើគួរធ្វើបែបណា? តស់មកស្ដាប់ការបកស្រាយរបស់មេCBC
Toeuy HongMAY 13 202424.3 K views

 ពេលនិយាយដល់ការខ្ចីលុយធនាគារហើយមានការបង់សងយឺតយ៉ាវ ដែលធ្វើឲ្យអ្នកខ្ចីលុយធនាគារពិបាកទទួលបានខ្ចីទៀតបានយើងនិយមនិយាយថា”ខូចCBC”។  តាមពិតពាក្យរបស់CBC មានពាក្យពេញថា”Credit Bureau Cambodia” ហៅកាត់ថាCBC គឺជាក្រុមហ៊ុនផ្ដល់នូវប្រព័ន្ធព័ត៌មានឥណទានក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់CBC បានលើកឡើងថាពេលប្រជាជននិយាយពីពាក្យ”ខូចCBC” ប្រហែលពួកគាត់សំដៅដល់ការបង់សងយឺត ប៉ុន្ដែត្រង់នេះលោកថាពាក្យនេះយើងមិនគួរប្រើទេហើយក៏កុំបារម្ភថាខ្លាំងពេកព្រោះការខូចឈ្មោះក្នុងប្រព័ន្ធCBCមានច្រើនកម្រិត។

 លោកបន្ថែមទៀតថាមិនគួរមានពាក្យថាខូចCBCនោះទេព្រោះប្រព័ន្ធCBC គឺជាប្រព័ន្ធប្រមូលផ្ដុំរាល់ព័ត៌មានឥណទានពោលគឺទាំងព័ត៌មានបែបវិជ្ជមាននិងបែបអវិជ្ជមាន។ ដូច្នេះបើអ្នកបង់សងទាន់ពេលវលាប្រព័ន្ធនេះក៏កត់ត្រាទុកហើយបង់សងមិនទាន់ពេលវេលាប្រព័ន្ធនេះក៏កត់ត្រាទុកដូចគ្នា។

ដូច្នេះពេលប្រជាជនយើងមួយចំនួននិយាយថា”ខូចCBC” គឺប្រហែលជាពួកគាត់និយាយពីប្រវត្តិឥណទានដែលយឺតយ៉ាវក្នុងការបង់សង ហើយការយឺតយ៉ាវក្នុងការបង់សងមានច្រើនសណ្ឋានពោលគឺអ្នកខ្លះបង់សងយឺត១ថ្ងៃទី២ថ្ងៃ អ្នកខ្លះយឺត១ខែ ហើយអ្នកខ្លះយឺត២ខែ៣ខែឬយឺតច្រើនជាងនេះក៏មានដែរ។

លោកបានបង្ហើបទៀតថាជាទូទៅឥណទានដែលយឺតយ៉ាវក្នុងការបង់សងគឺអាចប៉ះពាល់ដល់លទ្ធភាពរបស់អ្នកខ្ចីលុយក្នុងការទទួលបានកម្ចីពីធនាគារលើកនៅថ្ងៃក្រោយទៀតព្រោះមុននឹងគេអនុម័តផ្ដល់កម្ចី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុតែងតែពិនិត្យមើលរបាយការណ៍ឥណទានដើម្បីស្វែងយល់ទម្លាប់ឬប្រវិត្តបង់សងរបស់អតិថិជន ដូច្នេះត្រង់នេះបើយើងមានប្រវត្តិបង់សងមិនល្អប្រហែលយើងមានលទ្ធភាពទាបជាងគេបន្តិចបើធៀបនឹងអ្នកដែលមានប្រវត្តិបង់សងល្អ។

ជាដំណោះស្រាយលោកបានបង្ហើបថានៅក្នុងករណីបង់សងយឺតយើងត្រូវកំណត់ឬរៀបចំកាលវិភាគបង់សងជាមួយធនាគារឲ្យបានល្អជាងមុន។ ត្រង់នេះបើអ្នកមានបញ្ហាបង់សង អ្នកអាចទៅពិភាក្សាជាមួយធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូដើម្បីជជែកគ្នារកដំណោះស្រាយវិធីសាស្រ្តបង់សងហើយបង់សងទៅតាមកាលវិភាគដែលបានកំណត។

លោក អឿ សុធារ័ត្នបានលើកឡើងថាចំពោះប្រវិត្តដែលបង់សងមិនល្អឬបង់សងយឺតយ៉ាវ ប្រសិនយើងរៀបចំកាលវិភាគបង់សងទៅលើកម្ចីដែលធ្លាប់បង់សងយឺតយ៉ាវហើយធ្វើការបង់សងកម្ចីដែលធ្លាប់បង់យឺតយ៉ាវនោះឲ្យអស់ហើយបង់ឲ្យទៀតទាត់ នោះរយៈពេលណាមួយប្រវិត្តដែលអ្នកបង់សងមិនល្អឬដែលយើងនិយមហៅថា”ខូចCBC” នឹងត្រូវបានលុបចេញបញ្ជីដោយស្វ័យប្រវត្តិ។ ហើយជាទូទៅវាអាចត្រូវការពេលប្រហែលពី២ទៅ៣ឆ្នាំនៅក្នុងការស្ដារប្រវិត្តបង់សងអ្នកឲ្យល្អឡើងវិញហើយអ្នកក៏លែងខូចឈ្មោះក្នុងប្រព័ន្ធCBC ទៀតហើយនិងអាចមានលទ្ធភាពខ្ចីលុយពីធនាគារបានជាធម្មតាវិញដូចដើម។

និយាយឲ្យងាយយល់ដើម្បីស្ដារកេរ្តិ៍ឈ្មោះសម្រាប់អ្នកមានប្រវិត្តបង់សងមិនល្អឲ្យមកប្រវិត្តល្អឡើងវិញដើម្បីអាចមានលទ្ធភាពខ្ចីលុយធនាគារឡើងវិញនោះគឺចាប់ពីថ្ងៃនេះអ្នកតទៅអ្នកត្រូវព្យាយាមបង់សងកម្ចីឲ្យទាន់ពេលវេលា។ ត្រង់នេះទោះបីជាអ្នកធ្លាប់មានប្រវិត្តបង់សងមិនល្អកាលពី១ឆ្នាំ២ឆ្នាំមុនក្ដីឬ បង់សងយឺត៣០ឬ៩០ថ្ងៃក៏ដោយ ចាប់ពីថ្ងៃនេះអ្នកត្រូវចាប់ផ្ដើមបង់សងឲ្យទាន់ពេលវេលានោះមិនយូរមិនឆាប់កេរ្តិ៍ឈ្មោះនឹងល្អឡើងវិញ។ ជាទូទៅនៅក្នុងវិស័យធនាគារគេមើលពីប្រវតិ្តឥណទានយើងត្រឹមតែ២ទៅ៣ឆ្នាំចុងក្រោយប៉ុណ្ណោះដូច្នេះបើអ្នកចាប់ផ្ដើមបង់សងទៀតទាត់ទាន់ពេលវេលា ប្រហែល២ទៅ៣ឆ្នាំក្រោយប្រវិត្តបង់សងអ្នកនឹងល្អឡើងវិញ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia