លក់ដូរពិបាករកម៉ូយ? ទាំងនេះ ជាយុទ្ធសាស្រ្តទាក់ទាញភ្ញៀវ ១០០ នាក់ដំបូង បើធ្វើត្រូវ លែងពិបាកទៀតហើយ
Chan SophonAUGUST 13 2026119 views

ជាការពិត ការទាក់ទាញអតិថិជន ១០០ នាក់ដំបូង គឺជាដំណាក់កាលសំខាន់បំផុត សម្រាប់អាជីវកម្មថ្មី ដើម្បីបញ្ជាក់ថា ផលិតផល ឬសេវាកម្មរបស់បងប្អូន មានតម្រូវការលើទីផ្សារពិតប្រាកដ។ ខាងក្រោមនេះជាយុទ្ធសាស្ត្រជាក់ស្តែង និងមានប្រសិទ្ធភាពដែលបងប្អូន អាចអនុវត្តបាន៖


១.ចាប់ផ្តើមពីបណ្តាញទំនាក់ទំនងជិតខ្លួន៖ ចំណុចនេះ អាចថា ចាប់ផ្ដើមបង្កើតអតិថិជនពីសាច់ញាតិ មិត្តភក្តិ និងអ្នកស្គាល់គ្នា ដោយផ្តល់ព័ត៌មានអំពីអាជីវកម្មថ្មីរបស់បងប្អូន ទៅកាន់ពួកគាត់ ដោយសុំឲ្យពួកគាត់ជួយសាកល្បង ឬជួយចែករំលែកបន្ត។ មួយវិញទៀត អាចផ្តល់តម្លៃពិសេសសម្រាប់ការសាកល្បងដំបូង ដោយបញ្ចុះតម្លៃ ឬមានកាដូអនុស្សាវរីយ៍ សម្រាប់អតិថិជន ១០-២០ នាក់ដំបូងដែលជាអ្នកជិតស្និទ្ធ ដើម្បីទទួលបានមតិរិះគន់ស្ថាបនា និងការកែល្អផ្សេងៗ។


២.ប្រើប្រាស់បណ្តាញសង្គម៖ កុំផុសតែរូបលក់ផលិតផល! បងប្អូនអាច ផុសវីដេអូ ឬអត្ថបទខ្លីៗ ដែលអប់រំ ផ្តល់ចំណេះដឹង ឬដោះស្រាយបញ្ហាដែលអតិថិជនគោលដៅកំពុងជួប។ ហើយអាច បង្ហាញពីដំណើរការផលិត ការវេចខ្ចប់ ឬរឿងរ៉ាវនៃការបង្កើតអាជីវកម្មរបស់បងប្អូន។ មនុស្សចូលចិត្តទិញអីវ៉ាន់ពីអាជីវកម្មដែលមានភាពស្មោះត្រង់ និងមានរឿងរ៉ាវនៅពីក្រោយ។


៣.ផ្តល់ការសាកល្បងដោយឥតគិតថ្លៃ៖ ប្រសិនបើជាផលិតផល ត្រូវផ្តល់កញ្ចប់សាកល្បងតូចៗ ដល់ក្រុមអតិថិជនគោលដៅ។ ប្រសិនបើជាសេវាកម្ម ត្រូវផ្តល់ការប្រឹក្សា ឬសេវាកម្មសាកល្បងដោយមិនគិតថ្លៃ ដើម្បីបង្ហាញពីសមត្ថភាព និងគុណភាពរបស់បងប្អូន។ នៅពេលពួកគាត់ពេញចិត្ត ពួកគាត់នឹងប្រែក្លាយជាអតិថិជនបង់លុយពេញសិទ្ធមិនខាន។


៤. ធ្វើការសហការ៖ បងប្អូនគួរមានការសហការជាមួយអាជីវកម្មដែលមិនមែនជាគូប្រជែង។ ដូចជាស្វែងរកអាជីវកម្ម ដែលមានក្រុមអតិថិជនដូចបងប្អូន ប៉ុន្តែមិនលក់ផលិតផលជាន់គ្នា (ឧទាហរណ៍៖ អ្នកលក់សម្លៀកបំពាក់ សហការជាមួយហាងលក់ស្បែកជើង) ដើម្បីធ្វើការប្រម៉ូសិនរួមគ្នា ឬចែកប័ណ្ណបញ្ចុះតម្លៃឲ្យគ្នាទៅវិញទៅមក។ មួយវិញទៀត ការធ្វើការជាមួយ Micro-Influencers ដោយផ្ញើផលិតផលទៅឲ្យអ្នកបង្កើតមាតិកាល្មមៗ ដែលមានអ្នកតាមដាន ១,០០០ ទៅ ១០,០០០នាក់ ដើម្បីឲ្យពួកគាត់ជួយសាកល្បង និងផ្សព្វផ្សាយ។ ពួកគាត់ច្រើនតែមានភាពជិតស្និទ្ធ និងឥទ្ធិពលខ្លាំងលើអ្នកតាមដាន។


៥.បង្កើតកម្មវិធី ណែនាំមិត្តភក្តិ៖ ផ្តល់ការលើកទឹកចិត្តដល់អតិថិជនចាស់ ដូចជា ផ្តល់ការបញ្ចុះតម្លៃ ឬកាដូពិសេស ដល់អតិថិជនបច្ចុប្បន្ន រាល់ពេលដែលពួកគាត់ណែនាំមិត្តភក្តិ ឬអ្នកស្គាល់គ្នាឲ្យមកទិញផលិតផល ឬសេវាកម្មរបស់បងប្អូន។


៦.ចូលរួមក្នុងសហគមន៍អនឡាញ៖ បងប្អូនត្រូវចូលរួមក្នុង Facebook Groups, Telegram ដើម្បីចែករំលែកបទពិសោធន៍ក្នុងក្រុម ដែលត្រូវនឹងវិស័យរបស់បងប្អូន។  នៅពេលមនុស្សទទួលស្គាល់ជំនាញរបស់បងប្អូន ពួកគាត់នឹងសួរនាំ និងទិញសេវាកម្ម ឬផលិតផលរបស់បងប្អូនដោយឯកឯង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia