ត្រូវចាំថាជីវិតធ្វើការឲ្យគេថ្ងៃណាមួយអ្នកគង់តែធុញទេ ដូច្នេះហើយមានមនុស្សជាច្រើនតែងធ្វើការឲ្យគេយកបទពិសោធន៍បន្ទាប់មកយកបទពិសោធន៍ដែលធ្វើការឲ្យគេចេញរកស៊ីខ្លួនឯងបង្កើតភាពមានបានសល់លុយ សល់ទ្រព្យជាហូរហែ។ យ៉ាណាមិញ មានអ្នកខ្លះធ្វើការរាប់ឆ្នាំតែមិនទាន់ដឹងថាចេញរកស៊ីអ្វី ហើយធ្វើការយូរតែមិនមាននិស្ស័យចេញរកស៊ី តើគួរធ្វើបែបណា ទើបអាចសល់លុយ សល់ទ្រព្យដូចអ្នករកស៊ី?
ខាងក្រោមនេះគឺជាគំនិតខ្លះៗ ដែលអ្នកអាចសាកល្បងធ្វើ បើធ្វើការរាប់ឆ្នាំហើយតែមិនទាន់ដឹងរកស៊ីអ្វី ហើយបើអ្នកតាំងចិត្តធ្វើតាមជំហានខាងក្រោមទាំងប៉ុន្មាន អ្នកនឹងសល់លុយ សល់ទ្រព្យមិនចាញ់អ្នករកស៊ីឡើយ។
១. កុំធ្វើការតាមទឹកលុយ
សូមកុំធ្វើជាបុគ្គលិកដែលធ្វើឲ្យថៅកែទឹកភ្នែក កុំធ្វើជាបុគ្គលិកបំណុល។ បុគ្គលិកបំណុលនិងបុគ្គលិកដែលធ្វើឲ្យថៅកែទឹកភ្នែកគឺជាបុគ្គលិកដែលមិនបានជួយឲ្យក្រុមហ៊ុនរីកចម្រើនឡើយ ហើយបុគ្គលិកប្រភេទនេះទោះធ្វើការរាប់ឆ្នាំក៏ចំណូលមិនកើនដែរ។ ដូច្នេះបើចង់ធ្វើការចំណូលកាន់តែកើនឡើង នៅកន្លែងធ្វើការ អ្នកត្រូវធ្វើការឲ្យខ្លាំង កុំធ្វើការតែតាមប្រាក់ខែ ព្រោះធ្វើការតែតាមប្រាក់ខែ ចំណូលមិនកើននោះទេពោលគឺបានប្រាក់ខែគោលប៉ុណ្ណោះ។
យ៉ាងណាមិញបើអ្នកធ្វើការឲ្យខ្លាំង គេដាក់ការងារ១០ អ្នកធ្វើលើសពី១០នោះ អ្នកនឹងមានឱកាសកើនចំណូលបន្ថែមក្រៅពីប្រាក់ខែគោល ដូចជាប្រាក់លើកទឹកចិត្តបន្ថែមជាដើម។ ជាពិសេសកាលណាអ្នកប្រឹងធ្វើការខ្លាំង ថៅកែនឹងមើលឃើញពីលទ្ធផលការងារ ហើយបើអ្នកធ្វើការលើសពីប្រាក់ខែ ដែលធ្វើឲ្យថៅកែមានអារម្មណ៍ថាជំពាក់លុយអ្នកនោះ អ្នកនឹងងាយមានឱកាសទទួលបានមុខតំណែងថ្មីដែលធ្វើឲ្យអ្នកទទួលបានប្រាក់ខែកាន់តែច្រើនជាងមុនដូចគ្នា។ ដូច្នេះកុំធ្វើការតាមទឹកលុយ បើចង់ចំណូលកើន។
២. បន្ថែមជំនាញថ្មីដើម្បីបង្កើនចំណូល
គេថាបើចង់មានកុំពឹងលើចំណូលតែមួយប្រភព ដូច្នេះអ្នកគួរបង្កើតចំណូលឲ្យបានច្រើនប្រភព។ ឧទាហរណ៍រាល់ថ្ងៃអ្នកជាអ្នកធ្វើការ អ្នកក៏អាចឆ្លៀតរៀនជំនាញថ្មីដែលជាជំនាញអាចបង្កើតចំណូលក្នុងរយៈពេលខ្លីបាន។ ត្រង់នេះ ឧទាហរណ៍រាល់ថ្ងៃអ្នកចេះភាសាអង់គ្លេសប៉ុន្ដែនៅស្ទើរ អ្នកអាចដុសខាត់សមត្ថភាពភាសាអង់គ្លេសបន្ថែមដើម្បីឲ្យភាសាអង់គ្លេសអ្នកកាន់តែខ្លាំងនោះអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសដើម្បីរកចំណូលបន្ថែមក្រៅពីការងារពេញម៉ោងដូចជាធ្វើជាគ្រូភាសាអង់គ្លេស ធ្វើជាអ្នកបកប្រែ នោះអ្នអាចរកចំណូលបន្ថែមក្រៅពីការងារពេញម៉ោងបាន។
មានជំនាញច្រើនណាស់ដែលអ្នកអាចរៀនបន្ថែម សំខាន់អ្នកត្រូវចេះសង្កេតមើលក្នុងទីផ្សារថាតើជំនាញមួយណាដែលផ្ដល់ឱកាសឲ្យអ្នកអាចរកចំណូលបន្ថែមបាន។ ត្រូវចាំថាបើចង់ឲ្យជីវភាពកាន់តែប្រើសើរជាងមុន អ្នកមិនគួរខ្ជិលឡើយ។ អ្នកមានគេអាចក្លាយជាអ្នកមានបានគឺគេខិតខំណាស់ទើបបង្កើតភាពមានបានដូចសព្វថ្ងៃនេះ។
៣. ចាត់ចែងសន្សំលុយ
នេះគឺជាចំណុចសំខាន់ ដែលអ្នកត្រូវយកចិត្តទុកដាក់ធ្វើ។ ក្នុងសង្គមខ្មែរយើង មានមនុស្សមិនតិចទេ ធ្វើការរាប់ឆ្នាំ ធ្វើការរកចំណូលច្រើន តែអ្វីដែលជាបញ្ហារបស់ពួកគាត់គឺធ្វើការរាប់ឆ្នាំ ចំណូលក៏ច្រើន តែមិនឃើញសល់លុយជាដុំកំភួនទាល់តែសោះ។ ជាការពិតណាស់មិនថាអ្នករកចំណូលបានច្រើនប៉ុនណានោះទេ បើអ្នកមិនចេះចាត់ចែងលុយទេនោះ ទោះរកចំណូលបានច្រើនយ៉ាងណាក៏មិនសល់ដែរ។
ត្រូវចាំថាបើអ្នកគិតថាលុយរកបានសម្រាប់តែចាយ នោះមួយជីវិតនេះអ្នកនឹងរស់នៅជួបបញ្ហាលុយកាក់រហូត គ្មានថ្ងៃក្លាយជាអ្នកមានដូចគេដូចឯងបានឡើយ។ ដូច្នេះធ្វើការរកលុយបានត្រូវចេះចាត់ចែងសន្សំលុយ ហើយសន្សំដោយមានគោលដៅច្បាស់។ បើអ្នកមិនដឹងថាតើចាត់ចែងលុយបែបណាទេនោះអាចសាកអានសៀវភៅលុយពិត របស់Business Cambodia អ្នកនឹងទទួលបានគំនិតច្រើនទាក់ទងការប្រើលុយនិងការចាត់ចែងលុយ ធ្វើឲ្យលុយអ្នកកើនជាងមុន។ ចង់ទិញសៀវភៅលុយពិតអាចឆាតទៅតេឡេក្រាម https://t.me/hangchhengH24។
៤. វិនិយោគលើចំណេះដឹង
ត្រង់នេះ បើអ្នកធ្វើការឲ្យគេរាប់ឆ្នាំ តែមិនទាន់ដឹងថារកស៊ីអ្វី ធ្វើការយូរតែមិនមាននិស្ស័យក្នុងការចេញរកស៊ី អ្នកអាចចាយលុយនិងពេលវេលាវិនិយោគលើចំណេះដឹងនៃកិច្ចការវិនិយោគលើវិស័យណាមួយ។ ឧទាហរណ៍ បើអ្នកចង់វិនិយោគលើវិស័យអលនទ្រព្យឬផ្សារហ៊ុន អ្នកអាចចាយលុយនិងពេលវេលាសិក្សាស្វែងយល់ពីការវិនិយោគអចលនទ្រព្យនិងផ្សារហ៊ុនតាមរយៈ ការអានសៀវភៅ អត្ថបទខ្លីៗ ចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយអ្នកជំនាញ សុំប្រឹក្សាយោបល់ពីអ្នកមានបទពិសោធន៍ឬរៀមច្បងដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹងពីការវិនិយោគលើអចលនទ្រព្យនិងផ្សារហ៊ុន។
មានឱកាសវិនិយោគច្រើនណាស់ដូចជា វិនិយោគលើមាស គ្រីបតូ Forex វិនិយោគក្នុងអាជីវកម្ម អចលនទ្រព្យ និងផ្សារភាគហ៊ុនជាដើម។ តែអ្វីដែលសំខាន់គឺសិក្សាស្វែងយល់ពីឱកាសវិនិយោគនីមួយៗ ព្រោះបើអ្នកវិនិយោគលើអ្វីដែលអ្នកមិនយល់នឹងមានហានិភ័យខាតបង់លុយទទេៗជាមិនខានឡើយ។ បើបងប្អូនចង់ស្វែងយល់ចំណេះដឹងពីការវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong។
៥. ចាប់ផ្ដើមវិនិយោគ
បន្ទាប់ពីអ្នកអនុវត្តន៍ចំណុចទី៤ដែលបានរៀបរាប់ខាងលើរួចហើយនោះ ជំហានបន្ទាប់គឺចាប់ផ្ដើមចូលសមរភូមិវិនិយោគជាក់ស្ដែង ហើយនេះគឺជាផ្លូវមួយ បើអ្នកធ្វើបាននោះអ្នកនឹងសល់លុយ សល់ទ្រព្យ ជាពិសេសអាចកសាងភាពមានបានមិនចាញ់អ្នករស៊ីជោគជ័យឡើយ។ អ្វីដែលអ្នកត្រូវធ្វើគឺសិក្សាពីឱកាសវិនិយោគនីមួយៗដែលបានរៀបរាប់ក្នុងចំណុចទី៤ខាងលើបន្ទាប់មកជ្រើសរើសការវិនិយោគមួយដែលអ្នកស្រលាញ់ ហើយចាប់ផ្ដើមរៀនវិនិយោគដើម្បីកសាងទ្រព្យ។ ត្រូវចាំថាធ្វើអ្វីមួយតែងមានខុស មានត្រូវ ដូច្នេះបើធ្វើខុសរៀនពីកំហុសហើយកែលម្អ រួចរកយុទ្ធសាស្រ្តថ្មីទើបអាចរីកចម្រើនទៅមុខជាលំដាប់។ ហការវិនិយោគដែលអ្នកមិនគួរមើលរំលងគឺវិនិយោគលើផ្សារហ៊ុននិងវិនិយោគលើអចលទ្រព្យ ព្រោះការវិនិយោគលើវិស័យនេះធ្វើឲ្យអ្នកអាចកសាងទ្រព្យរយៈពេលវែងឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ។
ជាចុងក្រោយខ្ញុំសូមបញ្ជាក់ផងដែរថាចំណុចទី១ដល់ទី៣គឺអ្នកត្រូវធ្វើដើម្បីសល់លុយ ហើយបន្ទាប់ពីសល់លុយហើយនោះ អ្នកអាចធ្វើចំណុចទី៤និងទី៥ នោះលុយរបស់អ្នកនឹងកាន់តែកើតកូនកើតចៅពេលនោះ ទោះអ្នកមិនបានចេញរកស៊ីក៏អាចសល់លុយ សល់ទ្រព្យមិនចាញ់អ្នករកស៊ីដែរ៕