ការធ្វើការងារក្រៅផ្ទះផង និងរៀបចំផ្ទះសម្បែងឱ្យមានសុភមង្គលផង មិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែ ស្ត្រីល្បីៗជុំវិញពិភពលោកបានបង្ហាញឱ្យយើងឃើញថា «យើងអាចធ្វើបានទាំងអស់ ប្រសិនបើចេះល្បិច និងវិធីសាស្ត្រ»។
តើពួកគាត់ធ្វើបែបណាខ្លះ? នេះជា «រូបមន្តសម្ងាត់ ៥ យ៉ាង» ដែលដកស្រង់ចេញពីបទពិសោធន៍ពិតរបស់ស្ត្រីល្បីៗ ងាយៗ ហើយយើងអាចយកមកប្រើក្នុងជីវិតប្រចាំថ្ងៃបាន៖
១. ដាច់ខាតត្រូវមាន «ម៉ោងពិសេសសម្រាប់គ្រួសារ»
មេរៀនពីលោកស្រី Michelle Obama (ភរិយាអតីតប្រធានាធិបតីអាមេរិក)
ទោះបីជាមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ លោកស្រី Michelle តែងតែដាច់ខាត «ជុំគ្នាញ៉ាំបាយល្ងាចនៅម៉ោង ៦:៣០»។ទម្លាប់ងាយៗពីលោកស្រីនៅពេលដល់ម៉ោងញ៉ាំបាយ គឺបិទការងារ បិទទូរស័ព្ទ ហើយអង្គុយជជែកគ្នាលេងជាមួយស្វាមី និងកូនៗ។ ដកពេលយ៉ាងហោចណាស់ ១ ម៉ោងក្នុងមួយថ្ងៃ បិទរឿងការងារចោល ហើយនៅជាមួយគ្រួសារឱ្យបានពេញលេញ។
២. ជ្រើសរើស «ប្តីដែលចេះជួយគ្នា» (មិនមែនទុកការងារផ្ទះឱ្យប្រពន្ធម្នាក់ឯង)
មេរៀនពីលោកស្រី Sheryl Sandberg (អតីតមេធំ Facebook)
លោកស្រីធ្លាប់និយាយថា ការសម្រេចចិត្តដ៏ធំបំផុតក្នុងជីវិតស្ត្រី គឺ «ការជ្រើសរើសគូស្រករ»។
ទម្លាប់ងាយៗ គឺជីវិតប្តីប្រពន្ធ គឺជារឿងពីរនាក់។ មិនមែនឱ្យតែការងារផ្ទះ ឬមើលថែកូន ធ្លាក់លើដៃប្រពន្ធទាំងអស់នោះទេ។ លោកស្រីតែងប្រើពេលមកអង្គុយនិយាយគ្នាយ៉ាងបើកចំហជាមួយស្វាមី ហើយចែកការងារគ្នាធ្វើ ដូចជា អ្នកនេះជួយលាងចាន អ្នកនោះជួយមើលកូន ដើម្បីកុំឱ្យហត់នឿយតែម្នាក់ឯង។
៣. ឈប់ដាក់សម្ពាធលើខ្លួនឯងថា «ត្រូវតែធ្វើឱ្យល្អឥតខ្ចោះ ១០០%»
មេរៀនពីលោកស្រី Indra Nooyi (អតីត CEO ក្រុមហ៊ុន PepsiCo)
លោកស្រីទទួលស្គាល់ត្រង់ៗថា «គ្មានអ្នកណាអាចធ្វើគ្រប់យ៉ាងឱ្យល្អឥតខ្ចោះក្នុងពេលតែមួយបានទេ»។ទម្លាប់ងាយរបស់លោកស្រីថ្ងៃខ្លះការងារប្រញាប់ ត្រូវផ្តោតលើការងារ។ មិនបាច់ខឹង ឬបន្ទោសខ្លួនឯងនៅពេលធ្វើអ្វីមួយមិនទាន់ល្អនោះទេ។ លោកស្រីនិយាយថាត្រួវទទួលយកពាក្យថា «ល្អល្មម»។
ថ្ងៃខ្លះផ្ទះរញ៉េរញ៉ៃបន្តិច ឬទិញម្ហូបស្រាប់មកញ៉ាំខ្លះ ក៏មិនមែនជាខុសឆ្គងអ្វីដែរ។
៤. កុំអៀនក្នុងការនិយាយ «ពឹងពាក់ ឬសុំជំនួយពីគេ»
មេរៀនពីតារាចម្រៀងកំពូលមហាសេដ្ឋី Beyoncé
ទោះជាល្បី និងមានលុយច្រើនយ៉ាងណាក៏ដោយ ក៏ Beyoncé ដឹងថាខ្លួនឯងមានដៃតែពីរ មិនអាចធ្វើគ្រប់យ៉ាងបានដែរ។
ទម្លាប់ងាយៗពីលោកស្រី គឹលោកស្រីតែងតែមានម្ដាយ បងប្អូន និងអ្នកចាំជួយមើលកូន និងរៀបចំកិច្ចការផ្សេងៗ នៅពេលនាងរវល់ខ្លាំង។ លោកស្រីនិយាយថាកុំធ្វើខ្លួនជា «មនុស្សពូកែរ៉ាប់រងតែម្នាក់ឯង»។ បើហត់ ត្រូវចេះពឹងសាច់ញាតិ ប្រើប្រាស់ឧបករណ៍ ឬទិញសេវាកម្មសម្រាលបន្ទុកខ្លះទៅ។
៥. បង្រៀនកូនឱ្យ «ចេះជួយខ្លួនឯង» តាំងពីក្មេង
មេរៀនពីលោកស្រី Victoria Beckham (ភរិយា David Beckham)
ទោះបីជាគ្រួសារមានបានខ្លាំងយ៉ាងណាក៏ដោយ ក៏ Victoria តែងតែបង្ខំឱ្យកូនៗធ្វើការងារផ្ទះ និងរៀបចំខោអាវដោយខ្លួនឯង។ ទម្លាប់ងាយៗគឺលោកស្រីឱ្យកូនចេះលាងចាន រៀបចំបន្ទប់ ឬបត់ខោអាវខ្លួនឯង។ ការដែលឱ្យកូនជួយធ្វើកិច្ចការផ្ទះ មិនត្រឹមតែជួយបន្ធូរបន្ទុកយើងជាម្តាយនោះទេ ប៉ុន្តែថែមទាំងបង្រៀនឱ្យកូនចេះទទួលខុសត្រូវ និងដឹងក្តីតាំងពីក្មេងទៀតផង។
ឃើញទេ? រូបមន្តរបស់ស្ត្រីល្បីៗលើពិភពលោក មិនមែនជាការធ្វើការរហូតដល់បាក់កម្លាំងនោះទេ ប៉ុន្តែជា «ការចេះបត់បែន ចេះចែករំលែកការងារ និងចេះស្រឡាញ់ខ្លួនឯង»។
នៅពេលដែលអ្នកលែងតឹងតែងនឹងខ្លួនឯង ចេះពឹងពាក់អ្នកជុំវិញខ្លួន និងចេះទុកពេលសម្រាក អ្នកនឹងអាចមើលថែទាំងការងារ និងគ្រួសារបានដោយស្នាមញញឹម និងមិនស្ដាយក្រោយឡើយ៕


