លោក Pham Nhat Vuong ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីលេខមួយនៅវៀតណាម មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ៥៥.៨ ពាន់លានដុល្លារ វ៉ាដាច់មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma និងខ្លាចាស់ភាគខាងត្បូង Li Ka Shing ថែមទៀតផង។
មិនត្រឹមមានសមត្ថភាពរកលុយ ងាកមកមើលរបៀបចិញ្ចឹមកូនវិញក៏មិនធម្មតាដែរ ត្បិតកូនៗរបស់លោកសុទ្ធតែមានតួនាទីធំ និងមានកិត្តិយសក្នុងសង្គម។ ក្នុងបទម្ភាសន៍ជាមួយកាសែត Tuoi Tre កាលពីឆ្នាំ២០២០ លោក Pham Nhat Vuong បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាច្រើនឆ្នាំមុន ពេលខ្ញុំ និងក្រុមគ្រួសាររស់នៅប្រទេសអ៊ុយក្រែន កូនៗនិងមិត្តភក្តិរបស់ពួកគេបានឆ្លៀតពេលជញ្ជូនឥដ្ឋនៅរដូវក្តៅ ហើយក្រុមទាំងមូលទទួលបាន ១០០$ក្នុងមួយលើក។ ពេលរៀនចប់ កូនៗបានចូលធ្វើការក្នុងក្រុមហ៊ុន និងមានផ្នត់គំនិតខិតខំធ្វើការខ្លាំងបំផុត»។
មហាសេដ្ឋីរូបនេះបានបន្តទៀតថា៖ «ខ្ញុំមិនបង្ខំកូនឲ្យទទួលយកការងារបន្តពីខ្ញុំឡើយ។ បើគេមិនស្រលាញ់ការងារនេះ ហើយមិនមានសមត្ថភាពធ្វើទេ គេមិនបាច់ធ្វើវាទេ ព្រោះអាជីពដ៌អស្ចារ្យត្រូវបានបង្កើតឡើងដោយមនុស្សដែលមានចំណង់ខ្លាំងនិងងប់ងល់»។
គួរជម្រាបផងដែរថា បុរសវ័យ៥៥ឆ្នាំ និងជាម្ចាស់ក្រុមហ៊ុន Vingroup រូបនេះ បានរៀបការជាមួយលោកស្រី Pham Thu Huong និងមានកូនបីនាក់ជាចំណងដៃអាពាហ៍ពិពាហ៍គឺលោក Pham Nhat Quan Anh លោក Pham Nhat Minh Hoang និងកញ្ញា Pham Nhat Minh Anh។ អ្វីដែលមិនគួរឲ្យជឿ ពួកគេទាំងបីនាក់ពុំមានភាគហ៊ុនក្នុង Vingroup ទេបើទោះបីមានឪពុកជាប្រធានក្រុមហ៊ុនក្តី ដោយពួកគេត្រូវខំប្រឹងកសាងស្នាដៃដោយខ្លួនឯង រហូតបានឡើងកាន់តំណែងធំៗក្នុងក្រុមហ៊ុន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦


