ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្ដស្វាយរៀង ខណៈក្នុងឆមាសទី១ នៃឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងខេត្ដសក្ដានុពលមួយនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងថា ចំពោះគម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥នេះ គឺមានទីតាំងស្ថិតនៅ ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានទុនវិនិយោគរហូតដល់ទៅ ៣០០លានដុល្លារអាមេរិក ជាពិសេសអាចបង្កើតឱកាសការងារជាង ២.០៦០ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ថែមទៀតផង។


គួរជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែងផងដែរ៕


