ក្រុមហ៊ុនចិន ជ្រើសយកខេត្ដ១នេះជាទីតាំងសង់សណ្ឋាគារផ្កាយ៤ ដែលមានបន្ទប់ជាង១០០
Bunthoeun KoemFEBRUARY 9 20261.2 K views

គម្រោងហ៊ុនចិន សម្រេចបោះទុនវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ ឈ្មោះថា “សណ្ឋាគារ និងរីសត រីវើគោធ្លក” ដែលមានបន្ទប់សរុបចំនួន ១០២ បន្ទប់ ដែលមានទីតាំងស្ថិតនៅនៅមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ។ ខណៈគម្រោងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគឱ្យមកបណ្ដាក់ទុន ដើម្បីបង្កើតឱកាសការងារជូនប្រជាជនក្នុងខេត្ដបន្ថែម។

 

627987243 1210160924579369 8583220341960108770 N

 

ជាក់ស្ដែងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិនិត្យលើសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ នេះផងដែរ។

 

ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនកន្លងទៅថ្មីៗនេះ ឯកឧត្ដម បានជួបពិភាក្សាជាមួយសមាគមអ្នកវិនិយោគចិន និងប្រធានសមាគមទេសចរណ៍ចិន អំពីសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តតាកែវ។

 

627295560 1210161221246006 8270152486314038555 N

 

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ខេត្តតាកែវមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹកល្អប្រសើរ ក៏ប៉ុន្តែ អ្វីដែលយើងមិនទាន់មាន គឺសណ្ឋាគារកម្រិតស្តង់ដា និងមុខម្ហូបបរទេសសម្រាប់ទទួលភ្ញៀវទេសចរណ៍អន្តរជាតិឱ្យស្នាក់នៅប្រកបដោយផាសុកភាព។

 

ឯកឧត្ដម អភិបាលខេត្ត បានថ្លែងបន្ថែមថា ក្រោយពីមានកិច្ចពិភាក្សាជាមួយអ្នកវិនិយោគចិនរួចមក ក្រុមហ៊ុនចិនមួយនឹងចុះមកសិក្សាគម្រោងសាងសង់សណ្ឋាគារផ្កាយ ៤ ដែលមានកម្ពស់ ៦ ជាន់ នៅបរិវេណមាត់បឹងតាកែវ។ សណ្ឋាគារនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តតាកែវ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia