បន្ទាប់ពីបញ្ចាប់ភាកិច្ចជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U22 ពេលនេះលោក ហុងដា ក៏បានប្រកាសបញ្ចាប់ប្រតិបត្តិការក្លឹបបាល់ទាត់របស់ខ្លួននៅខ្មែរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៧។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ហុងដា បានបង្ហោះឱ្យដឹងថា “ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ”។
លោកបានបន្តទៀតថា “ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ”។
អតីតអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិបាល់ទាត់បុរសកម្ពុជារូបនេះ បានផ្តាំផ្ញើរសារចុងក្រោយ ភ្ចាប់ជាមួយក្តីសង្ឃឹមដែរថា “ជាចុងក្រោយខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup” ៕