តម្លៃផ្ទះលំនៅឋាននៅហុងកុងបានកើនឡើងជាបន្តបន្ទាប់រយៈពេល ១១ ខែជាប់ៗគ្នាគិតត្រឹមខែមេសា ឆ្នាំ២០២៦ ដោយបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣០ ខែចុងក្រោយ ខណៈដែលតម្លៃឈ្នួលផ្ទះក៏បានហក់ឡើងដល់កំណត់ត្រាថ្មីមួយផងដែរ។
យោងតាមទិន្នន័យពីនាយកដ្ឋានវាយតម្លៃ និងវាយតម្លៃអចលនទ្រព្យ (Rating and Valuation Department) ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន South China Morning Post បានបង្ហាញថា សន្ទស្សន៍តម្លៃផ្ទះឯកជនជជុះ នៅក្នុងទីក្រុងនេះបានកើនឡើងដល់ ៣១៦.៦ ពិន្ទុ នៅក្នុងខែមេសា ឆ្នាំ២០២៦ ដែលស្មើនឹងការកើនឡើង ១០.៥១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯតម្លៃឈ្នួលផ្ទះវិញ បានកើនឡើង ០.៥៩% ដល់សន្ទស្សន៍ ២០៣.៤ ពិន្ទុពោលគឺកើនឡើង ៤.៩% ធៀបនឹងឆ្នាំមុន។

លោក Eddie Kwok នាយកប្រតិបត្តិនៃក្រុមហ៊ុនវាយតម្លៃ និងប្រឹក្សាយោបល់ CBRE ប្រចាំហុងកុងបានមានប្រសាសន៍ថា៖ «សន្ទុះដ៏ខ្លាំងក្លានៅក្នុងទីផ្សារផ្ទះថ្មី កំពុងជំរុញឱ្យមានការងើបឡើងវិញយ៉ាងទូលំទូលាយនៅទូទាំងវិស័យអចលនទ្រព្យទាំងមូល។ តម្លៃផ្ទះជជុះ (Secondary home prices) ក៏កំពុងកើនឡើងផងដែរ ដោយសារតែទំនុកចិត្តរបស់អ្នកទិញកាន់តែរីករាលដាលពេញទីផ្សារលំនៅឋាន»។
ទីផ្សារលំនៅឋានថ្មីបានបង្ហាញពីអត្រានៃការទិញយកយ៉ាងលឿន និងខ្លាំងក្លា។ បើតាមលោក Kwok តម្រូវការដែលមានស្ថិរភាព បានជួយបង្វែរអំណាចនៃការកំណត់តម្លៃត្រឡប់ទៅក្នុងដៃរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវិញ ដែលនេះស្តែងឱ្យឃើញតាមរយៈការដំឡើងថ្លៃផ្ទះនៅក្នុងគម្រោងថ្មីៗដែលទើបតែបើកលក់។
លោក Kwok បានបន្ថែមថា លំហូរចូលនៃទុនវិនិយោគជាបន្តបន្ទាប់កំពុងជួយគាំទ្រដល់ទីផ្សារនេះ។ សាច់ប្រាក់ងាយស្រួលដ៏ច្រើនលើសលប់ (Ample liquidity) កំពុងជួយជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងជួយបង្កាត់ភ្លើងនៃភាពគាំទ្រ និងសុទិដ្ឋិនិយមនៅក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន។

លោក Kwok បានបញ្ជាក់ថា៖ «ដោយសារមានការគាំទ្រពីកត្តារួមផ្សំគ្នានៃតម្រូវការដែលមានស្ថិរភាព ភាពជឿជាក់កាន់តែប្រសើរឡើង និងសាច់ប្រាក់ងាយស្រួលដ៏ច្រើន យើងរំពឹងថាតម្លៃអចលនទ្រព្យលំនៅឋានសរុបនឹងកត់ត្រាការកើនឡើងប្រហែលពី ៨% ទៅ ១០% សម្រាប់ពេញមួយឆ្នាំនេះ ជាមួយនឹងនិន្នាការរីកចម្រើនប្រកបដោយភាពចាស់ទុំ និងវិជ្ជមាន»។
ការងើបឡើងវិញនៃទីផ្សារលំនៅឋានរបស់ហុងកុង បានធ្វើឱ្យធនាគារវិនិយោគ Morgan Stanley របស់អាមេរិក ដំឡើងការព្យាករណ៍របស់ខ្លួនលើការកើនឡើងតម្លៃផ្ទះសម្រាប់ឆ្នាំនេះពី ១០% ទៅ ១២% វិញ។ ធនាគារវិនិយោគនេះក៏រំពឹងដែរថា តម្លៃផ្ទះនៅហុងកុងនឹងបន្តកើនឡើង ៥% បន្ថែមទៀតនៅឆ្នាំបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard។
ចំណែកឯក្រុមហ៊ុនវាយតម្លៃឥណទាន Moody's បានលើកឡើងថា តម្លៃផ្ទះបានងើបឡើងវិញតាំងពីពាក់កណ្តាលឆ្នាំ ២០២៥ មកម្ល៉េះ ដោយសារទទួលបានការគាំទ្រពីអត្រាការប្រាក់កម្ចីទិញផ្ទះដែលមានកម្រិតទាបជាងមុន និងតម្រូវការទិញពីសំណាក់អ្នកទិញមកពីប្រទេសចិនដីគោក។
ទោះបីជាមានការមើលឃើញក្នុងផ្លូវល្អ និងវិជ្ជមានជុំវិញទីផ្សារអចលនទ្រព្យហុងកុងក៏ដោយ ក៏មានអ្នកវិភាគម្នាក់បានលើកឡើងថា កំណើននេះអាចនឹងថយចុះល្បឿននៅចុងឆ្នាំនេះ ដោយសារតែការដំឡើងអត្រាការប្រាក់។
លោក Norry Lee នាយកជាន់ខ្ពស់នៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ និងអចលនទ្រព្យសកល JLL បានមានប្រសាសន៍ថា៖ «ជារួម ទស្សនវិស័យនៃទីផ្សារលំនៅឋាននៅតែមានភាពវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារអត្រាការប្រាក់អាចនឹងកើនឡើង ការកើនឡើងអត្រាការប្រាក់លឿនពេកអាចនឹងធ្វើឱ្យកំណើនតម្លៃផ្ទះថយចុះនៅឆមាសទីពីរនៃឆ្នាំនេះ ដែលធ្វើឱ្យកំណើនរបស់វាអាចនឹងទាបជាងឆមាសទីមួយ។ ក្នុងពេលជាមួយគ្នានេះ ដោយសារមានការគាំទ្រពីកម្មវិធីទាក់ទាញអ្នកមានសមត្ថភាពតម្លៃឈ្នួលលំនៅឋានត្រូវបានគេរំពឹងថានឹងបន្តកើនឡើង និងឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ»៕


