បច្ចុប្បន្ន ការធ្វើកសិកម្មនៅផ្ទះ ដែលទាមទារផ្ទៃដីតូច និងអាចរកចំណូលបានទៀងទាត់ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។ មុខរបរទាំងនេះមិនទាមទារឲ្យអ្នក ត្រូវតែមានកសិដ្ឋានធំ ឬទាល់តែចេញទៅធ្វើនៅក្រៅផ្ទះនោះទេ ដោយគ្រាន់តែមាន ទីធ្លាតូចល្មមមួយ និងបច្ចេកទេសវៃឆ្លាតក្នុងការធ្វើ នោះប្រាកដជាអាចរកចំណូលចូលគ្រួសារ។ ហើយខាងក្រោមនេះ ជាមុខរបរដែលបងប្អូន អាចជ្រើសរើសធ្វើបាន៖
១.ការចិញ្ចឹមផ្សិតចំបើង ឬផ្សិតអំបោះ៖ ប្រសិនបើពុកម៉ែបងប្អូន មានទីធ្លាតូចល្មម (អាចធ្វើក្នុងបន្ទប់ទំនេរ ឬរោងតូចមួយ) បងប្អូនអាចសាកល្បងធ្វើបាន ព្រោះប្រភេទផ្សិត វាមិនត្រូវការពន្លឺថ្ងៃច្រើន ហើយឆាប់បានផល និងមានតម្រូវការទីផ្សារខ្ពស់ជាប្រចាំ។ នៅពេលវាចេញផល បងប្អូនអាចបេះលក់ស្រស់ ឬកែច្នៃជាផ្សិតក្រៀម ឬផ្សិតបំពង។ ហើយចំពោះការចិញ្ចឹមផ្សិតអំបោះក្នុងថង់ស្ប៉រ វាប្រើពេលតែ ២-៣ សប្តាហ៍ប៉ុណ្ណោះ ហើយអាចបេះផលយកទៅលក់បានជាបន្តបន្ទាប់។
២.ការបណ្តុះកូនឈើ និងរុក្ខជាតិលម្អ៖ មនុស្សសម័យថ្មីចូលចិត្តតុបតែងផ្ទះ និងកន្លែងធ្វើការជាមួយរុក្ខជាតិបៃតង។ ដូច្នេះ ការបណ្តុះ ដើមអ័រគីដេ ប្រទាលផ្សេងៗ ដើមដំបងយក្ស ឬ ដើមឈើហូបផ្លែពូជល្អៗ (ដូចជា ក្រូចឆ្មាឥតគ្រាប់ ស្វាយចន្ធីពូជ) ដាក់ក្នុងថូស្អាតៗ រួចថតរូបលក់តាមអនឡាញ និងដឹកលក់តាមភូមិដល់ផ្ទះអតិថិជន ក៏ជាប្រភពចំណូលមួយល្អផងដែរ។
៣.ការបណ្តុះបន្លែមីក្រូហ្គ្រីន (Microgreens)៖ បន្លែប្រភេទនេះ ជាប្រភេទបន្លែកូនតូចៗ (ដូចជា កូនស្ពៃ សណ្តែក ត្រកួន) ដែលមានសារធាតុចិញ្ចឹមខ្ពស់ខ្លាំង។ ដូច្នេះ វាប្រើពេលបណ្តុះតែ ៧ ទៅ ១៤ ថ្ងៃ ប៉ុណ្ណោះ អាចច្រកថង់លក់បាន។ សម្រាប់ការលក់ អាចនិយាយបានថា វាពេញនិយមខ្លាំងសម្រាប់អ្នកហូបអាហារសុខភាព និងតាមបណ្ដាភោជនីយដ្ឋាន ឬសណ្ឋាគារលំដាប់ខ្ពស់។ បន្លែប្រភេទនេះ លក់បានតម្លៃថ្លៃជាងបន្លែធម្មតា។
៤.ការចិញ្ចឹមអន្ទង់ បង្កង ក្នុងស៊ីទែន ឬអាងតង់ប្លាស្ទិក៖ បងប្អូនមិនចាំបាច់ជីកស្រះអ្វីនោះទេ ប្រើតែអាងតង់ប្លាស្ទិក ឬស៊ីទែនជ័រនៅក្រោយផ្ទះក៏បាន ព្រោះវាងាយស្រួលគ្រប់គ្រងទឹក និងចំណី។ បើនិយាយពីទីផ្សារ អន្ទង់ និងបង្កងពូជ វាគឺជាមុខម្ហូបដែលមានតម្លៃថ្លៃ និងមានតម្រូវការទីផ្សារខ្ពស់ជាប្រចាំនៅតាមហាងសាច់អាំង និងភោជនីយដ្ឋាន។
គួរបន្ថែមថា មុខរបរសាមញ្ញៗទាំងប៉ុន្មានខាងលើ សុទ្ធតែអាចធ្វើឲ្យបងប្អូនរកចំណូលបានតាមបែបផ្សេងៗគ្នា។ តែថាចំពោះការរកបានច្រើន ឬតិច វាអាស្រ័យលើបច្ចេកទេសអនុវត្ត ថវិកា ឬដើមទុនរបស់បងប្អូនក្នុងការចាប់ផ្ដើមផងដែរ។ ហើយបានបើសិនពុកម៉ែបងប្អូន ចង់ធ្វើឲ្យបានជោគជ័យក្នុងការលក់ ត្រូវផ្តោតលើភាពស្អាត អនាម័យ ដោយផ្សព្វផ្សាយឲ្យអតិថិជនឃើញថា ផលិតផលរបស់អ្នកធ្វើនៅផ្ទះ គ្មានសារធាតុគីមី និងមានសុវត្ថិភាព ១០០% ក្នុងការបរិភោគ៕


