ជំនាញត្រូវបានគេបែងចែកជា២ផ្នែកនាពេលបច្ចុប្បន្ននេះ គឺជំនាញរឹងនិងជំនាញទន់។ រវាងជំនាញទាំងពីរនេះត្រូវបានគេច្របាច់បញ្ចូលគ្នា ជាគ្រឹះកសាងអាជីពមួយជាក់លាក់ ដើម្បីទទួលបានចំណូលខ្ពស់។ យ៉ាងណាមិញជំនាញខ្លះយើងបានសិក្សានៅមហាវិទ្យាល័យនិងខ្លះទៀត ពីការអប់រំក្រៅប្រព័ន្ធឬស្វ័យសិក្សាជាដើម ខណៈមុខជំនាញខ្លះកំពុងមានទីផ្សារទូលាយ មានតម្រូវការច្រើន ចេះកាន់តែច្រើន មិនខ្វះការងារបង្កើនចំណូល។
យ៉ាងណាមិញខាងក្រោមនេះគឺជាជំនាញកំពូលៗទាំង៤នៅមហាវិទ្យាល័យ ស្របតាមទីផ្សារនិងលក្ខខណ្ឌសង្គមនិងតម្រូវការមនុស្ស ៖
១. មហាវិទ្យាល័យវិទ្យាសាស្រ្តកំព្យូទ័រ៖ មហាវិទ្យាល័យនេះ នឹងមានជំនាញផ្សេងៗដែលពាក់ព័ន្ធកំព្យូរទ័រនិងការអភិវឌ្ឍន៍។ ឧទាហរណ៍ដូចជា ជំនាញព័ត៌មានវិទ្យាដែលយើងនិយមហៅថា IT វានឹងមានបែងចែកជាជំនាញបន្តទៀតនៅក្នុងជំនាញមួយនេះ ដូចជាការបង្កើតកម្មវិធី ឬបណ្តេញអ៊ីនធើណេតជាដើម។
២. មហាវិទ្យាល័យភាសា៖ ភាសាគឺជាយានសម្រាប់ធ្វើការទំនាក់ទំនងទាំងវិស័យពាណិជ្ជកម្ម និងការទូត ដែលជាវិស័យដែលជំរុញកំណើនសេដ្ឋកិច្ចជាតិ។ មហាវិទ្យាល័យភាសាមានរួមបញ្ចូលទាំងអក្សរសាស្រ្ត របៀបទំនាក់ទំនង និងបំណិនជីវិត។ ក្នុងនោះ លោកបណ្ឌិត គីម ហ៊ាង ធ្លាប់មានប្រសាសន៍ថា៖ “ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសាអង់គ្លេស និងភាសាចិន”។ ប្រសិនបើអ្នកចេះភាសាលើសពីភាសាកំណើត នោះឱកាសការងារ និងអទិភាពរបស់អ្នក មានភាគរយខ្ពស់ជាងអ្នកមិនចេះ៕
៣. មហាវិទ្យាល័យ STEM៖ ខណៈប្រទេសកម្ពុជា ប្រាថ្នាចង់ប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួនទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា និងចំណេះដឹងមហាវិទ្យាល័យមួយនេះបានដើរតួសំខាន់ក្នុងការអភិវឌ្ឍន៍។ កម្មវិធីសិក្សាSTEM មកពីពាក្យថា Science, Technology, Engineering, and Math។
៤. មហាវិទ្យាល័យបច្ចេកទេស៖ គឺជាជំនាញទីផ្សារខ្ពស់មួយក្នុងចំណោមជំនាញជាច្រើនព្រោះជំនាញ នេះគឺមានតម្រូវការស្ទើរតែគ្រប់វិស័យ ទាំងការអភិវឌ្ឍន៍និងសេដ្ឋកិច្ច។ ស្របគ្នានេះដែរ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ធ្លាប់ជំរុញយុវជនខ្មែរឱ្យរៀនជំនាញបច្ចេកទេសនេះ ដោយសារតែបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគជាច្រើនចូលមកកម្ពុជា ជាហេតុធ្វើឱ្យតម្រូវការអ្នកជំនាញបច្ចេកទេសមានតម្រូវការខ្ពស់។
អ្វីដែលរឹតតែពិសេសគឺ សិស្សនិស្សិតដែលសិក្សាជំនាញបច្ចេកទេស ក៏ទទួលបានការជួយជ្រោមជ្រែងមួយផ្នែកពីធនាគារកាណាឌីយ៉ារបស់អ្នកឧកញ៉ា ដោយអាចទទួលបានឥណទានសិក្សារហូតដល់ទៅ ៧០ភាគរយ និងមានអត្រាការប្រាក់ទាបបំផុត ហើយប្រសិនបើជាសិស្សនិស្សិតនោះរៀនពូកែទៀតនោះ អត្រាការប្រាក់អាចនឹងបញ្ចុះដល់ ០ភាគរយទៀតផង។
គួរជម្រាបផងដែរថាជំនាញមហាវិទ្យាល័យខាងលើនេះគឺមានជំនាញពាក់ព័ន្ធគ្នាជាច្រើនដូចសម្បុកពីងពាង ប៉ុន្តែអ្វីដែលសំខាន់អ្នកដែលជ្រើសរើសខ្លួនឯង ត្រូវដឹងថាខ្លួនស្រឡាញ់អ្វី ជំនាញមួយនោះរៀនអ្វីខ្លះ អនាគតអាចធ្វើអ្វីបានខ្លះ ជម្រើសមួយនោះជាជម្រើសត្រឹមត្រូវ។
ជាមួយគ្នានេះអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួចម៉េងលី ធ្លាប់បានលើកឡើងថា” “ពេលប្រលងបាក់ឌុបចប់គួប្បីជ្រើសរើសជំនាញណាមួយដែលខ្លួនពិតជាស្រលាញ់ មានចំណេះដឹងភាសា ហើយអាចផ្ដល់លទ្ធផលល្អត្រឡប់មកខ្លួនវិញនាពេលអនាគត និងត្រូវជៀសវាងឱ្យបាននូវ ការរៀនជំនាញតាមការបង្ខំរបស់ឪពុកម្ដាយ ឬរៀនតាមមិត្តភក្តិ”៕
អត្ថបទដោយ៖ ពីង ជូអេង