កុំចាញ់បោកភាពអ៊ូអរ! ហាងខ្លះឃើញលក់ដាច់ខ្លាំង តែចុងខែ អង្គុយយំ ព្រោះកំហុសទាំងនេះ
Chan SophonSEPTEMBER 2 2026201 views

នៅក្នុងពិភពអាជីវកម្ម មានអន្ទាក់ដ៏ធំបំផុតមួយដែលសហគ្រិនថ្មីថ្មោងតែងតែធ្លាក់ចូល នោះគឺ ការច្រឡំរវាងចំណូលសរុប និងប្រាក់ចំណេញពិតប្រាកដ។ ពេលខ្លះ យើងឃើញហាងមួយមានមនុស្សជិះចូលមិនដាច់ មានការ Order ពេញៗដៃ មើលទៅដូចជោគជ័យខ្លាំងណាស់។ ប៉ុន្តែដល់ពេលដាច់ខែ ម្ចាស់ហាងបែរជាគ្មានសល់សាច់ប្រាក់ក្នុងដៃ ឬថែមទាំងខាតបង់ទៅវិញ។ ខាងក្រោមនេះជា មូលហេតុពិតប្រាកដទាំង ៣ ដែលធ្វើឲ្យហាងលក់ដាច់ តែគ្មានសល់លុយ៖

 

១.អន្ទាក់នៃការបញ្ចុះតម្លៃ និងការប្រកួតប្រជែងសង្គ្រាមតម្លៃ៖ ពេលខ្លះ ដើម្បីឲ្យហាងមើលទៅអ៊ូអរ និងមានអតិថិជនច្រើន ម្ចាស់ហាងជាច្រើនបានជ្រើសរើសវិធី លក់ទម្លាក់ថ្លៃ ឬធ្វើប្រូម៉ូសិនហួសហេតុ។ ការលក់ថោក ធ្វើឲ្យលក់ដាច់ច្រើនពិតមែន ប៉ុន្តែភាគរយចំណេញសល់ស្តើងខ្លាំង។ នៅពេលបូកសរុបថ្លៃដើមទំនិញ ថ្លៃដឹកជញ្ជូន និងថ្លៃខូចខាត ទោះជាលក់អស់ពីស្តុក ក៏ចំណេញមិនស្មើលើការចំណាយប្រតិបត្តិការឡើយ។

 

២.ចំណាយមិនដឹងមុខដែលមើលមិនឃើញ៖ ពេលលក់ដាច់ខ្លាំង ទាមទារឲ្យមានការប្រើប្រាស់ធនធានច្រើន ប៉ុន្តែម្ចាស់ហាងភ្លេចគិតគូរពីចំណាយតូចតាច ដែលបូកបញ្ចូលគ្នាទៅជាដុំកំភួន។ ថ្លៃអគ្គិសនី/ទឹកកើនឡើង ថ្លៃប្រាក់ខែបុគ្គលិកថែមម៉ោង ថ្លៃវេចខ្ចប់ ថ្លៃបាត់បង់/ខូចខាតទំនិញ និងថ្លៃសេវាធនាគារ ឬថ្លៃដឹកជញ្ជូន។ ចំណាយលាក់មុខទាំងនេះហើយ ដែលស៊ីដាច់ប្រាក់ចំណេញរបស់អ្នកបន្តិចម្តងៗរៀងរាល់ថ្ងៃ។

 

៣.គ្មានប្រព័ន្ធគ្រប់គ្រងលំហូរសាច់ប្រាក់ច្បាស់លាស់៖ នៅពេលឃើញលុយចូលបន្តិចបន្តួច ឬក្នុងកុងធនាគាររាល់ថ្ងៃ ក៏ច្រឡំគិតថាជា លុយចំណេញ រួចយកទៅចំណាយផ្តេសផ្តាស ឬទិញស្តុកចូលបន្ថែមដោយគ្មានការត្រួតពិនិត្យ។ មែនទែនទៅ លុយដែលលក់បាន ភាគច្រើនជា លុយថ្លៃដើម និងលុយសម្រាប់បង់ថ្លៃផ្ទះ/ពន្ធ មិនមែនជាប្រាក់ចំណេញសុទ្ធឡើយ។ ពេលគ្មានការបែងចែកគណនេយ្យច្បាស់លាស់ ដល់ពេលត្រូវបង់ថ្លៃផ្ទះ ថ្លៃបុគ្គលិក ឬថ្លៃទំនិញ ស្រាប់តែវង្វេងប្រាក់ ហើយជំពាក់គេជុំទិស។

 

-ដំណោះស្រាយដើម្បីកសាងស្នូលអាជីវកម្មពិតប្រាកដ

១.ប្តូរពីលក់ឲ្យបានច្រើនមកជាលក់ឲ្យមានប្រាក់ចំណេញរឹងមាំ៖ ហាងដែលលក់បាន ១០០ ចាន តែចំណេញ $១ ក្នុងមួយចាន ហត់ជាង និងប្រឈមហានិភ័យជាង ហាងដែលលក់បាន ៣០ ចាន តែចំណេញ $៥ ក្នុងមួយចាន។

 ២.ធ្វើបញ្ជីចំណាយឲ្យល្អិតល្អន់៖ ប្រើប្រាស់ប្រព័ន្ធ POS ឬកម្មវិធីបញ្ជីគណនេយ្យ ដើម្បីដឹងពីថ្លៃដើមពិតប្រាកដនៃទំនិញនីមួយៗ។

៣.បែងចែកកុងធនាគារ៖ ញែកកុងធនាគារជា ៣ ច្បាស់លាស់ ដូចជា កុងប្រាក់ដើម/ប្រតិបត្តិការ កុងប្រាក់សន្សំ/បង់ពន្ធ/ថ្លៃផ្ទះ និង កុងប្រាក់ចំណេញពិតប្រាកដ។

 

យ៉ាងណាមិញ អាជីវកម្មដែលជោគជ័យ មិនមែនវាស់វែងលើ ភាពអ៊ូអរ មនុស្សចូលមកច្រើននៅមុខហាងនោះទេ តែវាស់វែងលើ សាច់ប្រាក់សល់ក្នុងធនាគារនៅចុងខែ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia