
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ ថ្មីៗនេះ សាលាអន្តរជាតិ ហេរីងតុន បានប្រារព្ធពិធីសម្ពោធជាផ្លូវការយ៉ាងអធិកអធម នាថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយឯកឧត្តម ឯកឧត្តម ដូមីនិក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា រួមទាំងតំណាងវិស័យអប់រំ ដៃគូសហការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ចូលរួមអបអរសាទរនាឱកាសដ៏ពិសេសនេះ។ ពិធីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងវិស័យអប់រំរបស់កម្ពុជា។
ចាប់តាំងពីបើកទទួលការចុះឈ្មោះចូលរៀននៅដើមឆ្នាំ ២០២៦ កន្លងមក សាលាអន្តរជាតិ ហេរីងតុន បានក្លាយជាសាលាអន្តរជាតិមួយ ដែលមានការរីកចម្រើនលឿនបំផុតនៅកម្ពុជា ដោយមានចំនួនសិស្សចុះឈ្មោះចូលរៀនជិតមួយពាន់នាក់រួចមកហើយ។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានបង្ហាញពីសក្តានុពលរបស់ ហេរីងតុន ដែលទទួលបានទំនុកចិត្ត និងការគាំទ្រយ៉ាងមុតមាំពីសំណាក់មាតាបិតា ចំពោះការប្តេជ្ញាចិត្តរបស់សាលា ក្នុងការផ្តល់នូវការអប់រំបែបអន្តរជាតិប្រកបដោយគុណភាពខ្ពស់។


ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន បានបង្ហាញសេចក្ដីរីករាយ និងចូលរួមអបអរសាទរ ចំពោះការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាអន្តរជាតិ ហេរីងតុន និងបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាភិបាលសាលា ដែលបានវិនិយោគដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យរីកចម្រើននូវធនធានមនុស្ស ដែលជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមក៏បានមានប្រសាសន៍បន្ថែមថា សាលាអន្តរជាតិ ហេរីងតុន មានគុណភាព និងស្តង់ដាប្រហាក់ប្រហែលទៅនឹងសាលា Cambridge ល្បីៗដែលឯកឧត្តមធ្លាប់បានទៅទស្សនកិច្ចនៅចក្រភពអង់គ្លេស ដែលឆ្លុះបញ្ចាំងពីស្តង់ដាអប់រំខ្ពស់ បរិក្ខារទំនើប និងការប្តេជ្ញាចិត្តចំពោះឧត្តមភាពរបស់សាលា។
ជាមួយគ្នានេះ ឯកឧត្តម ដូមីនិក វីលៀមស៍ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីសិក្សា Cambridge របស់ចក្រភពអង់គ្លេស ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក សម្រាប់ស្តង់ដាការអប់រំដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ដោយសាកលវិទ្យាល័យ និងស្ថាប័នឈានមុខជាច្រើននៅជុំវិញពិភពលោក ព្រមទាំងប្រទេសកម្ពុជាផងដែរ។


ក្នុងសុន្ទរកថារបស់ លោក ហៀង ឃេវិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាលអន្តរជាតិ ហេរីងតុន បានលើកឡើងថា ការអប់រំមិនគួរផ្តោតត្រឹមតែលើសមិទ្ធផលការសិក្សាមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគួរតែជួយបណ្តុះបណ្តាលសិស្សឱ្យមានជំនាញ គុណតម្លៃ និងចរិតលក្ខណៈ ដែលចាំបាច់សម្រាប់ភាពជោគជ័យទាំងក្នុង និងក្រៅថ្នាក់រៀនផងដែរ។
លើសពីពិធីសម្ពោធនេះ ភ្ញៀវកិត្តិយសទាំងអស់ក៏មានឱកាសបានដើរទស្សនាជុំវិញបរិវេណសាលា ជួបសំណេះសំណាលផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងលោកគ្រូអ្នកគ្រូ ព្រមទាំងស្វែងយល់អំពីបរិក្ខារទំនើបសម្បូរបែប និងសេវាកម្មផ្សេងៗ ដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់។
សាលាអន្តរជាតិ ហេរីងតុន ផ្តល់ការអប់រំតាម កម្មវិធីសិក្សាចក្រភពអង់គ្លេស Cambridge តាមរយៈ Cambridge Assessment International Education (CAIE) ដែលជួយឱ្យសិស្សទទួលបានគុណភាពសិក្សាអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល និងអភិវឌ្ឍជំនាញសំខាន់ៗដូចជា ភាសា គណិតវិទ្យា ការគិតវិភាគ ភាពច្នៃប្រឌិត និងការប្រាស្រ័យទាក់ទង។ ជាមួយគ្នានេះ សាលាក៏អនុវត្ត កម្មវិធីសិក្សាជាតិខ្មែរ ដែលទទួលអាជ្ញាបណ្ណផ្លូវការ ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថាសិស្សទទួលបានការអប់រំគ្រប់ជ្រុងជ្រោយតាមស្តង់ដាជាតិ និងអន្តរជាតិ។
ដោយផ្តោតលើការរៀបចំសិស្សសម្រាប់អនាគត បរិវេណសាលាត្រូវបានរចនាឡើងជាមួយថ្នាក់រៀនទំនើប មន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទាន់សម័យ បន្ទប់សិល្បៈច្នៃប្រឌិតដ៏សម្បូរបែប ទីលានកីឡា អាងហែលទឹកប្រព័ន្ធទឹកប្រៃ និងតំបន់សិក្សាសហការផ្សេងៗទៀត ដែលលើកទឹកចិត្តដល់ការស្វែងយល់ ភាពច្នៃប្រឌិត និងការចូលរួមយ៉ាងសកម្មរបស់សិស្ស។

ក្រោមបាវចនា «ការអប់រំគ្មានព្រំដែន» (Education Beyond Borders) សាលាអន្តរជាតិ ហេរីងតុន នឹងប្តេជ្ញាយ៉ាងមោះមុតក្នុងការកសាងសហគមន៍សិក្សាសម័យថ្មីមួយដែលមាតាបិតា និងសិស្សចង់បាន និងជំរុញឱ្យកើតមានអ្នកសិក្សាជំនាន់ថ្មីដែលប្រកបដោយទំនុកចិត្ត មេត្តាធម៌ និងមានឆន្ទៈរៀនសូត្រពេញមួយជីវិត។
សម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាដំបូងរបស់ខ្លួន សាលាអន្តរជាតិ ហេរីងតុន នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយមាតាបិតា ដើម្បីផ្តល់ការអប់រំដែលសិស្សទទួលបាននូវចំណេះដឹង ចរិតលក្ខណៈ និងបំណិនជីវិត ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
សម្រាប់ព័ត៌មានបន្ថែមអំពីសាលាអន្តរជាតិ ហេរីងតុន ទាំងកម្មវិធីសិក្សា និងការចុះឈ្មោះចូលរៀន សូមធ្វើការទំនាក់ទំនងមកកាន់៖
ប្រព័ន្ធសែលកាត៖ +855 85 668 822 | +855 11 279 867
ប្រព័ន្ធស្មាត៖ +855 87 668 824 | +855 96 447 3371 (សម្រាប់ភាសាចិន)
ទីតាំង៖ បុរីប៉េងហួត អេកូខូលិកសិន ផ្លូវជាតិលេខ១ រាជធានីភ្នំពេញ
គេហទំព័រ៖ www.his.edu.kh














