យោងតាមសេចក្តីប្រកាសរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះសកម្មភាពអាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ សហគ្រាសជាភ្នាក់ងារដែលបំពេញតួនាទីជាអ្នកតំណាងរបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកត្រូវចេញវិក្កយបត្រទៅឱ្យអតិថិជនដែលមានរំលេចឈ្មោះសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ។
សេចក្តីប្រកាសដដែលបានបន្ថែមថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា សហគ្រាសដែលជាភ្នាក់ងាររបស់សហគ្រាសដឹកជញ្ជូនតាមផ្លូវទឹកជាអន្តរជាតិមួយចំនួនអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយនៅតែបន្តចេញវិក្កយបត្ររបស់ សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន។
ការដាក់ចេញនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធាននៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិឱ្យមានសង្គតិភាព សក្តិសិទ្ធិភាព និងត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំបន្ថែមដល់លោក លោកស្រីជាអភិបាល បណ្ណាធិការឬកម្មសិទ្ធិករ សហគ្រាសដែលជាភ្នាក់ងារ និងជាគ្រឹះស្ថានអចិន្ត្រៃយ៍របស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដែលជាអនិវាសនជន ត្រូវអនុវត្តដូចខាងក្រោម៖
១. សហគ្រាសជាភ្នាក់ងារ ត្រូវចេញវិក្កយបត្រជូនអតិថិជនក្នុងនាមសហគ្រាសដឹកជញ្ជូនទំនិញ តាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន ហើយនៅលើវិក្កយបត្រត្រូវមានរំលេចឈ្មោះសហគ្រាសដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិ។
២. សហគ្រាសជាភ្នាក់ងារ ត្រូវប្រើប្រាស់ទម្រង់វិក្កយបត្រដែលមានលេខរៀងវិក្កយបត្រ និងនិទ្ទេស សំខាន់ៗ ស្របតាមវិធាននៃការប្រើប្រាស់វិក្កយបត្រជាធរមាន។
៣. ក្នុងករណី សហគ្រាសជាភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ និងសហគ្រាសដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជននៅតែបន្តអនុវត្តមិនបានត្រឹមត្រូវ នោះនឹងត្រូវរងពិន័យ ទណ្ឌកម្មដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
គូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី ជាអភិបាល បណ្ណាធិការឬកម្មសិទ្ធិករសហគ្រាស ដែលជាភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិនិងសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជនទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕




