ការចង់រកស៊ីបង្កើតប្រភពចំណូលបន្ថែមនៅថ្ងៃចុងសប្តាហ៍ មិនចាំបាច់ទាមទារដើមទុនរាប់ពាន់ដុល្លារនោះទេ។ ដើមទុន ១០០ ដុល្លារ គឺល្មមគ្រប់គ្រាន់ក្នុងការទិញ ឧបករណ៍ងាយៗ និងវត្ថុធាតុដើមដើមសម្រាប់ចាប់ផ្តើមលក់បានហើយ។
នេះជា អាជីវកម្មងាយៗទាំង ៥ ដែលសម្បូរនៅស្រុកខ្មែរ ងាយស្រួលលក់ និងទាញយកប្រាក់ចំណេញបានភ្លាមៗ៖
១. លក់ចំណីអាហារ ឬភេសជ្ជៈដែលពេញនិយម
ថ្ងៃសៅរ៍ និងអាទិត្យ គឺជាពេលដែលមនុស្សទូទៅសម្រាក ពួកគេប្រាកដជាចង់ញ៉ាំអីប្លែកៗ ឬចំណីអាហារសម្រន់ ដូចជា ប្រហិតបំពង នំបញ្ចុក ឬនំប៉័ងសាច់ បបរ មីឆាអីជាដើម។ របបទាំងនេះនៅតែពេញនិយមសម្រាប់គ្រប់គ្នា ដូច្នេះអ្នកអាចចាប់ផ្តើមមុខរបបទាំងនេះដោយលៃលកទិញសម្ភារ:លក់ទៅតាមលុយដែលមានជាក់ស្តែងបាន។
២. លក់សម្លៀកបំពាក់
ទីផ្សារខោអាវជជុះគឺកំពុងតែពេញនិយមខ្លាំងសម្រាប់យុវវ័យ ដូច្នេះអ្នកអាចយកដើមទុន ១០០$ ទៅជ្រើសរើសទិញខោ អាវយឺត អាវក្រៅ សំពត់ ពីផ្សារបោះដុំជជុះ ដូចជាផ្សារអូឡាំពិក ផ្សារអូរឫស្សី ឬ កន្លែងឃ្លាំងបោះដុំជាដើមដោយជ្រើសរើសយកតែខោអាវណាដែលមានម៉ូដស្អាតយកមក ល ហើយថតផុសប្រម៉ូតតាម TikTok, Instagram ឬ Live លក់នៅយប់ថ្ងៃសៅរ៍ និងអាទិត្យ ដើម្បីអោយគេស្គាល់ ហើយមានភ្ញៀវទិញកាន់តែច្រើន។
៣. លក់ទឹកកកឈូស
នៅពេលដែលអាកាសធាតុក្តៅគ្រប់គ្នាតែងតែស្វែងរករបស់ត្រជាក់ៗមកផឹក ឬ ញុំាអីត្រជាក់ដូចជាការ៉េម តែក្រូចឆ្មា ជាពិសេសរបស់ដែលកំពុងពេញនិយមនោះគឺ ទឹកកកឈូស។ ទាក់ទងនឹងរបបនេះគឺជារបបដែលមិនចេះសាប ញ្រេះថារដូវកាលណាក៏មានអ្នកចង់ញុំាដែរ ហើយការលក់គ្រាន់តែចំណាយច្រើនលើតែម៉ាស៊ីនឈូសទឺកកកប៉ុណ្ណោះ ក្រៅពីនេះអ្នកអាចទិញទៅអីវ៉ាន់បានតាមថវិកាដែលមានបាន។
៤. លក់ផ្លែឈើ ឬ គ្រឿងម្ជូរស្រស់
ផ្លែឈើ និង ម្ជូរ ជារបស់ដែលមនុស្សគ្រប់វ័យចូលចិត្ត ហើយងាយស្រួលកាន់ដើរញ៉ាំទៀតផងនៅពេលដែលដើរលេង។ សម្រាប់របបនេះអ្នកអាចចិតផ្លែឈើជាកង់ៗច្រកដាក់ថង់ ឬដោតចង្កាក់ក្លាសេលើទឹកកកឱ្យត្រជាក់ ពេលមានគេមកទិញ គ្រាន់តែរោយអំបិលម្ទេសអោយគេជាការស្រេច ជាពិសេសរបបនេះអ្នកអាចយកទៅលក់នៅ walkstreet បានព្រោះមានមនុស្សច្រើននៅទីនោះដែលអាចលក់បានកម្រៃច្រើន។
៥. លក់ដើមឈើ ឬរុក្ខជាតិលម្អតូចៗ
មនុស្សសម័យនេះគ្រប់គ្នាចូលចិត្តការតុបតែងតុធ្វើការ ឬបន្ទប់គេងជាមួយដើមឈើតូចៗ។ អ្នកអាចយកដើមទុន ទៅទិញដូចជាដើម Cactus , ដើមអណ្តាតពស់ និង ដើមឈើប្រភេទជាច្រើន។ ទាក់ទងនឹងការលក់អ្នកអាចផុសរូប និង វីឌីអូទៅលើការ review ជាប្រចាំដើម្បីអោយមានអ្នកចាប់អារម្មណ៍ទិញច្រើន។
ការចាប់ផ្តើមអាជីវកម្មមិនមែនទាមទារលុយច្រើននោះទេ អ្វីដែលសំខាន់គឺ "ភាពស្មោះត្រង់ អនាម័យ និងភាពរហ័សរហួន"។ ដើមទុន ១០០ ដុល្លារនេះអាចជួយឱ្យអ្នករៀនសូត្រពីរបៀបរកស៊ី និងបង្កើតប្រាក់ចំណេញបានទៀតផង។


