ក្រុមហ៊ុនកូរ៉េអាយុកាសជាង ៦០ ឆ្នាំមានបំណងបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា
Bunthoeun Koem•NOVEMBER 26 2026•78 views

ក្រុមហ៊ុន Hanil Electric Co., Ltd. ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹក និងបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៤ (គិតត្រឹមឆ្នាំ២០២៦ មានអាយុ ៦២ ឆ្នាំ) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា។

 

យោងតាមប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Hanil Electric Co., Ltd. ដឹកនាំដោយលោក Kang Jae Sung នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

 

917003295 122302427492248245 3244058306809252944 N

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន Hanil Electric Co., Ltd. និងបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ និងបង្កើនភាពទាក់ទាញរបស់កម្ពុជាតាមរយៈការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់វិនិយោគិនទាំងក្នុងដំណាក់កាលមុនពេលសម្រេចចិត្តវិនិយោគ និងក្នុងពេលដំណើរការគម្រោងវិនិយោគ។

 

លោក Kang Jae Sung បានជម្រាបជូនអង្គប្រជុំពីផែនការវិនិយោគបង្កើតរោងចក្រផលិតម៉ាស៊ីនបូមទឹក និងកង្ហារនៅកម្ពុជា ដោយមានគោលដៅប្រើប្រាស់កម្ពុជាជាមូលដ្ឋានផលិតកម្ម និងចែកចាយផលិតផលទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនេះ លោកក៏បានលើកឡើងនូវសំណូមពរមួយចំនួនដើម្បីឱ្យគម្រោងវិនិយោគអាចអនុវត្តបានឆាប់ ដូចជា ការជួយសម្របសម្រួលក្នុងការស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការស្វែងរកទីតាំងសមស្រប ការធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព និងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូផ្គត់ផ្គង់ក្នុងស្រុក។

 

921470789 122302427636248245 4687262560583558728 N

 

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ពីតួនាទីរបស់គណៈកម្មាធិការវិនិយោគកម្ពុជាក្នុងការសម្របសម្រួល និងជួយសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញឱ្យគម្រោងវិនិយោគអាចអនុវត្តទៅបានដោយរលូន និងទាន់ពេលវេលា។ គម្រោងវិនិយោគរបស់ក្រុមហ៊ុន Hanil Electric Co., Ltd. មានសក្តានុពលក្នុងការរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មឧស្សាហកម្មកម្ពុជា ការនាំចូលបច្ចេកវិទ្យានិងជំនាញពីសាធារណរដ្ឋកូរ៉េ ការបង្កើតការងារ និងការបង្កើនតម្លៃបន្ថែមក្នុងស្រុក៕

 

923164536 122302427648248245 2006900037859318780 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia