កុំភ្លេចខ្លួន! កំហុសធំៗ ៣ ដែលអ្នកដឹកនាំ ៩០% តែងតែមើលរំលង ហើយកំពុងបំផ្លាញក្រុមការងារដោយមិនដឹងខ្លួន
Toeuy HongAUGUST 7 202620 views

នៅក្នុងការងារសព្វថ្ងៃ មនុស្សជាច្រើនប្រឹងប្រែងរៀនជំនាញរហូតបានឡើងធ្វើជាមេគេ។ ប៉ុន្តែការឡើងធ្វើជាមេគេ គឺទើបតែជាការចាប់ផ្តើមនៃរឿងសំខាន់មួយទៀត គឺ «របៀបដឹកនាំមនុស្ស»

 

នៅក្នុងក្រុមហ៊ុនជាច្រើន  បុគ្គលិកពូកែៗស្រាប់តែលែងសូវខំធ្វើការ   លែងសូវបញ្ចេញគំនិត  ហើយថែមទាំងលាឈប់ពីការងារស្ងាត់ៗទៀតផង។ មេភាគច្រើនតែងតែបន្ទោសថាមកពីរឿងប្រាក់ខែ ប៉ុន្តែបែរជាមើលមិនឃើញពីកំហុសរបស់ខ្លួនឯង ដែលកំពុងធ្វើឱ្យក្រុមការងារបាត់បង់ស្មារតីនៅក្នុងការធ្វើការទៅវិញ  ទាំងបីចំណុចខាងក្រោមនេះជាចំណុចដែលអ្នកដឹកនាំមើលរំលង៖

 

១. តាមដាន និងគ្រប់គ្រងរឿងតូចតាចជ្រុលពេកហួសហេតុពេក

ការមិនទុកចិត្ត ឬកែប្រែគ្រប់រឿងដែលតូចតាច គឺវាធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថា មេមើលងាយថាខ្លួនគ្មានសមត្ថភាព។ វាក៏អាចជាមូលហេតុដែលបុគ្គលិកមិនហ៊ានបញ្ចោញគំនិតច្នៃប្រឌិត  ហើយធ្វើឱ្យពួកគេធ្វើការឱ្យតែរួចៗពីដៃថែមទៀតផង។ជាអ្នកដឹកនាំគេគួរតែរៀនទុកចិត្ត និងប្រគល់ការងារឱ្យកូនចៅធ្វើ ដោយប្រាប់តែ គោលដៅ និងមូលហេតុ អោយបានច្បាស់លាស់ ហើយទុកសេរីភាពឱ្យពួកគេជ្រើសរើស វិធីធ្វើ ដោយខ្លួនឯង។

 

២. មិនបង្កើតបរិយាកាសឱ្យកូនចៅ ដើម្បីហ៊ាននិយាយការពិត

ក្រុមការងារដែលតែងតែស្ងាត់ ហើយយល់ស្របតាមមេគ្រប់តែរឿងនោះ គឺជាក្រុមការងារដែលទន់ខ្សោយបំផុត។ នៅពេលដែលបុគ្គលិកបញ្ចោញមតិយោបល់ ឬ ធ្វើការប្រៀបធៀប  គឺតែងត្រូវមេស្ដីបន្ទោស វាជាមូលហេតុដែលពួកគេឈប់និយាយ ហើយជ្រើសរើសការ លាក់បាំងបញ្ហាដែលពួកគេជួបប្រទះ និង អាចក្លាយជារឿងដ៏ធ្ងន់ធ្ងរនៅថ្ងៃក្រោយក៏អាចថាបាន។  ចឹងហើយតែត្រូវរៀនស្តាប់បុគ្គលិកឱ្យបានច្រើន និងបើកចិត្តទទួលយកមតិយោបល់កែលម្អ ហើយសាមគ្គីគ្នាតែមួយវិញទើបជោគជ័យទាំងអស់គ្នា  មួយវិញទៀត នៅពេលដែលកូនចៅហ៊ាននិយាយការពិត ឬធ្វើខុសដោយចេតនាល្អ ត្រូវតែសរសើរភាពក្លាហានរបស់ពួកគេ និងជួយគ្នារកដំណោះស្រាយ ជាជាងការអង្គុយទម្លាក់កំហុសដាក់គ្នា និង រុញកំហុសអោយគ្នាទៅវិញទៅមក។

 

៣. មើលឃើញតែលទ្ធផលការងារ តែមើលរំលងទឹកចិត្តកូនចៅ

ការគិតតែពីលទ្ធផល ឬចាំតែស្ដីបន្ទោសពេលធ្វើខុស តែដល់ពេលគេធ្វើបានល្អ បែរជាគិតថាវាជា រឿងធម្មតា ដោយគ្មានពាក្យអរគុណ នឹងធ្វើឱ្យបុគ្គលិកអស់កម្លាំងចិត្តក្នុងការធ្វើការ ព្រមទាំងមានអារម្មណ៍ថាការខិតខំរបស់ខ្លួនគ្មានតម្លៃទាល់តែសោះ។ អ្នកដឹកនាំគួរតែបង្កើតទម្លាប់សរសើរកូនចៅនៅមុខគេឯង  ដោយពាក្យថា អរគុណសម្រាប់ការខិតខំធ្វើការ ដោយចេញពីចិត្តស្មោះ មានតម្លៃ និងធ្វើអោយវាស្តាប់ទៅមានឥទ្ធិពលខ្លាំងជាងការផ្តល់ប្រាក់រង្វាន់ទៅទៀត។

 

សរុបមក ការធ្វើជាអ្នកដឹកនាំល្អ មិនមែនជាការបង្ហាញថាខ្លួនឯងពូកែជាងគេនោះទេ ប៉ុន្តែជា ការធ្វើឱ្យមនុស្សជុំវិញខ្លួនកាន់តែពូកែ និងមានទំនុកចិត្ត អ្នកដឹកនាំខ្លាំងគឺអាចដឹកនាំអ្នកដែលទន់ខ្សោយ អោយក្លាយទៅជាអ្នកដែលពូកែ  ម្យ៉ាងទៀតការហ៊ានទទួលស្គាល់កំហុសខ្លួនឯង គឺជាជំហានដំបូងនៃអ្នកដឹកនាំដ៏ពូកែម្នាក់!

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia