ដំណឹង! អ្នកមានលុយ ក្នុងគ្រឹះស្ថានទូទាត់ប្រាក់ ១នេះ ត្រូវប្រញាប់ដាក់ពាក្យទាមទារសំណង បើយឺតយ៉ាវអាចមិនបានលុយមកវិញ
Kan DaraMAY 7 202617.9 K views

គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក (H-Pay Service M.K) បានប្រកាសរំលាយក្រុមហ៊ុនជាផ្លូវការ និងកំពុងស្ថិតក្នុងដំណើរការជម្រះបញ្ជី ក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃកម្ពុជា។ ជាមួយគ្នានេះ អ្នកជម្រះបញ្ជីបានចេញសេចក្តីជូនដំណឹង បង្គាប់ឱ្យម្ចាស់បំណុលទាំងអស់ រួសរាន់ដាក់ពាក្យទាមទារបំណុលឱ្យបានមុនថ្ងៃកំណត់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់។

 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន រីចន៍ & ផាតនើរ (REACHS & PARTNERS) ដែលជាអ្នកជម្រះបញ្ជីស្របច្បាប់ បានបញ្ជាក់ថា រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលជាម្ចាស់បំណុលរបស់គ្រឹះស្ថាន អេច-ផេ សឺវីស ម.ក ត្រូវមកចុះឈ្មោះដាក់ពាក្យទាមទារសំណងយ៉ាងយូរត្រឹម ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជាកំណត់។

 

ក្នុងករណីម្ចាស់បំណុលខកខាន មិនបានមកចុះឈ្មោះតាមកាលបរិច្ឆេទខាងលើនេះទេ នឹងត្រូវបាត់បង់សិទ្ធិក្នុងការទាមទារចំណែកនៃសំណងណាមួយពីទ្រព្យសកម្មរបស់គ្រឹះស្ថានដែលនៅសេសសល់ឡើយ។

 

ម្ចាស់បំណុលទាំងអស់អាចអញ្ជើញទៅដាក់ពាក្យដោយផ្ទាល់ ឬតាមរយៈមេធាវីតំណាង ដើម្បីបង្ហាញភស្តុតាងនៃបំណុល នៅទីតាំងការិយាល័យអ្នកជម្រះបញ្ជី ដែលមានអាសយដ្ឋានស្ថិតនៅ៖ ផ្ទះលេខ៤៦ ផ្លូវលេខ៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ក្នុងបុរីពិភពថ្មីផ្សារដីហុយ)។

 

ការទទួលពាក្យនឹងធ្វើឡើងរៀងរាល់ថ្ងៃធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាច។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៦ ៨៦ ០១១ ៩០ ឬអ៊ីមែល closehpay@gmail.com

២

 

១ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia