សាលាអន្តរជាតិគ្រីនហ្វៀល ប្រារព្ធទំព័រប្រវត្តិសាស្ត្រថ្មីនៃពិធីបញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦ ព្រមទាំងប្រកាសបើកទទួលពាក្យកម្មវិធី Summer School និងឆ្នាំសិក្សាថ្មី ២០២៦-២០២៧
Sreymom ChaJUNE 19 2026

(ភ្នំពេញ)៖ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) បានរៀបចំ «ពិធីបញ្ចប់ឆ្នាំសិក្សា និងប្រគល់ប័ណ្ណសរសើរ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦» ប្រកបដោយបរិយាកាសដ៏សោមនស្សរីករាយ ឱឡារិក និងមោទនភាពជាទីបំផុត។ កម្មវិធីសិរីមង្គលនៅក្នុងឆ្នាំសិក្សានេះ មានលក្ខណៈពិសេសប្លែក និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់មហាគ្រួសារគ្រីនហ្វៀលទាំងមូល ដោយសារនេះជាឆ្នាំដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រសាលា ដែលមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បានមកជួបជុំគ្នា អបអរសាទរ និងបង្ហាញពីការរីកចម្រើនរួមគ្នាក្នុងនាមជាគ្រួសារតែមួយ។ 

Photo 2026 06 19 15 44 24

ក្នុងឱកាសដ៏រំភើបនេះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាល បានសម្តែងនូវក្តីរំភើបយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលសិក្សាដ៏គួរឱ្យកោតសរសើររបស់បុត្រធីតាគ្រប់រូប និងបន្តបោះជំហានទៅកាន់ដំណាក់កាលថ្មីនៃជីវិតប្រកបដោយភាពជឿជាក់ និងជោគជ័យ។ 

Photo 2026 06 19 15 44 30

នៅក្នុងពិធីនោះផងដែរ លោក Joseph Horowitz នាយករងសាលាអន្តរជាតិគ្រីនហ្វៀល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវមោទនភាពចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់សាលា។ លោកបានសង្កត់ធ្ងន់ថា សមិទ្ធផលដ៏អស្ចារ្យដែលសម្រេចបាននៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ គឺមិនអាចខ្វះបានឡើយនូវការលះបង់ និងការខិតខំរបស់សិស្សានុសិស្ស ភាពច្នៃប្រដិត្ឋរបស់លោកគ្រូអ្នកគ្រូ និងជាពិសេសគឺការផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាតាបិតាគ្រប់រូប។

Photo 2026 06 19 15 44 38

ថ្លែងនៅក្នុងឱកាសនោះដែរ លោក លី ចាន់ណារិទ្ធ (Mr. John) នាយកសាលាអន្តរជាតិគ្រីនហ្វៀល បានគូសបញ្ជាក់ពីទស្សនវិស័យដ៏វែងឆ្ងាយរបស់សាលាថា៖ «ដើម្បីបង្កើតអ្វីមួយឡើងមក គឺជាភាពប្រឈមទៅហើយ ប៉ុន្តែការធ្វើឱ្យវាលូតលាស់ និងរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព និងភាពរឹងមាំ គឺជារឿងដែលទាមទារការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ នៅគ្រីនហ្វៀល យើងមិនផ្តោតត្រឹមតែលើលទ្ធផលសិក្សាតែមួយមុខនោះទេ ប៉ុន្តែបេសកកម្មស្នូលរបស់យើងគឺការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមាន “គំនិតសកល បេះដូងខ្មែរ”។ យើងបំពាក់បំប៉នពួកគេនូវចំណេះដឹងស្ទាត់ជំនាញ ភាពជាអ្នកដឹកនាំ គុណតម្លៃសីលធម៌ និងទំនួលខុសត្រូវក្នុងសង្គម ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ»។ 

Photo 2026 06 19 15 44 44

លោកនាយកសាលាបានបន្តទៀតថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សាលានឹងបន្តលើកកម្ពស់គុណភាពអប់រំស្តង់ដារអន្តរជាតិ តាមរយៈការធ្វើសមាហរណកម្មកម្មវិធីសិក្សាដ៏សម្បូរបែប ដូចជាកម្មវិធី Cambridge Global Perspectives និងកម្មវិធីអភិវឌ្ឍបុគ្គលិកលក្ខណៈ iChoose Leadership ដើម្បីជម្រុញឱ្យសិស្សានុសិស្សមាន ការគិតបែបត្រិះរិះពិចារណា និងមានការលូតលាស់ខាងបញ្ញាស្មារតីគ្រប់ជ្រុងជ្រោយ។ លើសពីនេះ សាលាក៏កំពុងបំពេញលក្ខខណ្ឌយ៉ាងសកម្ម ដើម្បីទទួលបានការទទួលស្គាល់ និងវិញ្ញាបនបត្រជាផ្លូវការពីស្ថាប័នអន្តរជាតិ ដែលធានាថារាល់ការបង្រៀន និងការរៀន គឺស្ថិតនៅក្នុងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គាំទ្រ និងការពារតាមស្តង់ដារលំដាប់ពិភពលោក។

Photo 2026 06 19 15 44 50

ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលាក៏បានប្រកាសបើកកម្មវិធីសិក្សាវិសមកាល (Summer School Program) ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ដោយមានរយៈពេល ៥ សប្តាហ៍ពេញ។ កម្មវិធីនេះនឹងផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបន្តសិក្សាស្រាវជ្រាវ អភិវឌ្ឍជំនាញទំនាក់ទំនង បង្កើនទំនុកចិត្តលើខ្លួនឯង និងចូលរួមក្នុងសកម្មភាពច្នៃប្រឌិតជាច្រើន។ 

Photo 2026 06 19 15 44 55

ទន្ទឹមនឹងនេះ ការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក៏កំពុងបើកទទួលពាក្យយ៉ាងសកម្មផងដែរ។ សាលាអន្តរជាតិគ្រីនហ្វៀល សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សថ្មី និងគ្រប់គ្រួសារទាំងអស់ ដែលមានបំណងចង់ចូលរួមជាមួយសហគមន៍សិក្សារបស់យើង ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់។ សាលាមានផ្តល់ការអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ (ទទួលសិស្សចាប់ពីអាយុ ២ ឆ្នាំឡើងទៅ) ដោយមានកម្មវិធីសិក្សាចម្រុះ រួមមានកម្មវិធីសិក្សាថ្នាក់ជាតិ កម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ (Cambridge International Programme) និងកម្មវិធីភាសាចិន ព្រមទាំងកម្មវិធីបន្ថែមជាច្រើនទៀតដូចជា ហែលទឹក តន្ត្រី កុំព្យូទ័រ គូរគំនូរ កីឡា សួនដាំដំណាំ បន្ទប់ពិសោធន៍ និងបណ្ណាល័យធំទូលាយ។

Photo 2026 06 19 15 45 01

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមទាក់ទង៖

• សាខាឫស្សីកែវ៖ អាសយដ្ឋាន ផ្ទះលេខ ៩៨៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨៩ ៧៧៧ ១៣៨ / ០៩៨ ៧៧៧ ១៣៨

• សាខាមានជ័យ៖ អាសយដ្ឋាន ផ្ទះលេខ ១៣៧B ផ្លូវ ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៩៩ ៧៧៧ ១៣៨ / ០៨៧ ៧៧៧ ១៣៨៕

Photo 2026 06 19 15 45 07

Photo 2026 06 19 15 45 14

Photo 2026 06 19 15 45 20

Photo 2026 06 19 15 45 27

Photo 2026 06 19 15 45 32

Photo 2026 06 19 15 45 41

Photo 2026 06 19 15 45 48

Photo 2026 06 19 15 45 58

Photo 2026 06 19 15 46 04

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia