កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង បានបើកសម្ពោធផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ដំបូងគេបង្អស់នៅកម្ពុជាហើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាទីបំផុតនោះ ផ្សារទេសចរណ៍មួយនេះត្រូវបានរចនាឡើងដោយភាពច្នៃប្រឌិតខ្ពស់ខ្លាំងមែនទែន គឺបង្កប់ទៅដោយសិល្បៈវប្បធម៌ខ្មែរ នឹងប្រមូលផ្ដុំទៅដោយផលិតផលរបស់ខ្មែរសុទ្ធ ១០០ % និងធំជាងគេមួយនៅរាជធានីភ្នំពេញ ដែលមានតូបលក់សរុបចំនួន ១២០តូបឯណោះ។
នៅក្នុងកម្មវិធី បើកដំណើរការជាផ្លូវរបស់ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ផងដែរ។
លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ខ្ញុំពិតជាមានមោទនភាព ដែលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសម្រេចនូវសមិទ្ធផលលេចធ្លោមួយ ក្រោមស្នាដៃសហគ្រិនខ្មែរ ១០០%។ សម្រាប់ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” គឺជាផ្សារដំបូងគេបង្អស់នៅកម្ពុជាបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង ដើម្បីបង្ហាញពីទំនើបកម្មថ្មីពោរពេញដោយភាពច្នៃប្រឌិត និងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិ លើវិស័យផ្សារទំនើបនៅកម្ពុជា។
លោកជំទាវ មានប្រសាសន៍បន្ថែមថា ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” នេះដែរ គឺមិនផ្តោតសំខាន់លើប្រាក់ចំណេញនោះទេ ហើយសូម្បីតែខាតតិចតួចក៏ដោយ ក៏ក្រុមហ៊ុន ជីប ម៉ុង នៅតែព្យាយាមបង្កើត “ភូមិខ្មែរអ្នកធ្វើ” ឱ្យចេញជារូបរាងដែលប្រមូលផ្តុំដោយអាជីវករចាប់ផ្តើមលក់តាំងពី ២០-៣០ឆ្នាំ តជំនាន់ ដើម្បីចូលរួមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកបង្ហាញស្នាដៃ វប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ។ ការប្រឹងប្រែងទាំងនេះ យើងចង់បង្ហាញថា ជីប ម៉ុង នៅតែឈរលើជំហររឹងមាំ ក្នុងការបត់បែនតាមកាលៈទេសៈ បន្តអភិវឌ្ឍ នាំយកបទពិសោធន៍ថ្មីៗល្អៗ មកកាន់ទីផ្សារកម្ពុជា។
យ៉ាងណាមិញ សម្រាប់គោលបំណងធំបំផុត ដែលធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង បានបង្កើតផ្សារទេសចរណ៍នេះឡើងមក គឺចង់បង្កើតកន្លែងមួយ បណ្តុំទៅដោយផលិតផល ដែលជាស្នាដៃខ្មែរសុទ្ធសាធ និងដើម្បីលើកទឹកចិត្តដល់បណ្តាអាជីវកម្មខ្មែរដែលបន្តរក្សា និងប្រកបរបរដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ បានបញ្ចេញថ្វីដៃ និងពង្រីកឱ្យកាន់តែមានទីផ្សារទូលំទូលាយ។ វត្តមានរបស់ “ភូមិខ្មែរអ្នកធ្វើ” នឹងដើរតួជាស្ពានដ៏សំខាន់ក្នុងការបើកបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិ ពីភាពសម្បូរបែបនៃផ្សារទំនើបកូនខ្មែរ ដែលជីប ម៉ុង បានខិតខំច្នៃប្រឌិត ធ្វើយ៉ាងណាលាយបញ្ចូលទាំងរចនាបថបុរាណនិងសម័យទំនើបឱ្យរួមគ្នាក្នុងពេលតែមួយ។
គួរបញ្ជាក់ថា ផ្សារទេសចរណ៍ខ្មែរ “ភូមិខ្មែរអ្នកធ្វើ” បើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង១០ព្រឹក ដល់ ៩យប់ ដែលមានទីតាំងស្ថិតនៅ នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល, ជាន់ទី១ (ទល់មុខ ជីបម៉ុង ស៊ុបភើម៉ា ឃីត)៕