វាជារឿងចម្លែកមែនទែន ធ្លាប់ឮគេរៀនចប់ពេទ្យ ទៅធ្វើការក្នុងមន្ទីពេទ្យ ប៉ុន្តែប្លែកអីបុរសម្នាក់នេះវិញ រៀនចប់ពេទ្យ រត់ទៅស្រុកបើកហាងលក់កាហ្វេ និងនំបុ័ង ទៅវិញ ហើយថែមទាំងអាចបង្កើតចំណូលរាប់ពាន់ដុល្លារជារៀងរាល់ខែថែមទៀត។
លោក សេងសាក់ រាពីយ៉ា អាយុ៣៤ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ហាង Deer Bunny បាននិយាយថា លោកបានបើកហាងកាហ្វេ និងនំនេះអស់រយៈពេលជាង១១ឆ្នាំមកហើយ ប៉ុន្តែមុននឹងលោកចាប់របរនេះ កាលដើមឡើយលោកជាអតីតនិសិត្សដែលបានបញ្ជាប់ការសិក្សាផ្នែក បច្ចេកទេស វេជ្ជសាស្រ្ត ហើយក៏ធ្លាប់ធ្វើការក្នុងបន្ទប់ពិសោធន៍ដូចគ្នា។
លោកបានបន្តទៀតថា មូលហេតុដែលលោក លាលែងពីការងារក្នុងបន្ទាប់ក្នុងមន្ទីពិសោធន៍របស់លោកព្រោះ លោកជាប្រភេទមនុស្សម្នាក់ដែលចូលចិត្តចេញក្រៅជួបគេឯងច្រើន ប៉ុន្តែការងាររបស់លោកតម្រូវឱ្យលោកនៅតែក្នុងបន្ទាប់ ដូច្នេះហើយលោករកឃើញថា វាមិនសមនឹងអ្វីដែលខ្លួនចង់បាន ទើបលោកសម្រេចចិត្តឈប់ពីការងារនោះទៅ។
បន្ទាប់ពីលាឈប់ពីការងារដែលអង្គុយតែក្នុងបន្ទាប់ លោករ៉ាពីយ៉ាបន្តគិតថាតើខ្លួនគួរធ្វើអាជីពអ្វីបន្តទៀត? ដោយមួយរយៈក្រោយលោកក៏បានរកឃើញខ្លួនឯងថា ខ្លួនស្រលាញ់សិល្បៈ ហើយថែមទាំងមានចំណូលចិត្តដុតនំថែមទៀត។ ក្រោយមកទៀត លោកក៏ចាប់ផ្តើមទៅរៀនធ្វើនំ ហើយនឹងលួចរៀនខ្លះបន្ថែមតាមរយៈអ៊ីនធឺណិត ហើយច្នៃធ្វើនំ ដែលជាម៉ូដរបស់ខ្លួនឯង។
ដោយការចាប់ផ្តើម រាងខ្វះខាត លោកបានប្រមូលប្រាក់ដែលខ្លួនសន្សំបន្ទាប់ពីធ្វើការអស់រយៈពេលចូល២ឆ្នាំរួចមកច្នៃ ផ្ទះបាយ និងផ្ទះរបស់ខ្លួន ធ្វើជាហាងកាហ្វេ និងនំលក់តែម្តង។ ទន្ទឹមនឹងនេះដែរ លោកក៏បានលើកទឹកចិត្តខ្លួនលោកថា លោកធ្វើនៅផ្ទះខ្លួនឯងថា ពីមុនលោកក៏ធ្លាប់មានបទពិសោធលក់ខ្លះពីទីពិសោធន៍ដែរ (លក់ឧបករណ៍ពិសោធន៍) មួយវិញទៀតលោកមិនចំបាច់ចំណាយលុយលើថ្លៃជួលឡើយព្រោះវាជាផ្ទះរបស់ខ្លួនឯង ដូច្នេះលោកជឿជាក់ថា លោកអាចធ្វើវាបាន។
ហាងបានបើកហើយ អ្វីមានអស់់ហើយ លោកបន្តគិតទៀត ថានឹងធ្វើអ្វីបន្តទៀតទើបលក់ដាច់ លោកចាប់ផ្តើមមានគំនិតទៀតនោះគឺ បើកវគ្គបង្រៀនធ្វើនំ ហើយប្រមូលអ្នកដែលគ្មានការងារធ្វើ ងាកមកគិតលើអាជីពមួយនេះ ដោយលោកព្យាយាមរករូបមន្តថ្មីៗជានិច្ច។ លើសពីនេះ ក៏បានបង្ហាញបច្ចេកទេសខ្លះតាមរយៈ Facebook ក្នុងការធ្វើបង្អែមផ្សេងៗ ទុកអោយអ្នកដែលចង់មានមុខរបរលក់ដូរ ហើយអាចទាក់ទាញអតិថិជនបានថែមទៀត។ ការធ្វើបែបនេះពិតជាមានប្រសិទ្ធិភាពខ្លាំងមែនទែន មានអ្នកចាប់អារម្មណ៍សួរនាំ និងសំុសិក្សាផងដែរ ដើម្បីអភិវឌ្ឍខ្លួនទៅជាអាជីពពិត ហើយមានភ្ញៀវស្គាល់លោកកាន់តែច្រើនៗឡើង។
លោកបានលើកឡើងទៀតថា “មនុស្សជាច្រើនចាប់អារម្មណ៍មកសិក្សាជាមួយខ្ញុំ។ ព្រោះខ្លួនខ្ញុំផ្ទាល់មានបទពិសោធធ្វើនំជាង ៩ឆ្នាំ មានអ្នកខ្លះមកញ៉ាំនៅហាងក៏មករៀន”។
គួរជម្រាប់ផងដែរថា បុរសរូបសង្ហារូបនេះក្នុងមួយខែៗ លោកអាចទាញចំណូលរាប់ពាន់ដុល្លារ ជាងម៉ឺនដុល្លារក៏បានដែរ។ ស្របគ្នានេះដែរ ប្រសិនបើបងប្អូនមានគោលបំណងចង់បើកអាជីពនេះ គឺអាចរៀនពីបទពិសោធន៍លោកក៏បាន ដោយទី១ រកឱ្យឃើញអ្វីដែលខ្លួនស្រលាញ់ ទី២ ចេះច្នៃ និងទី៣ ចេះធ្វើទីផ្សារលើឈ្មោះរបស់ខ្លួនឯង៕


