“អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្ដាត” មេដឹកនាំឆ្លាត ពូកែប្រើសម្តីនាំប្រយោជន៍។ ខាងក្រោមនេះ គឺជាពាក្យខ្លីខ្លឹម១ឃ្លា ដែលមហាសេដ្ឋីអង់គ្លេស Richard Branson ថាអ្នកដឹកនាំឆ្នើមចូលចិត្តប្រើបំផុត។
លោក Richard Branson ស្ថាបនិកអាណាចក្រ Virgin Group បានសរសេរនៅលើ LinkedIn របស់ខ្លួនយ៉ាងដូច្នេះថា៖ «អ្នកដឹកនាំដ៏អស្ចារ្យទាំងអស់ដឹងពីរបៀបសុំជំនួយប្រកបដោយទំនុកចិត្ត ដោយប្រើពាក្យមួយឃ្លាថា “ខ្ញុំមិនដឹងទេ”»។
អ្នកដឹកនាំ ត្រូវបានគេរំពឹងថាជាក្រុមមនុស្សដែលមានចម្លើយសម្រាប់គ្រប់យ៉ាង ឬមានសមត្ថភាពអាចដោះស្រាយបញ្ហាបានទាំងអស់ ជាពិសេសការត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចគោលដៅ បើទោះបីអ្នកផ្សេងទៀតមានអារម្មណ៍ចង់បោះបង់ក៏ដោយ។ ក្នុងនោះ មានភ័ស្តុតាងវិទ្យាសាស្ត្រជាច្រើនដែលបង្ហាញថា មនុស្សមានទំនោរជ្រើសរើសអ្នកដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីក្លាយជាអ្នកដឹកនាំ។
ប៉ុន្តែយោងតាម មហាសេដ្ឋី Richard Branson និងអ្នកនិពន្ធផ្នែកភាពជាអ្នកដឹកនាំដ៏ល្បីលើលោក Simon Sinek បានឲ្យដឹងថា ការតាំងខ្លួនដឹងគ្រប់យ៉ាងមិនធ្វើឲ្យអ្នកដឹកនាំធ្វើដំណើរបានវែងឆ្ងាយឡើយ។ អ្នកដឹកនាំឆ្នើម ហ៊ានសារភាពនៅពេលមិនដឹងរឿងអ្វីមួយ ហើយស្នើសុំជំនួយដោយគ្មានការខ្មាស់អៀន ឬសុំទោស។ គ្រាន់តែមានឆន្ទៈក្នុងការនិយាយពាក្យថា “ខ្ញុំមិនដឹងទេ” អាចមានអំណាចដឹកនាំដ៏អស្ចារ្យបាត់ទៅហើយ។
គួរជម្រាបផងដែរថា កំពូលមហាសេដ្ឋី Richard Branson បានផ្តល់ហេតុផលធំៗពីរសម្រាប់ការលើកឡើងខាងលើ យ៉ាងដូច្នេះថា៖ «វាលើកទឹកចិត្តឲ្យអ្នកដទៃចូលរួមធ្វើដូចគ្នា ឬបង្ហាញមតិយោបល់ផ្ទាល់ខ្លួន ហើយវាជាវិធីរៀនលឿនបំផុត»។ យ៉ាងណាមិញ អ្នកដឹកនាំពុំគួរធ្វើខ្លួនជាទឹកពេញកែវឡើយ ប៉ុន្តែចូរធ្វើជាបុគ្គលដែលបើកចិត្តទូលាយ បន្តរៀនសូត្រឥតឈប់ឈរ និងហ៊ានទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន ស្តាប់យោបល់មនុស្សក្រោមបង្គាប់ ទើបអាចរីកលូតលាស់ ធំធាត់ វែងឆ្ងាយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


