កាលពីសប្ដាហ៍មុនហាងឆេងមាសហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តដោយឡើងខ្ពស់បំផុតដល់៦៧៣ដុល្លារក្នុងមួយជី។ យ៉ាងណាមិញកាលពីថ្ងៃសុក្រសប្ដាហ៍មុនមាសបានចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងហើយថ្ងៃមាសក៏នៅតែបន្តធ្លាក់ថ្លៃថែមទៀត។ ជាក់ស្ដែងថ្ងៃនេះមានធ្លាក់មកត្រឹម៥៣៦ដុល្លារក្នុងមួយជី។
ខណៈពេលហាងឆេងមាសកំពុងធ្លាក់ថ្លៃ បើអ្នកជាអ្នកវិនិយោគលើហាងឆេងមាស ខាងក្រោមនេះគឺជារឿងសំខាន់៣ដែលអ្នកគួរចងចាំ។
១. មាសធ្លាក់ថ្លៃគឺជារឿងធម្មតា
ការធ្លាក់ថ្លៃនៃហាងឆេងមាសគឺជារឿងធម្មតាទៅហើយ ដូច្នេះបើអ្នកជាអ្នកវិនិយោគលើមាសមិនចាំបាច់ខ្វល់ខ្វាយពេកនោះទេ។ ការធ្លាក់ថ្លៃគឺមិនអាចចៀសផុតនោះទេ ប៉ុន្ដែអ្នកត្រូវចាំថាថ្ងៃណាមួយមាសនឹងប្ដូរចលនាហក់ឡើងវិញ។
២. មាសគឺជាទ្រព្យសុវត្ថិភាព
មាសគឺជាទ្រព្យសុវត្ថិភាពដែលអ្នកជំនាញជាច្រើនណែនាំថាអ្នកវិនិយោគគួរតែមានមាសនៅក្នុងផលបត្រវិនិយោគរបស់ខ្លួនព្រោះមាសគឺរក្សានូវតម្លៃជាក់លាក់ពោលគឺមិនថាសេដ្ឋកិច្ចល្អឬមិនល្អនោះទេមាសគឺជារបស់មួយដែលអាចរក្សាតម្លៃរបស់វាបានល្អ។ ដូច្នេះហើយពេលមានវិបត្តិម្ដងៗមនុស្សមួយចំនួនតែងតែទិញមាសទុក។
៣. មាសមិនអាចធ្លាក់ទៅរកតម្លៃដូចពីមុនទេ
អ្នកខ្លះអាចរងចាំពោលគឺចាំមាសធ្លាក់ថ្លៃទាបបំផុតចាំទិញ។ យ៉ាងណាមិញមាសមិនងាយធ្លាក់ថ្លៃទៅរកតម្លៃធូរថ្លៃដូចដែលអ្នកចង់បានឡើយ។ ជាក់ស្ដែងបច្ចុប្បន្នបញ្ហាមួយចំនួននៅតែកើតមានដូចជាសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន អតិផរណានៅតែមិនទាន់ចុះ សេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដូច្នេះហាងឆេងមាសមិនងាយធ្លាក់ថ្លៃខ្លាំងនោះទេ៕


