តម្លៃរបស់មាសបានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែមកហើយ ខណៈនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មាសមានតម្លៃ ១,៦៣៦ដុល្លារ ក្នុងមួយអោន (មួយតម្លឹង ១,៩៧១ដុល្លារ) តែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការពីគេហទំព័រ Gold Price។
បើប្រៀបធៀបទៅនឹងដើមឆ្នាំ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មាសមានតម្លៃ ១,៨២៧ដុល្លារ ក្នុងមួយអោន (មួយតម្លឹង ២,២០១ដុល្លារ)។ នេះបញ្ជាក់ឱ្យឃើញថាពីដើមឆ្នាំមកដល់ថ្ងៃនេះ មាសបានធ្លាក់ថ្លៃអស់ ២៣០ដុល្លារ ក្នុងមួយតម្លឹងបាត់ទៅហើយ។
ដោយឡែកបើយើងប្រៀបធៀបទៅនឹងពេលដែលមាសមានតម្លៃខ្ពស់បំផុតប្រចាំឆ្នាំនេះ គឺនៅថ្ងៃទី១៥ ខែមេសា មាសមានតម្លៃដល់ទៅ ១,៩៧៣ដុល្លារ ក្នុងមួយអោន (មួយតម្លឹង ២,៣៧៧ដុល្លារ)។ នេះបញ្ជាក់ឱ្យឃើញថារយៈពេលជាង៦ខែ មាសធ្លាក់ថ្លៃអស់ប្រមាណ ៤០៦ដុល្លារ។
សូមជម្រាបផងដែរថា បើទោះបីជាថ្ងៃនេះមាសមានតម្លៃទាបខ្លាំងក៏ពិតមែន ប៉ុន្តែវាមិនមែនជាតម្លៃទាបបំផុតប្រចាំឆ្នាំនេះឡើយ។ ជាក់ស្ដែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ មាសមានតម្លៃត្រឹម ១,៦២២ដុល្លារ ក្នុងមួយអោន (មួយតម្លឹង ១,៩៥៤ដុល្លារ) តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅពេលដែលមាសធ្លាក់ថ្លៃបែបនេះ អ្នកជំនាញវិនិយោគភាគច្រើននាំគ្នាគិតគូរពីការទិញមាសទុក ឬវិនិយោគទៅលើមាស។ តែទោះជាយ៉ាងណាក៏ដោយ Business Cambodia សូមរម្លឹកទៅកាន់មិត្តអ្នកអានឱ្យបានជ្រាបថា មុននឹងសម្រេចចិត្តវិនិយោគទៅលើអ្វីមួយ សូមប្រាកដចិត្តសិនថាអ្នកយល់ដឹងពីវិស័យនោះច្បាស់ ដើម្បីបង្ការការខាតបង់លុយកាក់៕
អត្ថបទដោយ៖ សូ សុខលី


