នៅព្រឹកថ្ងៃទី២០ខែឧសភានេះ តម្លៃហាងឆេងមាសអន្តរជាតិបន្តធ្លាក់ថែមទៀត ដោយធ្លាក់មកត្រឹម៤៥០៥ដុល្លារក្នុងមួយអោន(ស្មើនឹង៥៤២៧ដុល្លារក្នុង១តម្លឹងឬ៥៤២ដុល្លារក្នុង១ជី) ដែលតម្លៃនេះជាតម្លៃល្អសម្រាប់អ្នកវិនិយោគរយៈពេលវែង។
តម្លៃហាងឆេងមាសបានបន្តធ្លាក់ចុះថែមទៀតបន្ទាប់ពីលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានប្រកាសថាលោកសម្រេចចិត្តពន្យារពេលក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ខណៈកាលពេលថ្មីៗនេះលោកព្រមានថានឹងវាយប្រហាងអ៊ីរ៉ង់ម្ដងទៀតក្នុងពេលឆាប់ៗនេះ។
មានកត្តាផ្សេងទៀតដែលបច្ចុប្បន្ននេះកំពុងតែដាក់សម្ពាធឲ្យមាសកាន់តែធ្លាក់ចុះ ហើយកត្តាទាំងនោះមានដូចជាប្រាក់ដុល្លារឡើងថ្លៃ។ មាសតែងតែដើរផ្ទុយពីប្រាក់ដុល្លារពោលគឺបើប្រាក់ដុល្លារឡើងថ្លៃមាសនឹងធ្លាក់ថ្លៃ។ មួយវិញទៀតទិន្នផលបណ្ណបំណុលអាមេរិកឡើងថ្លៃក៏បានដាក់សម្ពាធឲ្យមាសកាន់តែធ្លាក់ថ្លៃផងដែរ។
បើទោះបីជាមាសបន្តធ្លាក់ថ្លៃនៅអំឡុងខែឧសភានេះពិតមែន តែបើយោងតាមការព្យាកររបស់ធនាគារ JPMorgan ដែលជាធនាគារធំបំផុតរបស់អាមេរិកបានព្យាករថានៅត្រឹមចុងឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាសអាចឡើងខ្ពស់បំផុតដល់៦ពាន់ដុល្លារក្នុងមួយអោន( ស្មើនឹង៧២២៨ដុល្លារក្នុង១តម្លឹងឬ៧២២ដុល្លារក្នុងមួយជី)៕


