ឈានដល់ឆ្នាំ២០២៤នេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងដល់ជាង២ពាន់ដុល្លារហើយក្នុងមួយអោនខណៈស្ថានភាពសេដ្ឋកិច្ចសកលហាក់នៅមិនទាន់វិលទៅសភាពល្អប្រសើរឡើងវិញនៅឡើយ។ តើឆ្នាំថ្មីឆ្នាំ២០២៤នេះ ហាងឆេងមាសនឹងប្រែប្រួលយ៉ាងណាវិញ?
បើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាមាសពិភពលោក(The World Gold Council) ដែលនៅហាត់ថាWGC បានឲ្យដឹងថាទីផ្សារមាសបានឡើងដល់ចំណុចខ្ពស់មួយនៅខែមករាឆ្នាំ២០២៤ ហើយវាអាចនឹងបន្តឡើងថែមទៀតប្រសិនបើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានកំណើនយឺតដូចការរំពឹងទុក។
នៅក្នុងទស្សនៈរបស់ក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថាភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចជាកត្តាមួយដែលធ្វើឲ្យទីផ្សារមាសមានតម្រូវការដូច្នេះកត្តានេះគឺជំរុញឲ្យក្រុមអ្នកវិនិយោគនៅតែបន្តវិនិយោគលើមាសខណៈមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាព(Safe-haven asset)។
ជុំវិញទីផ្សារមាសនៅឆ្នាំ២០២៤នេះដែរ លោក Heng Koon How ប្រធានយុទ្ធសាស្រ្តទីផ្សារនិងជាអ្នកស្រាវជ្រាវទីផ្សារនៅ UOB បានឲ្យដឹងថាកត្តាដែលអាចធ្វើឲ្យមាសហក់ឡើងនៅឆ្នាំ២០២៤គឺកត្តាប្រាក់ដុល្លារថយចុះនិងការទម្លាក់ការប្រាក់ដុល្លារពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក។ លោកបានប៉ានប្រមាណថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់២២០០ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៤។
ចំណែកលោក Bart Melek ប្រធានយុទ្ធសាស្រ្តផលិតផលនៃ TD Securities បានព្យាករថាតម្លៃហាងឆេងមាសនឹងស្ថិតជាមធ្យម២១០០ដុល្លារក្នុងមួយអោននៅត្រឹមត្រីមាសទី២នៃឆ្នាំ២០២៤ខាងមុខ ហើយលោកក៏បានបញ្ជាក់ផងដែរថាកត្តាដែលធ្វើឲ្យមាសនៅតែរក្សាតម្លៃខ្ពស់បែបនេះគឺដោយសារតែធនាគារកណ្ដាលនៃប្រទេសមួយចំនួនបានបង្កើនការទិញមាសស្តុកទុក។
គួរបញ្ជាក់ផងដែរថាបើយោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះដោយក្រុមប្រឹក្សាមាសពិភពលោក(WGC) បានបង្ហាញថា២៤%នៃធនាគារកណ្ដាលទាំងអស់នឹងបង្កើនការទិញមាសស្តុកទុកក្នុងរយៈពេល១២ខែទៀតខណៈពួកគេមើលឃើញថាការមានទុនបម្រុងជាប្រាក់ដុល្លារមានសញ្ញាមិនសូវល្អ។ កត្តានេះគឺជាកត្តាធំមួយដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសនៅតែខ្ពស់៕


