តម្លៃហាងឆេងមាសបានចាប់ផ្ដើមធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២៦នេះ។ ជាក់ស្ដែងហាងឆេងមាសអន្តរជាតិបានធ្លាក់ថ្លៃចំនួន១០៥ដុល្លារ ដោយធ្លាក់មកត្រឹម៤៧០៣ដុល្លារក្នុងមួយអោន( ស្មើនឹង៥៦៦៦ដុល្លារក្នុង១តម្លឹងឬស្មើនឹង៥៦៦ដុល្លារក្នុងមួយជី)។
មូលហេតុចម្បងដែលធ្វើឲ្យតម្លៃហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងគឺដោយសារតែប្រាក់ដុល្លារអាមេរិកឡើងថ្លៃ។ វាជារឿងធម្មតាទៅហើយពេលប្រាក់ដុល្លារអាមេរិកខ្លាំង មាសតែងតែធ្លាក់ថ្លៃដោយសារ ក្រុមហ៊ុនអ្នកវិនិយោគចាប់ផ្ដើមលក់មាសមកកាន់ដុល្លារវិញ។ ជារួមពេលប្រាក់ដុល្លារខ្លាំង តម្រូវការមាសថយចុះធ្វើឲ្យតម្លៃមាសធ្លាក់ចុះ។
លើសពីនេះ កត្តាផ្សេងទៀតដែលដាក់សម្ពាធដល់តម្លៃមាសឲ្យធ្លាក់ថ្លៃគឺទិន្នផលបណ្ណបំណុលរបស់អាមេរិកមានការកើនឡើង។ ត្រង់នេះអ្នកវិនិយោគបានចំណូលពីការកើនឡើងនៃទិន្នផលបណ្ណបំណុល។ ដូច្នេះពួកគេបានលក់មាសហើយមកលុយទិញបណ្ណបំណុលខណៈបណ្ណបំណុលបានការប្រាក់កាន់តែច្រើន។
សម្រាប់កត្តាផ្សេងទៀតដែលរួមផ្សំធ្វើឲ្យតម្លៃមាសធ្លាក់ចុះគឺការលក់មាសចេញដើម្បីយកប្រាក់ចំណេញពីក្រុមអ្នកវិនិយោគ។ នៅដើមឆ្នាំ២០២៦នេះតម្លៃមាសឡើងខ្ពស់ ដូច្នេះអ្នកមានមាសដែលចំណេញពួកគាត់លក់ខ្លះយកប្រាក់ចំណេញដែលដាក់សម្ពាធឲ្យមាសកាន់តែធ្លាក់ថ្លៃ។
គួរបញ្ជាក់ផងដែរថា លោក Jamie Dimond ទេសាភិបាលធនាគារ JP Morgan ដែលជាធនាគារធំបំផុតរបស់អាមេរិកបាននិយាយថមាសអាចនឹងហក់ឡើងពី៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារក្នុងមួយអោន( ពី៦,០២៤ដុល្លារទៅ១២,០៤៨ដុល្លារក្នុង១តម្លឹង)បានយ៉ាងងាយស្រួលបំផុត។
លោកព្យាករថាតម្លៃហាងឆេងមាសអាចហក់ឡើងដល់ពី៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារក្នុងមួយអោនគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នស្ថិតនៅក្នុងភាពមិនច្បាស់លាស់ហើយបញ្ហាភូមិសាស្រ្តនយោបាយនៅតែកើតមានជាហូរហែរ ដែលធ្វើឲ្យក្រុមអ្នកវិនិយោគជាច្រើនងាកទៅវិនិយោគលើមាសដែលជាទ្រព្យសុវត្ថិភាពអាចរក្សាតម្លៃបានគ្រប់កាលៈទេសៈ។ ហើយលោកក៏ណែនាំឲ្យរាប់បញ្ចូលមាសនៅក្នុងផលបត្រវិនិយោគរបស់អ្នកផងដែរ៕


