នៅថ្ងៃទី២នៃឆ្នាំចូលឆ្នាំប្រពៃណីចិន ហាងឆេងមាសបានចាប់ផ្ដើមប្រែប្រួលខ្លាំង។ គិតត្រឹមយប់នេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃចំនួន១៤១ដុល្លារដោយធ្លាក់មកត្រឹម៤៨៥២ដុល្លារក្នុងមួយអោនដែលស្មើនឹង៥៨៤៥ដុល្លារក្នុងមួយតម្លឹឬ៥៨៤ដុល្លារក្នុងមួយជី។
ហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងអំឡុងចូលឆ្នាំចិនខណៈទីផ្សារនៅអាស៊ីភាគច្រើនត្រូវបានបិទ។ ហើយមូលហេតុចម្បងមួយដែលធ្វើឲ្យហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងដោយសារតែមានការចរចារវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ជុំវិញបញ្ហានុយក្លេអ៊ែនៅទីក្រុងGevena នៃប្រទេសស្វីស។
ជុំវិញការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជុំវិញបញ្ហានុយក្លេអ៊ែ លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហើបថាលោកមិនបានចូលរួមដោយផ្ទាល់ទេតែលោកបង្ហើបថាអ៊ីរ៉ងនឹងចង់បានកិច្ចព្រមព្រៀងដែលសមស្របដើម្បីបន្ថយកម្ដៅជម្លោះ ហើយកត្តានេះក៏ដាក់សម្ពាធឲ្យមាសធ្លាក់ថ្លៃផងដែរ។
គួរបញ្ជាក់ផងដែរ ទស្សនៈយល់ឃើញជុំវិញហាងឆេងមាសនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករថាតម្លៃមាសនៅតែមានទំនោរកើនឡើង។ ជាក់ស្ដែងធនាគារ USB របស់ស្វីសបានព្យាករថាមាសអាចឡើងថ្លៃ៦២០០ដុល្លារក្នុងមួយអោន(ស្មើនឹង៧៤៦៩ដុល្លារក្នុងមួយតម្លឹង) ក្នុងពេលឆាប់ៗនេះ៕


