សង្គ្រាមសេដ្ឋកិច្ចកំពុងផ្ទុះ ខណៈអ្នកជំនាញព្យាករណ៍ថា ពិភពលោកនឹងជួបរឿងធំៗ ៣នេះ ក្នុងឆ្នាំ២០២៦
Pov SaruFEBRUARY 15 202613 views

ដោយភ្លើងនៃសង្រ្គាមសេដ្ឋកិច្ចរវាងប្រទេសមហាអំណាច និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ហាក់កំពុងឡើងកម្តៅអ្នកជំនាញជាង 2,000 នាក់ និងរបាយការណ៍ហានិភ័យពិភពលោករបស់ World Economic Forum បានព្យាករណ៍ថានឹងមានហានិភ័យសំខាន់ៗចំនួន ៣ ដែលនឹងកើតឡើងក្នុងឆ្នាំ ២០២៦ នេះ៖ 

 

១. ការបែកបាក់នៃប្រព័ន្ធសេដ្ឋកិច្ចសកល៖ អតីតកាល ក្រុមហ៊ុនធំៗរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ដោយផ្អែកលើតម្លៃថោកជាចម្បង។ ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានជំនួសដោយកត្តាថ្មីៗដូចជា ហានិភ័យភូមិសាស្ត្រនយោបាយ ពន្ធគយ ទណ្ឌកម្មពាណិជ្ជកម្ម និងគោលនយោបាយ “friend-shoring” ដែលជ្រើសរើសធ្វើពាណិជ្ជកម្មជាមួយប្រទេសជាមិត្ត។ លទ្ធផលគឺ ខ្សែសង្វាក់ផ្គត់ផ្គង់កំពុងផ្លាស់ប្តូរពីការស្វែងរកប្រសិទ្ធភាពថ្លៃដើម ទៅរកសុវត្ថិភាពនយោបាយ។ 

 

កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗត្រូវបានចុះហត្ថលេខាក្រៅប្រព័ន្ធពហុភាគី ដូចជា World Trade Organization។ ពន្ធគយកើនឡើងខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រការតាមដានពាណិជ្ជកម្ម។ បើទោះបីពាណិជ្ជកម្មសកលមិនរលំទាំងស្រុង ក៏វានឹងចូលទៅក្នុងដំណាក់កាល “សម្របខ្លួនលំបាក” ព្រោះប្រព័ន្ធសេដ្ឋកិច្ចសកលកំពុងរៀបចំឡើងវិញតាមបរិបទនយោបាយថ្មីៗ។

 

២. ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងមហាអំណាច៖ សង្គ្រាម និងជម្លោះរវាងប្រទេសធំៗនៅតែជាហានិភ័យចំពោះសេដ្ឋកិច្ចពិភពលោក។ ដូចជា សង្គ្រាមរវាង រុស្ស៊ី–អ៊ុយក្រែន បង្ហាញយ៉ាងច្បាស់ថា ជម្លោះអាចបង្កឱ្យថ្លៃថាមពលឡើងខ្លាំង ប៉ះពាល់ដល់ស្បៀងអាហារពិភពលោក និងធ្វើឱ្យបណ្តាប្រទេសចំណាយថវិកាយោធាច្រើន។

 

អ្នកជំនាញរបស់ Council on Foreign Relations បានវាយតម្លៃថា ការកើនឡើងនៃសង្គ្រាមរុស្ស៊ី–អ៊ុយក្រែន ជាហានិភ័យខ្ពស់ទាំងលទ្ធភាពកើតឡើង និងផលប៉ះពាល់។ ជាមួយគ្នានេះ ប្រទេសដែលជាសមាជិក NATO កំពុងបង្កើនការចំណាយការពារជាតិរហូតដល់ប្រមាណ 5% នៃ GDP។ បរិយាកាសមិនប្រាកដប្រជានេះ ធ្វើឱ្យអាជីវកម្មពន្យារពេលវិនិយោគ និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុទាមទារប្រាក់ចំណេញខ្ពស់ជាងមុន ដោយសារហានិភ័យកើនឡើង។

 

៣. ភាពមិនស្ថិរភាពនៃទីផ្សារថាមពល៖ តម្រូវការអគ្គិសនីកំពុងកើនឡើងយ៉ាងលឿន ព្រោះ AI មជ្ឈមណ្ឌលទិន្នន័យ រថយន្តអគ្គិសនី និងការបំលែងទៅប្រើអគ្គិសនីកាន់តែច្រើន។ ខណៈពេលដូចគ្នា បណ្តាញអគ្គិសនីមានហេដ្ឋារចនាសម្ព័ន្ធចាស់ និងការអនុម័តគម្រោងថ្មីៗយឺតយ៉ាវ។

 

ជាក់ស្ដែង នៅសហរដ្ឋអាមេរិក តម្រូវការអគ្គិសនីត្រូវបានព្យាករណ៍ថា នឹងកើនឡើងយ៉ាងខ្លាំងដល់ឆ្នាំ 2030 ប៉ុន្តែការសាងសង់បណ្តាញផ្គត់ផ្គង់ថ្មីៗចំណាយពេលយូរ ចាប់ពី 3–5 ឆ្នាំសម្រាប់រោងចក្រថាមពល និងលើស 10 ឆ្នាំសម្រាប់នុយក្លេអ៊ែរ។ ការមិនសមតុល្យរវាង “តម្រូវការ” និង “ការផ្គត់ផ្គង់” នេះ អាចក្លាយជាចំណុចស្ទះធំ ដែលរារាំងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia