គម្រោងអគារ ជី អាយ អេ នរា (GIA Norea) ដែលជាគម្រោងអគារឆ្លាតវៃភ្លោះកម្ពស់ ៥០ ជាន់មានទីតាំងស្ថិតនៅកោះនរា ត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។ ដោយពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន័ និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

ឯកឧត្តម ជា វ៉ាន់ដេត បានចាត់ទុកថាគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា ជា “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់” និង ជា “មជ្ឈមណ្ឌលឆ្លាតវៃ” (Smart Hub) ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃសេដ្ឋកិច្ចឌីជីថលសកល។ អ្វីដែលកាន់តែពិសេសនោះ គឺការអនុវត្តបច្ចេកវិទ្យា BIM (Building Information Modeling) ដែលនឹងប្រែក្លាយសំណង់នេះឱ្យទៅជា “ឌីជីថលភ្លោះ” (Digital Twin) ដ៏រស់រវើក។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា គម្រោងអគារនេះ មានរួមបញ្ចូលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងថាមពលនិងការថែទាំទុកជាមុន (Predictive Maintenance) ជាគំរូដ៏ឆ្នើមក្នុងការកាត់បន្ថយការភាយចេញឧស្ម័នកាបូន និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា គម្រោងអគារឆ្លាតវៃ GIA Norea មានអគារភ្លោះចំនួនពីរ គឺ GIA Phnom មានកម្ពស់ ៥០ ជាន់ និង GIA Tonle មានកម្ពស់ ២៤ ជាន់ ដែលភ្ជាប់ដោយ Skybridge ផងដែរ។ ចំពោះលក្ខណៈពិសេសសំខាន់ៗរបស់គម្រោងរួមមាន ទឹកធ្លាក់កម្ពស់ ៣០ ម៉ែត្រ, Phnom Sky Walk (Mountain Promenade), Sky Garden និង Executive Sky Lounge និងចំណតធំទូលាយជាច្រើន ដែលបង្កើតបទពិសោធន៍រស់នៅនិងប្រកបអាជីវកម្មប្រកបដោយកិត្យានុភាព និងចីរភាព។ ព័ត៌មានបន្ថែមទាក់ទងគម្រោងសូមទាក់ទងទៅលេខ៖ 086 790 791៕



