សម្រាប់បងប្អូនដែលកំពុងរស់នៅតាមខេត្ត ហើយចង់បានចំណូលច្រើន ពេលនេះឱកាសបានមកដល់ហើយ ព្រោះទាំងអស់គ្នាអាចសម្លឹងមើលរបរ៣ក្រុមនេះ ដែលយើងអាចរកស៊ីនៅផ្ទះបាន ហើយប្រសិនជារកស៊ីត្រូវរបរនេះអាចតទៅដល់កូនចៅក៏មានដែរ។ ជាមួយគ្នានោះដែរ ចាបក្រហមនឹងបង្ហាញនៅរបរ ៣ ដែលអ្នកនៅតាមខេត្តអាចពិចារណារកស៊ីបាន៖
១.របរក្នុងផ្ទះ៖ របរក្នុងផ្ទះនេះក៏ជារបរល្អមួយសម្រាប់អ្នកនៅខេត្ត ប៉ុន្តែមុននឹងចង់ចាប់ផ្តើមរបរនេះយើងត្រូវតែមើលសិនថាទីតាំងនេះមានតំបន់កំសាន្ត ឬរោងចក្រធំៗដែលឬទេ ប្រសិនជាមានយើងអាចធ្វើជាផ្ទះសំណាក់ ឬផ្ទះជួលបើយើងមានទំហំដីធំ។ ព្រោះបើកន្លែងណាមានកន្លែងកំសាន្តស្រស់ស្អាត ទេសភាពខៀវស្រងាត់ ហើយតំបន់នោះមានរោងចក្រធំយើងអាចធ្វើរបរមួយនេះបាន គ្រាន់តែត្រូវការដើមទុនច្រើនបន្តិច ។
២.របរមុខផ្ទះ៖ ចំពោះបងប្អូនដែលមានដីទូលាយនៅមុខផ្ទះ អាចចាប់របរបើកម៉ាតលក់ទំនិញ លក់សម្ភាររបស់កុមារ ឬលក់ចាប់ហួយដែលមានទំនិញគ្រប់ប្រភេទនឹងលក់គ្រឿងអគ្គិសនីក៏បានដែរ។ តែចំពោះរបរនេះបើចង់លក់ដាច់ឬមានអតិថិជនគាំទ្រច្រើន យើងត្រូវតែមានទំនិញលក់ឱ្យបានច្រើនជម្រើស ព្រោះកាលណាដែលគេមកទិញយើងហើយគេសួររករបស់អីមួយ យើងមានរបស់នោះគេហ្នឹងត្រឡប់មកទិញទៀត តែបើគេមកទិញហើយយើងលក់តិចតួចសួរអីក៏មិនមាន គេហ្នឹងមិនមកទិញទៀតឡើយ ។
ជាពិសេសនោះសម្រាប់របរលក់ចាប់ហួយ អ្នកទាំអស់គ្នាត្រូវដឹងថារបរចាប់ហួយ មិនមែនលក់ទំនិញ១០មុខទេ តែជាពហុទំនិញ មានន័យថាលក់ទំនិញលើសពី១០មុខ អាច៣០ទៅ១០០មុខ (បើមានដើមទុនច្រើន) លក់ទំនិញច្រើនមុខ កន្លែងរបស់យើងនឹងមានឱកាសច្រើនជាងតូបផ្សេងៗ ព្រោះបើតូបគេអត់មានទំនិញដែលភ្ញៀវចង់បាន តែយើងមានផ្គត់ផ្គង់ ពេលនោះគេនឹងទិញតែតូបរបស់យើងរហូត។
៣.របរក្រោយផ្ទះ៖ ចំពោះរបរក្រោយផ្ទះនេះ ជារបរត្រូវប៉ាន់មួយសម្រាប់អ្នកនៅតាមខេត្ត ព្រោះទំហំដីអ្នកនៅខេត្តគឺធំទូលាយខ្លាំងណាស់ សម្រាប់របរក្រោយផ្ទះនេះយើងអាចចិញ្ចឹមខ្យង ចិញ្ចឹមកណ្តុរ ចិញ្ចឹមកន្ធាយ ឬចិញ្ចឹមត្រីក៏បានដែរ ដោយសាររបរទាំងនេះជារបរមួយដែលគេចូលចិត្តទិញញាំជារៀងរាល់ថ្ងៃ ហើយប្រសិនជាយើងចិញ្ចឹមបានច្រើនហើយមានម៉ូយក៏អាចរកចំណូលបានច្រើនគួរសមដែរ។
ជាក់ស្តែង ដូចជាម្ចាស់កសិដ្ឋានចិញ្ចឹមព្រាបមួយកន្លែងនៅក្នុងខេត្តកំពត បានច្នៃក្រោយផ្ទះធ្វើជាកន្លែងចិញ្ចឹមព្រាបអាចរកចំណូលបានជាង១ពាន់ដុល្លារនៅក្នុងមួយខែ ហើយមុខរបរមួយនេះមួយថ្ងៃចំណាយពេលតែ ១ម៉ោងអីគឺធ្វើបានហើយ។
បើតាមបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម ម្ចាស់កសិដ្ឋានចិញ្ចឹមព្រាបនៅខេត្តកំពត បានឱ្យដឹងថា មុខរបរចិញ្ចឹមព្រាបនេះគាត់បានចាប់ផ្តើមរយៈពេលជាង១ឆ្នាំជាងហើយ មុខរបរចិញ្ចឹមព្រាបនេះគឺស្រួលចិញ្ចឹមខ្លាំងមែនទែនព្រោះវាស៊ីដំណីតិច តែឆាប់ធំធាត់លឿនមួយខែវាអាចផ្តល់ពងរហូតដល់ ២ដងហើយព្រាបដែលគាត់ចិញ្ចឹមដូចបងប្អូនឃើញនៅក្នុងវីដេអូនេះគឺប្រភេទព្រាបពូជមាន់ដែលគេចិញ្ចឹមសម្រាប់យកសាច់។
បើនិយាយពីចំណីរបស់សត្វព្រាបនេះវិញ គឺចំណីវាស៊ីតិចខ្លាំងមែនទែន ភាគច្រើនចំណីវាស៊ីនោះមានដូចជា ស្រូ ចំណីកូនមាន់ និងធញ្ញជាតិផ្សេងៗដូចជា ពោត សណ្ដែកបាយ ឬសណ្ដែកខៀវ។ជាក់ស្តែង បើនិយាយពីបច្ចេកទេសនៃការចិញ្ចឹមវិញ ម្ចាស់កសិដ្ឋានគាត់បានយកកូនព្រាបចេញពីមេនៅអាយុប្រហែល ៧ ទៅ ១០ ថ្ងៃ ដើម្បីយកមកបញ្ចុកចំណី (លាយស្រដៀងទឹកដោះគោ) ដោយផ្ទាល់ដៃ ដើម្បីឲ្យកូនប្រៀបធំធាត់បានល្អ និងជួយឲ្យមេប្រៀបមានកម្លាំងអាចពងវគ្គបន្តបានលឿន។

បច្ចុប្បន្ននេះ សត្វព្រាបនេះគឺមានតម្រូវការខ្ពស់ខ្លាំងមែនទែននៅក្នុងស្រុក ឱ្យតែយើងចិញ្ចឹមបានល្អគឺមានគេមកទិញដល់កសិដ្ឋានយើងផ្ទាល់តែម្តងព្រោះព្រាបពូជមាន់នេះគេនិយមយកទៅធ្វើជាម្ហូបដូចជា បបរគ្រឿង ស៊ុប ឬបំពង ហើយវាក៏មានសារធាតុចិញ្ចឹមខ្ពស់ ជួយដល់សុខភាពមនុស្សចាស់ផងដែរ។ ចឹងសម្រាប់បងប្អូនដែលស្តាប់វីដេអូនេះចប់ហើយចាប់អារម្មណ៍ចង់ទិញពូជមកចិញ្ចឹម ឬបងប្អូនចង់បានព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខទូរស័ព្ទខាងលើនេះបាន៕


