ការធ្វើអាជីវកម្មក្នុងយុគសម័យបច្ចុប្បន្នដែលទីផ្សារមានការប្រកួតប្រជែងខ្ពស់បែបនេះ តម្រូវឱ្យសហគ្រិនគ្រប់រូបមិនត្រឹមតែមានចក្ខុវិស័យវែងឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមានភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការបត់បែនតាមស្ថានភាពជាក់ស្តែងផងដែរ។ ការពឹងផ្អែកលើប្រភពចំណូលតែមួយ ឬទម្រង់អាជីវកម្មដដែលៗដោយមិនបានត្រៀមទៅលើរឿងដែលអាចនឹងកើតឡើង វាអាចធ្វើឱ្យអាជីវកម្មជួបប្រទះវិបត្តិហិរញ្ញវត្ថុដោយមិនដឹងខ្លួន។ រឿងរ៉ាវរបស់លោក Naresh ដែលជាសហគ្រិនវ័យ ៣៤ ឆ្នាំនៅប្រទេសសិង្ហបុរី គឺជាគំរូដ៏ល្អ និងជាបទពិសោធន៍ដ៏មានតម្លៃមួយក្នុងការគ្រប់គ្រងហានិភ័យ ការផ្លាស់ប្តូរយុទ្ធសាស្ត្រ ខាងក្រោមនេះជាមេរៀន និង យុទ្ធសាស្រ្តដែលអាចយកទៅអនុវត្តតាមបាន :
១. ដើមកំណើតអាជីវកម្ម និងវិបត្តិប្រាក់ចំណេញ
នៅឆ្នាំ ២០២៤ លោក Naresh បានចាប់ផ្តើមអាជីវកម្មដំបូងរបស់លោក ដោយបើកហាង Rollney លក់ការ៉េមនៅក្នុងផ្សារទំនើបធំជាងគេមួយនៅប្រទេសសិង្ហបុរី។ គាត់បានចំណាយទុនវិនិយោគដំបូងសរុប ២៦០,០០០ ដុល្លារសិង្ហបុរី ដោយក្នុងនោះ ៦០% ជាប្រាក់សន្សំផ្ទាល់ខ្លួន និង ៤០% ទៀតជាកម្ចីពីគ្រួសាររបស់លោក។ នៅពេលដែលគាត់សងប្រាក់វិញ គ្រួសាររបស់លោកបានប្រាប់ឱ្យគាត់រក្សាប្រាក់នោះទុកសម្រាប់ពង្រីកអាជីវកម្មបន្ត។ ទោះបីជាហាងដើរទៅមុខបានល្អ និងទទួលបានប្រាក់ចំណេញ ចន្លោះពី ២៥% ទៅ ២៨% ក្នុងឆ្នាំ ២០២៤ ក៏ដោយ ប៉ុន្តែនៅត្រឹមឆ្នាំ ២០២៦ ប្រាក់ចំណេញបានធ្លាក់ចុះយ៉ាងគំហុកមកត្រឹម ៦% ប៉ុណ្ណោះ ដោយសារការកើនឡើងនៃថ្លៃដើម និងការចំណាយ។ ការធ្លាក់ចុះនេះបានធ្វើឱ្យលោក Naresh យល់ឃើញថា ការពឹងផ្អែកលើហាងតែមួយមុខ គឺជាហានិភ័យដ៏គ្រោះថ្នាក់បំផុតសម្រាប់អាជីវកម្មរបស់លោកនៅថ្ងៃមុខ។
២. យុទ្ធសាស្ត្រជំនួសឱ្យការបើកហាងថ្មី
នៅពេលប្រាក់ចំណេញធ្លាក់ចុះ គំនិតដំបូងរបស់លោកគឺចង់បើកហាងលក់ការ៉េម Kiosk មួយទៀតនៅក្នុងផ្សារទំនើបដើម្បីអោយកើនចំណូល។ ប៉ុន្តែបន្ទាប់ពីធ្វើការគណនាយ៉ាងល្អិតល្អន់ គាត់បានរកឃើញថា ការបើកស្តង់ការ៉េមមួយកន្លែងក្នុងផ្សារទំនើបនៅសិង្ហបុរី ដែលមានតម្លៃស្មើនឹងការទិញទូការ៉េម បានចំនួន ៦ ទូ។ គាត់ក៏បានសម្រេចចិត្តវិនិយោគ ១២៥,០០០ ដុល្លារសិង្ហបុរី ដើម្បបង្កើត និងដាក់ដំណើរការទូការ៉េមស្វ័យប្រវត្តិចំនួន ៥ ទូដំបូង។ ការសម្រេចចិត្តនេះជួយកាត់បន្ថយចំណាយលើបុគ្គលិក និងថ្លៃជួលទីតាំង ព្រមទាំងផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំងទូ ប្រសិនបើទីតាំងណាមួយលក់មិនសូវដាច់ ឬមិនទទួលបានផលចំណេញ លោកអាចធ្វើការប្តូរនូវទីតាំងលក់បាន។

៣. ការបង្កើត និងពង្រីកប្រភពចំណូលទាំង ៤
ផ្តើមចេញពីហាងការ៉េមមួយ បានវិវត្តទៅជាប្រព័ន្ធអាជីវកម្មដែលរកប្រភពចំណូល ៤ ច្រកផ្សេងគ្នា។ ដោយប្រភពចំណូលទីមួយ គឺបានមកពីហាងការ៉េមផ្ទាល់ដែលមានអតិថិជនទិញ និង បុគ្គលិកចាំផ្តល់សេវាកម្ម។ ប្រភពទីពីរ គឺប្រាក់ចំណូលផ្ទាល់ពីទូការ៉េមស្វ័យប្រវត្តិ ដែលដាក់តាមទីតាំងប្រជុំជន ដែលអតិថិជនអាចធ្វើការជ្រើសរើសរសជាតិ និង អ្វីដែលពួកគេចង់បាន។ ប្រភពទីបី គឺការលក់សិទ្ធិអាជីវកម្ម ដែលគ្រប់គ្នាស្គាល់ថា ហ្រ្វេនឆាយ ដោយគាត់បានបើកឱកាសឱ្យអ្នកវិនិយោគទិញសិទ្ធិអាជីវកម្មទូការ៉េមក្នុងតម្លៃ ២៨,០០០ ដុល្លារសិង្ហបុរី ក្នុងមួយទូ ដែលបច្ចុប្បន្នមានរហូតដល់ជាង ៣០ ទូ នៅទូទាំងប្រទេសសិង្ហបុរី។ ចំណែកប្រភពទីបួន គឺសេវាកម្មជួលទូក្នុងកម្មវិធី ដោយក្រុមសេវាកម្មរបស់គាត់នឹងទទួលមើលថែ សម្អាត និងបំពេញគ្រឿងផ្សំដាក់ក្នុងទូការ៉េម ព្រមទាំងផ្តល់សេវាជួលទូសម្រាប់កម្មវិធីផ្សេងៗ ដែលជួយបែងចែកថ្លៃដើម និងបង្កើតប្រាក់ចំណេញបន្ថែមទៀតផង។

៤. ស្ថិរភាពហិរញ្ញវត្ថុ
ការខិតខំប្រឹងប្រែងពង្រីកចំណូលរបស់លោក Naresh មិនត្រឹមតែជាមហិច្ឆតាផ្នែកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់របស់លោក។ កាលពីឆ្នាំ ២០១១ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យប៉ះពាល់ឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ ហើយប៉ុន្មានឆ្នាំក្រោយមករបួសរបស់លោកបានធ្វើឱ្យលោកធ្លាក់ខ្លួនឈឺធ្ងន់ និងមិនអាចធ្វើការងារបានជិត ១ ឆ្នាំ។ ក្នុងអំឡុងពេលនោះ លោកគ្មានប្រាក់ចំណូល តែលោកត្រូវចំណាយប្រាក់ច្រើនថ្លៃព្យាបាល ដោយថ្លៃព្យាបាលរបស់លោកមិនត្រូវបានរ៉ាប់រងដោយធានារ៉ាប់រងឡើយ។ បទពិសោធន៍ជីវិតនេះហើយដែលបានផ្លាស់ប្តូរការគិតរបស់លោកទាំងស្រុងលើប្រាក់កាស ដោយធ្វើអោយលោកយល់ថា ជីវិតអាចជួបរឿងដែលមិនរំពឹងទុកគ្រប់ពេលវេលា ហើយការមានប្រភពចំណូលច្រើនច្រក គឺជាខែលការពារហានិភ័យដ៏មានប្រសិទ្ធភាពបំផុត។

រឿងរ៉ាវរបស់លោក Naresh បានបង្ហាញថាការបត់បែន និងភាពច្នៃប្រឌិត គឺជារឿងដែលសំខាន់សម្រាប់ភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម។ នៅពេលដែលយើងជួបប្រទះវិបត្តិ មិនត្រូវបោះបង់ចោលភ្លាមៗនោះទេ ត្រូវតែស្វែងរកវិធីសាស្ត្រថ្មីក្នុងការលក់អោយមានភាពច្នៃប្រឌិត ហើយផ្តល់ភាពងាយស្រួលដល់ទីផ្សារឱ្យកាន់តែទូលំទូលាយជាងមុន នោះភាពជោគជ័យនឹងមានសម្រាប់យើង។
ប្រភពនៃអត្ថបទ : កម្មវិធី Money Mind របស់ CNA Insider


