មិនត្រឹមតែជាតួអង្គសំបូរស្នេហ៍ តែជីវិតក្រៅឆាករបស់ យៀក ហ្វៃ គឺជាសេដ្ឋីប្រាក់លានដុល្លារ
Kan DaraMARCH 7 2023704 views

គ្រាន់​តែ​និយាយ​ពី​​ឈ្មោះ យៀក ហ្វៃ មិត្តអ្នកអាន​​​ប្រាកដ​ជា​​នឹក​​ឃើញ​​ភ្លាម​ទៅ​ដល់​ខ្សែ​ភាពយន្ត​បុរាណ​ចិន​បែប​ប្រវត្តិ​សាស្ត្រ​​ General Yue Fei ដែល​​ខ្មែរ​ហៅ​ថា​ មេទ័ពយៀក ហ្វៃ បានអន្ទងចិត្តអ្នកទស្សនាឲ្យតាមដានដាច់បាយដាច់ទឹកក្នុងតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ។ បើយើងរូតវាំងននមើលប្រវត្តិក្រៅឆាករបស់តួអង្គមេទ័ពសម្បូរស្នេហ៍នេះវិញ មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហាទេ ថែមទាំងជាសេដ្ឋីលាក់មុខទៀតផង។

១

វីរបុរសជិះសេះកាន់លំពែងចូលប្រយុទ្ធក្នុងសមរភូមិសម្លាប់សត្រូវមិនញញើតដៃដើម្បីជាតិតួអង្គមេទ័ព យៀក ហ្វៃ មានឈ្មោះពិតថា Huang XiaomingMark Huang កើតក្នុងឆ្នាំ១៩៧៧ លើទឹកដីទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។ ក្នុងនាមជាកូនប្រុសទោលនៃគ្រួសារមួយដែលមាន ឪពុក​​ជា​វិស្វករ ខណៈ​ម្តាយជា​គណនេយ្យករ Huang បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យពីវិទ្យាស្ថានសម្តែងនៃបណ្ឌិតសភាភាពយន្តប៉េកាំង(Beijing Film Academy) ក្នុងឆ្នាំ២០០០។

៤៤

ងាកមកមើលដំណើរជីវិតសិល្បៈរបស់ Huang វិញលោកបានចូលសម្តែងតាំងពីវ័យ៩ឆ្នាំមកម្ល៉េះដែលត្រូវបានជ្រើសរើសដោយស្ទូឌីយោភាពយន្ត ដើម្បីដើរតួជាតួឯកកុមារនៅក្នុងខ្សែភាពយន្តមួយកាលពីឆ្នាំ ១៩៨៤ ប៉ុន្តែដោយសារមិនសូវចូលចិត្ត និងមានភាពអៀនខ្មាសច្រើនទៀតនោះការសម្តែងនេះត្រូវបានលុបចោលវិញ។ ក្រោយមកលោកបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿង "Love is Not a Game" ឆ្នាំ១៩៩៨។ តារាប្រុសកម្ពស់១៩០cmរូបនេះ ផ្ទុះការចាប់អារម្មណ៍និងទទួលបានភាពល្បីល្បាញក្នុងឆ្នាំ២០០១ សម្រាប់ការដើរតួជាអធិរាជ Wu Han ក្នុងរឿងភាគទូរទស្សន៍ The Prince of Han Dynasty។ ក្នុងឆ្នាំ២០០៧ លោក Huang បានចុះកិច្ចសន្យាជាមួយ Huayi Brothers ហើយចាប់ផ្តើមផ្តោតលើអាជីពភាពយន្តរបស់លោក ដោយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដូចជា The Sniper (២០០៩), The Message (២០១០) និង Sacrifice (២០១០)ជាដើម។

៣៣

ចាប់តាំងពីការបោះជំហានប្រឡូកចូលវិថីសិល្បៈពេញលេញដំបូងនៅឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២២ យោងតាមគេហទំព័រ mydramalist លោកធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តដុំចំនួន៣៥រឿង និងរឿងភាគទូរទស្សន៍ចំនួន២៦រឿង។ ក្នុងនោះលោកក៏បានចេញអាល់ប៊ុមធំៗចំនួន២ និងបទចម្រៀងទោលចំនួន២២បទផងដែរ។ លោក Huang បានឈ្នះពានរង្វាន់ខ្សែភាពយន្តនិងទូរទស្សន៍ចំនួន៣១ ពានរង្វាន់តន្រ្តីចំនួន៧ និងពានរង្វាន់ផ្សេងៗទៀតចំនួន២៣ពាន រួមទាំងបានជាប់ឈ្មោះក្នុងបញ្ជីទស្សនាវដ្តី Forbes ជាតារាមានប្រជាប្រិយភាពបំផុតទី៤ របស់ប្រទេសចិន។

ក្រៅពីអាជីពជាតារាសម្តែង តារាចម្រៀង និងតារាម៉ូឌែល បុរសសាច់ចាំ Huang Xiaoming ក៏ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Huayi Brothers Media Corporation ដែលមានភាគហ៊ុនប្រហែល ១.៨លានហ៊ុន ខណៈទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ ៨០លានដុល្លារគិតត្រឹមខែមីនា ឆ្នាំ២០២៣ ចេញផ្សាយដោយគេហទំព័រ All Famous Birthday។

៥៥

ចំពោះជីវិតគ្រួសារតួសម្តែងប្រុសវ័យ៤៤ឆ្នាំរូបនេះ បានរៀបការជាមួយអ្នកនាង Angelababy ដែលជាអ្នកសិល្បៈដូចគ្នាក្នុងឆ្នាំ២០១៥ ដោយបង្កើតបានកូនប្រុសម្នាក់ជាចំណងដៃក្នុងឆ្នាំ២០១៧។ ប៉ុន្តែស្នេហាអ្នកទាំងពីរបានដើរដល់ទីបញ្ចប់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយលោក Huang និងភរិយា បានប្រកាសពីការលែងលះរបស់ពួកគេជាផ្លូវការ៕

២២

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia