ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ទៅ ក្រសួងពាណិជ្ជកម្មបានកំណត់ឲ្យដាក់លក់ប្រេងសាំងធម្មតា (Gasoline 92) តម្លៃ ៥ ៥០០ រៀលក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត (Gasoil 10ppm) តម្លៃ ៨ ២០០ រៀល។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅមុននេះបន្ដិច។
បើប្រៀបធៀបតម្លៃចាស់ដែលក្រសួងពាណិជ្ជកម្មបានកំណត់ឲ្យដាក់លក់កាលពីថ្ងៃទី៤ ខែមេសា កន្លងទៅបានឲ្យឃើញថា តម្លៃសាំងធម្មតានៅរក្សាតម្លៃដដែល ប៉ុន្ដែសម្រាប់ប្រេងម៉ាស៊ូត គឺមានការឡើងថ្លៃ ១០០ រៀលក្នុង ១ លីត្រ ដោយតម្លៃចាស់បានកំណត់ឲ្យដាក់លក់ ៨ ១០០ រៀលក្នុង ១ លីត្រតែប៉ុណ្ណោះ។
យ៉ាងណាក្ដី ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសម្រាលបន្ទុកដល់អាជីវករចែកចាយប្រេងឥន្ធនៈនៅកម្ពុជា រាជរដ្ឋាភិបាលបានគោលការណ៍សំខាន់ដូចខាងក្រោម៖
១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារក្នុង ១ លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ
២. បន្តបញ្ចុះ ១សេនដុល្លារក្នុង ១ លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារក្នុង ១ បារ៉ែល
៣. ពន្ធគយ ០ (សូន្យ) ដុល្លារ
៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។



