ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយកំណត់ថា ប្រេងសាំងធម្មតា Gasoline 92 ត្រូវលក់ក្នុងតម្លៃ ៥,០០០ រៀលក្នុងមួយលីត្រ ខណៈ ប្រេងម៉ាស៊ូត Gasoil 10ppm ត្រូវលក់ក្នុងតម្លៃ ៥,៤០០រៀលក្នុងមួយលីត្រ។
គួរជម្រាបផងដែរថា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ រាជរដ្ឋាភិបាលបាន៖
១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ
២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារបារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល
៣. ពន្ធគយ ០ (សូន្យ) ដុល្លារ
៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕



