អបអរ! កម្ពុជានឹងមានរោងចក្រតម្លើងរថយន្ត GAC ជាមួយសមត្ថភាពតម្លើងរថយន្តដល់១ម៉ឺន៥ពាន់គ្រឿងក្នុងមួយឆ្នាំ
Sakada KhonSEPTEMBER 19 2025

ភ្នំពេញ, ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ - ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd., ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន TH Group, បាន​ប្រកាស​ពី​សមិទ្ធផល​ដ៏​សំខាន់​ពីរ​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​នេះ​នៅ​ក្នុង​អគារ​តាំង​បង្ហាញ​រថយន្ត GAC Cambodia ដោយក្រុមហ៊ុន​នេះ​បាន​ទទួល​ជា​ផ្លូវការ​នូវ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​រោងចក្រ​ដំឡើង​យានយន្ត​នៅ​កម្ពុជា និង​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU) ផ្តាច់​មុខ​ជាមួយ​ក្រុមហ៊ុន GAC International Co., Ltd. ដើម្បី​ដំឡើង​រថយន្ត GAC នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​គណអធិបតីរួម​មាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​លោក Yu Jun (យូ ជុន) អនុប្រធាន​ក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. រួម​ជាមួយ​នឹង​លោក ណម តុង អគ្គនាយកនៃ​ក្រុមហ៊ុន TH Group និង​លោក ណម ហាវ នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន TH Group តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា អ្នកស្រី Zhong Jie ព្រម​ទាំង​សិល្បករ អ្នក​មាន​ឥទ្ធិពល អ្នក​បង្កើតមាតិការ និង សារព័ត៌មានជាតិ និង អន្តរជាតិជាច្រើន។

Photo 2025 09 19 19.30.03

លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន TH Group បានរំលឹកអំពីសវតានៃការសហការដំបូងរវាង TH Group និង GAC ដោយលោកមានប្រសាសន៍ថា​ «ក្នុងដំណើររបស់យើង យើងបានចាប់ផ្ដើមជាមួយនឹង GAC នៅក្នុងទីផ្សារប្រទេសកម្ពុជានៅឆ្នាំ ២០១៩ ជាមួយនឹងចក្ខុវិស័យដ៏ច្បាស់លាស់ ក្នុងគោលបំណងណែរនាំរថយន្តម៉ាក GAC ដែលជារថយន្តមានគុណភាពខ្ពស់ និង បច្ចេកវិទ្យាលំដាប់ពិភពលោកជូនបងប្អូនប្រជាជនកម្ពុជា យើងក៏ចង់ផ្ដល់ជូននូវជម្រើសថ្មីដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលជាឱកាសសម្រាប់បងប្អូនប្រើប្រាស់លក្ខណៈគ្រួសារ ក្នុងការផ្លាស់ប្ដូរនៃការប្រើប្រាស់រថយន្តមួយទឹកហើយមកជារថយន្តថ្មី ដែលអាចផ្ដល់ទាំងសុខសុវត្ថិភាព ភាពជឿជាក់ និង នវានុវត្តន៍ក្នុងតម្លៃមួយដែលសមរម្យបំផុត»។

នាយកប្រតិបត្តិជាន់ខ្ពស់ដដែលនេះក៏បានកោតសរសើរអំពីគុណភាពរបស់រថយន្តនេះ​ ដែលវិវត្តន៍ខ្លួនក្លាយជាយីហោរថយន្តចិនដែលលក់ដាច់បំផុតនៅកម្ពុជា ហើយកត្តានេះទើបជម្រុញឱ្យ TH Group បណ្ដាក់ទុនវិនិយោគលើរោងចក្រតម្លើងរថយន្តនៅកម្ពុជាយើងផ្ទាល់តែម្ដង។

Ds C05907

ការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត GAC បើក​ទំព័រ​ថ្មី​មួយ​សម្រាប់​ឧស្សាហកម្ម​រថយន្ត​របស់​កម្ពុជា ដោយបាន​ដាក់​កម្ពុជា និង​ក្រុម​ហ៊ុន TH Group ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ និង​គួរ​ឱ្យ​ទុក​ចិត្ត​សម្រាប់ប្រទេសចិន និង ក្រុមហ៊ុន GAC ដែល​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ម៉ាក​យីហោ​នេះ​កាន់តែ​រឹងមាំ​សម្រាប់​ពេល​អនាគត។ រោងចក្រថ្មីស្រឡាង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើត​ការងារ​រាប់​រយ​កន្លែង និង​ធ្វើ​ឱ្យ​រថយន្ត​ថ្មី​ដែល​មាន​គុណភាព​ខ្ពស់​កាន់តែងាយស្រួលក្នុងការទិញយកទៅប្រើប្រាស់​សម្រាប់​ប្រជាជន​កម្ពុជា។

អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. លោក Yu Jun បានលើកបង្ហាញអំពីបរិយាកាសអាជីវកម្មដ៏អំណោយផលរបស់កម្ពុជា ជាមួយនឹងសក្ដានុពលទីផ្សារយានយន្តដ៏ល្អ ព្រមទាំងធនធានមនុស្សរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសំខាន់មួយសម្រាប់ GAC នៅអាស៊ីអាគ្នេយ៍។

Ds C05918

ភាព​ជោគជ័យ​នេះ​ជា​សក្ខីភាព​នៃ​ចក្ខុវិស័យ​រយៈ​ពេល​វែង​របស់​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន TH Group ដែល​ប្តេជ្ញា​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល ដោយកិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ស្រប​នឹង​ចក្ខុវិស័យ​ជាតិ​សម្រាប់​កម្ពុជា ឆ្នាំ ២០៣០ និង ២០៥០។

ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. មានទំហំប្រមាណ ១៩ លាន​ដុល្លារ​អាមេរិក ដែលរោងចក្រនេះ មាន​ទីតាំង​លើ​ផ្ទៃដី ១១ ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំង រោងចក្រ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើត​ការងារ​ចន្លោះ​ពី ៤០០ ទៅ ៦០០ កន្លែង និង​មាន​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​ពី ១០,០០០ ទៅ ១៥,០០០ គ្រឿង។

សម្រាប់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ហើយបានបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុននានា បណ្ដាក់ទុនវិនិយោគដំឡើងរថយន្តថ្មី ដើម្បីប្រជាជនកម្ពុជាមានជម្រើសកាន់តែសម្បូរបែបក្នុងការប្រើប្រាស់រថយន្តថ្មី កាត់បន្ថយការប្រើប្រាស់រថយន្តមួយទឹក។

Ds C05950

ចាប់​តាំង​ពី​ឆ្នាំ ២០២០ មក GAC Cambodia ស្ថិតក្រោម​ការគ្រប់គ្រងដោយក្រុមហ៊ុន TH Group គឺ​ជា​អ្នក​នាំ​ចូល និង​ចែកចាយ​ផ្តាច់​មុខ​នូវ​រថយន្ត និង​គ្រឿង​បន្លាស់ GAC នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ត្រឹម​តែ​រយៈ​ពេល​ជាង ៥ ឆ្នាំ​ប៉ុណ្ណោះ ម៉ាក​យីហោ​នេះ​បាន​ឃើញ​ការ​ពង្រីក​យ៉ាង​ឆាប់រហ័ស ហើយ​គិត​ត្រឹម​ឆ្នាំ ២០២៥ GAC ឈរ​ជា​ម៉ាក​រថយន្ត​ចិន​លំដាប់ជួរមុខ​នៅ​កម្ពុជា។

Photo 2025 09 19 19.30.28

Photo 2025 09 19 19.31.25

Photo 2025 09 19 19.31.49

Photo 2025 09 19 19.33.25

Photo 2025 09 19 19.33.56

Photo 2025 09 19 19.34.22

អំពី​ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.:

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន TH Group ដែល​ជា​ក្រុមហ៊ុន​ពហុ​ធុរកិច្ច​ឈាន​មុខ​គេ​របស់​កម្ពុជា។ ក្រុមហ៊ុន​នេះ​ប្តេជ្ញា​លើក​កម្ពស់​ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជា តាម​រយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ការ​ផលិត​ក្នុង​ស្រុក។

អំពី​ក្រុមហ៊ុន GAC International Co., Ltd.:

ក្រុមហ៊ុន GAC International Co., Ltd. គឺ​ជា​ផ្នែក​សកល​របស់​ក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​មួយ​របស់​ចិន។ ក្រុមហ៊ុន​នេះ​បាន​ប្តេជ្ញា​ពង្រីក​វត្តមាន​ម៉ាក​យីហោ និង​សមត្ថភាព​ផលិត​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia