រាជរដ្ឋាភិបាលបានត្រៀមរៀបចំកម្មវិធីចាប់ផ្តើមអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ «កំណាត់ទី២» ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់ប្រទេសកម្ពុជា។ ដោយកម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមការចេញផ្សាយដោយអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអញ្ជើញចូលរួមអម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីចាប់ផ្តើមអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ «កំណាត់ទី២» ដែលនឹងប្រារពធ្វើឡើងនៅក្នុងខែមេសាឆ្នាំ២០២៦ ខាងមុខនេះ។

កិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន Funan Techo Coastal-Inland Waterways Company Limited និងលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ ខណៈគម្រោងនេះចែកចេញជាពីរកំណាត់គឺ៖ កំណាត់ទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងកំណាត់ទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ៕



